ជាតិ
សង្គមជាតិ
ដំណាំស្រូវជិត៣ពាន់ហិកតានៅខេត្តកំពង់ធំ រងការខូចខាតដោយសារគ្រោះទឹកជំនន់ រូបភាពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
× ភ្នំពេញ៖ គ្រោះទឹកជំនន់នៅឆ្នាំនេះ បានធ្វើឲ្យខូតខាតដំណាំស្រូវសរុបប្រមាណ២.៨១៣ហិកតា នៅស្រុកចំនួន៥ ក្នុងខេត្តកំពង់ធំ។ បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ស្ថានភាពទឹកនៅខេត្តកំពង់ធំនៅថ្ងៃទី១៨ ខែកញ្ញា មានកម្ពស់ដល់១៣.៦១ម៉ែត្រ។
របាយការណ៍ដែលបង្ហាញដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ដំណាំស្រូវជិត ៣ពាន់ហិកតានៅខេត្តកំពង់ធំ បានរងការប៉ះពាល់ដោយសារគ្រោះទឹកជំនន់ គឺនៅក្នុងស្រុកចំនួន៥រួមមាន ស្រុកសណ្តាន់ ចំនួន ៥៥២ហិកតា ស្រុកប្រាសាទសំបូរចំនួន ១៥៥០ហិកតា ស្រុកស្ទោងចំនួន២៣៨ ហិកតា ស្រុកសន្ទុកចំនួន២៣៥ហិកតា និងស្រុកកំពង់ស្វាយចំនួន៣៨ហិកតា។ សម្រាប់ដំណាំស្រូវដែលមានលក្ខណៈជាគ្រួសាររងការខូចខាតសរុបចំនួន១០ហិកតាផងដែរនៅស្រុកប្រាសាទសំបូរ។
រូបភាពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
ផ្ទៃដីភ្ជួររាស់នៅខេត្តកំពង់ធំនៅរដូវវស្សាឆ្នាំនេះ មានសរុបចំនួន ២២១.៤៩០ហិកតា ក្នុងនោះភ្ជួរដោយគ្រឿងយន្តកសិកម្មចំនួន ២១៦.៣៤១ហិកតា និងភ្ជួរដោយគោក្របីចំនួន៥.១៤៩ហិកតា និងផ្ទៃដីសំណាបសរុបចំនួន១.០៧៦ហិកតា។ សម្រាប់ផ្ទៃដីអនុវត្តភ្ជួររាស់ដំណាំស្រូវមានសរុបចំនួន២២១.០១៣ហិកតា ស្មើនឹង១០៣.៦២ភាគរយ នៃផែនការ២១៣.៣០០ហិកតា ធៀបទៅឆ្នាំមុនដូចគ្នា ទាបជាងចំនួន៥០២ហិកតា។ ចំណែកផ្ទៃដីប្រមូលស្រូវស្រាលដើមរដូវវស្សាមានចំនួន២៦.៩៨៤ហិកតា ដែលទិន្នន័យជាមធ្យម ៣.៩១៨តោនក្នុងមួយហិកតា។ នេះបើតាមរបាយការណ៍ស្តីពីស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវវស្សានៅឆ្នាំ២០១៩។
លោក កាន សាឡន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបញ្ជាក់ថា ដំណាំស្រូវនៅខេត្តកំពង់ធំអនុវត្តបានចំនួន ៥៣.១៣៨ហិកតា បើធៀបទៅនឹងឆ្នាំមុនដូចគ្នា គឺទាបជាងចំនួន២.៥៩៦ហិកតា។ លោកបញ្ជាក់ថា តម្លៃស្រូវសើមពូជ ៥៤៥១ មានតម្លៃចន្លោះចាប់ពី៨១០រៀល ទៅ៨២០រៀល ក្នុងមួយគីឡូក្រាម ចំណែកពូជ៥០៤ មានតម្លៃចន្លោះចាប់ពី៦២០រៀល ទៅ ៦៥០រៀលក្នុងមួយគីឡូក្រាម៕
Tag:
ដំណាំ
ស្រូវ
គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com