កូរ៉េខាងត្បូង​៖ អ្នកមាន​ជាង​២០០​នាក់ ត្រូវបាន​ស៊ើបអង្កេត​ជុំវិញ​ករណី​គេច​មិន​បង់ពន្ធ​
អន្តរជាតិ
កូរ៉េខាងត្បូង​៖ អ្នកមាន​ជាង​២០០​នាក់ ត្រូវបាន​ស៊ើបអង្កេត​ជុំវិញ​ករណី​គេច​មិន​បង់ពន្ធ​
20, Sep 2019 , 8:59 am        
រូបភាព
ទីស្នាក់ការអង្គភាពពន្ធដារកូរ៉េខាងត្បូង ។ (រូបភាព Business Korea)
ទីស្នាក់ការអង្គភាពពន្ធដារកូរ៉េខាងត្បូង ។ (រូបភាព Business Korea)
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​អង្គភាព​ពន្ធដារ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៩ ខែកញ្ញា បានប្រកាស​ពី​ដំណើរការ​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​មួយ ត្រូវបានធ្វើ​ឡើងលើ​ពួក​អ្នកមាន​រាប់រយ​នាក់​ជុំវិញ​បញ្ហា​គេចពន្ធ​នៅ​កូរ៉េខាងត្បូង​។ ការស៊ើបអង្កេត​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការបង្ក្រាប​អ្នក​គេចវេស​មិន​បង់ពន្ធ ទោះជា​រកចំណូលបាន​ច្រើនក្ដី​។​



​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ជាតិ​កូរ៉េខាងត្បូង (NTS) បាន​និយាយថា ការស៊ើបអង្កេត​ចុងក្រោយ​លើ​ករណី​មិន​បង់ពន្ធ​នេះ ផ្តោតលើ​អ្នកមាន​ចំនួន ២១៩​នាក់ ដែល​ជាំ​ម្ចាស់​ក្រុមហ៊ុន និង​កូនៗ​របស់​ពួកគេ​។ ប៉ុន្តែ​អង្គភាព​មួយ​នេះ  មិនបាន​បញ្ជាក់​ពី​ឈ្មោះ​របស់​ពួកគេ​ឡើយ​។​

​បូករួម​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​បុគ្គល​ដែលជា​មុខសញ្ញា​ស៊ើបអង្កេត មាន​ដល់​៩,២​ទ្រី​លាន​វ៉ុ​ន ដែល​ស្មើនឹង​៧,៧​ពាន់​លាន​ដុល្លារ​ឯណោះ​។ នេះ​បើតាម​ប្រភពព័ត៌មាន​ដដែល​។​
​ភ្នាក់ងារ​ដដែល​បាន​បន្ថែមថា ពួកគេ​រករ​ឃើញ​ករណី​គួរ​ឲ្យ​សង្ស័យ​ជាច្រើន​ពាក់ព័ន្ធ​សមកម្ម​ភាព​គេចពន្ធ​ដូចជា​ការផ្ទេរ​ទ្រព្យសម្បត្តិ​ខុសច្បាប់ និង​ការប្រើប្រាស់​មូលនិធិ​សាជីវកម្ម​សម្រាប់​កូនៗ​របស់​ពួកគេ​ដែល​កំពុង​សិក្សា​នៅ​បរទេស​ជាដើម​។

​តាំងពី​ឆ្នាំ​២០១៧ ភ្នាក់ងារ​សេវាកម្ម​ពន្ធដា​ជាតិ​បាន​ប្រមូល​ពន្ធ​សរុប​ចំនួន ១០៧​ទ្រី​លាន​វ៉ុ​ន​ពី​ក្រុម​អ្នក​គេចពន្ធ​។ នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ សេវាកម្ម​ពន្ធ​ជាតិ​កូរ៉េខាងត្បូង​បានប្រកាស​ឈ្មោះ​ជា​សាធារណៈ​បុគ្គល​ចំនួន ៥,០២១​នាក់ និង​ក្រុមហ៊ុន​ចំនួន ២,៣៣៦ ព្រមទាំង​ចំនួន​ទឹកប្រាក់​ដែល​ពួកគេ​មិនបាន​បង់​នៅលើ​គេហទំព័រ​របស់ខ្លួន ក្នុង​គោលបំណង​ដើម្បី​ប​ង្ខ្ឱំ​ពួកគេ​ឲ្យ​បង់ពន្ធ​៕


© រក្សាសិទ្ធិដោយ thmeythmey.com