កម្ពុជា​នៅតែមាន​គម្លាត​ពី​អ៊ីរ៉ង់​ដល់​ទៅ​១៤៦​លេខ​ក្នុង​តារាង FIFA Ranking
FIFA
កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
កម្ពុជា​នៅតែមាន​គម្លាត​ពី​អ៊ីរ៉ង់​ដល់​ទៅ​១៤៦​លេខ​ក្នុង​តារាង FIFA Ranking
19, Sep 2019 , 6:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា នៅ​រក្សា​ចំណាត់ថ្នាក់​ទី​១៦៩​ដដែល​ក្នុង​តារាង​ចំណាត់ថ្នាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA World Ranking) នៅ​ខែកញ្ញា​នេះ បើ​ទោះ​កើន​១​ពិន្ទុ​ក្តី​។ ចំណាត់ថ្នាក់​នេះ មានន័យថា​កម្ពុជា​ស្ថិតក្រោម​ជម្រើសជាតិ​អ៊ីរ៉ង់​ចំនួន​១៤៦​លេខ ខណៈដែល​ពួកគេ​រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង​ក្នុង​តំបន់​អាស៊ី​ដដែល​។​

​ការរក្សា​ចំណាត់ថ្នាក់​ដដែល​នេះ គឺ​យោងតាម​លទ្ធផល​២​ប្រកួត​ចុងក្រោយ​របស់​កម្ពុជា ក្នុងនោះ​ស្មើ​ជាមួយ​ហុងកុង ១-១ និង​ចាញ់​បា​រ៉ែ​ន ១-០ នា​ការប្រកួត​ជម្រុះ​ជុំ​ទី​២ ពូ​ល C នៃ​ព្រឹត្តិការណ៍ World Cup 2022​។​

 រីឯ​អ៊ីរ៉ង់​ដែល​នឹងត្រូវ​ស្វាគមន៍​ក្រុម​គោព្រៃ​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែតុលា បើទោះជា​មិនបាន​កើន​ពិន្ទុ​បន្ថែម​ក្តី ប៉ុន្តែ​ពួកគេ​នៅ​រក្សា​ចំណាត់ថ្នាក់​ទី​២៣​ពិភពលោក និង​កំពូល​នៅ​តំបន់​អាស៊ី​ដដែល ស្របពេល​ជប៉ុន កូរ៉េខាងត្បូង​នៅ​លេខ​រៀង​បន្តបន្ទាប់​។​
 
 វៀតណាម​បាន​ធ្លាក់​ពី​លេខ​៩៦ ទៅ​៩៩ តែ​នៅមាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​សម្រាប់​តំបន់​អាស៊ាន ដោយ​ឈរ​ពីលើ​ថៃ​ដែល​ឡើង​ពី​លេខ​១១៦ ទៅ​១១៤ ហ្វីលីពីន (១២៦​ធ្លាក់​ទៅ​១២៧) មី​យ៉ាន់​ម៉ា (​ធ្លាក់​ពី​១៣៥ ទៅ​១៤៥) សិង្ហ​បុរី (​ឡើង​ពី​១៦២​ទៅ​១៥៧) ម៉ាឡេស៊ី (​ឡើង​ពី​១៥៩​ទៅ​១៥៨) និង​ឥណ្ឌូនេស៊ី (​ធ្លាក់​ពី​១៦០​ទៅ​១៦៧)​។ កម្ពុជា ឈរ​ពីលើ​ឡាវ (១៨៧) ព្រុយ​ណេ (១៩១) និង ទី​ម័​រ​ខាងកើត (១៩៩)​។​
 
​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​ចំណាត់ថ្នាក់​នៅ​តំបន់​អាស៊ាន​នេះ គឺ​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​រហូតដល់​ទៅ​១០​លេខ ហើយ​ឥណ្ឌូណេស៊ី​ធ្លាក់​៧​លេខ​។​
 
​ក្នុង​តំបន់​អាស៊ី (AFC) អ៊ីរ៉ង់​ការពារ​ចំណាត់ថ្នាក់​ទី​១ (២៣​ពិភពលោក​) ជប៉ុន​នៅ​លេខ​២ (៣១​ពិភពលោក​) កូរ៉េខាងត្បូង (៣៧) អូស្ត្រាលី (៤៤) កាតា (៦២) អេ​មី​រ៉ា​ត​អារ៉ាប់​រួម (៦៦) ចិន (៦៨) អា​រ៉ា​ប៊ី​សា​អូឌីត (៧០) អ៊ីរ៉ាក់ (៧៩) នៅ​លេខ​រៀង​បន្តបន្ទាប់​។ 
 
​រីឯ​ចំណាត់ថ្នាក់​កំពូល​លើ​លោក បែលហ្ស៊ិក​នៅតែ​រក្សា​ចំណាត់​ទី​១​របស់ខ្លួន​ដដែល​ក្នុង​តារាង FIFA World Ranking តាម​ពីក្រោយ​ដោយ​បារាំង ប្រេ​ស៊ី​ល អង់គ្លេស ព័រ​ទុយ​ហ្គា​ល់ អ៊ុយ​រូ​ហ្គា​យ អេ​ស្ប៉ា​ញ ក្រូ​អាស៊ី កូ​ឡុំ​ប៊ី និង​អា​ហ្ស​ង់​ទីន​ដែល​ស្ថិតក្នុង​តំបន់ Top 10៕

 

Tag:
 FIFA Ranking
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com