អន្តរជាតិ
អតីត​ប្រធានាធិបតី​ទុយ​នី​ស៊ី បេន អា​លី ទទួលមរណភាព​ក្នុង​អាយុ​៨៣​ឆ្នាំ​
20, Sep 2019 , 10:25 am        
រូបភាព
អតីតប្រធានាធិបតីទុយនីស៊ី ហ្ស៊ីន អែល អាប៊ីឌីន បេន អាលី ពេលនៅកាន់អំណាច។ រូបភាព AFP
អតីតប្រធានាធិបតីទុយនីស៊ី ហ្ស៊ីន អែល អាប៊ីឌីន បេន អាលី ពេលនៅកាន់អំណាច។ រូបភាព AFP
​អតីត​ប្រធានាធិបតី​ទុយ​នី​ស៊ី ហ្ស៊ី​ន អែល អា​ប៊ី​ឌី​ន បេន អា​លី (Zine El Abidine Ben Ali) បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​នៅឯ​ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត ជាទី​ដែល​លោក​រស់នៅ​ដោយ​និរទេស​ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១១ មក​។ លោក បេន អា​លី ដឹកនាំ​រដ្ឋ​អាហ្វ្រិក​ខាងជើង​មួយ​នេះ​រយៈពេល​២៣​ឆ្នាំ មុននឹង​អស់អំណាច​ដោយសារ​បដិវត្ត​ន៍​អារ៉ាប់​។ តម​ក បដិវត្តន៍​នេះ ក៏​ធ្វើ​ឲ្យ​រញ្ជួយ​នយោបាយ​មជ្ឈិមបូព៌ា និង​នៅក្នុង​ប្រទេស​ដែលមាន​មេដឹកនាំ​កាន់​យូរ​ឆ្នាំ​។​



​មេដឹកនាំ​ទីមួយ​ដែល​អស់អំណាច​ដោយសារ​បដិវត្តន៍​អារ៉ាប់ លោក ហ្ស៊ី​ន អែល អា​ប៊ី​ឌី​ន បេន អា​លី បានទទួល​មរណភាព​ក្នុង​វ័យ​៨៣ ។ នេះ​ការបញ្ជាក់​របស់​ក្រសួងការបរទេស​ទុយ​នី​ស៊ី ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​២០ ខែកញ្ញា​។ មេធាវី​របស់លោក ក៏បាន​បញ្ជាក់​ពី​មរណភាព​នេះដែរ ដោយ​ស្រង់​ប្រភពពី​គ្រួសារ និង​គ្រូពេទ្យ​របស់លោក បេន អា​លី ផ្ទាល់​។ លោក បេន អា​លី បាន​ភៀសខ្លួន​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ឆ្នាំ​២០១១ បន្ទាប់​ចុះចេញ​ពី​តំណែង​ប្រធានាធិបតី​ក្រោម​សម្ពាធ​ដ៏​ខ្លាំងក្លា​នៃ​របស់​ប្រជាជន​។

​នៅ​ឆ្នាំ​១៩៨៧ លោក បេន អា​លី ធ្វើ​រដ្ឋប្រហារ​មិន​បង្ហូរឈាម​មួយ​ផ្ដួល​នាយករដ្ឋមន្ត្រី Habib Bourguiba ដែលជា​បិតា​ឯករាជ្យ​ទុយ​នី​ស៊ី​។ លោក បេន អា​លី ត្រូវបាន​គេ​ឃើញថា មេដឹកនាំ​ម្នាក់​ដែល​អាច​តទល់​លទ្ធិ​ជ្រុលនិយម​ក្នុង​តំបន់ ហើយ​បានប្រែក្លាយ​ទុយ​នី​ស៊ី​ទៅជា​ប្រទេស​មាន​និន្នាការ​កណ្ដាល​ក្នុង​ពិភពលោក​អារ៉ាប់​។ យ៉ាងណាមិញ លោក បេន អា​លី បែរជា​ងប់​នឹង​អំណាច កែ​រដ្ឋធម្មនុញ្ញ​ជា​បន្តបន្ទាប់​ដើម្បី​តំណែង​របស់ខ្លួន​។​

​នៅ​ឆ្នាំ​២០១០ អ្នក​ដូរ​តាមផ្លូវ​ម្នាក់ បាន​ដុត​ខ្លួនឯង​ដើម្បី​តវ៉ា​ភាព​អត់​ការងារ​ធ្វើ និង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ប៉ូលិស​ទុយ​នី​ស៊ី​។ ហេតុការណ៍​នេះ ហើយ​ជា​ឆ្នួន​បញ្ឆេះ​ឲ្យ​មាន​បដិវត្តន៍​អារ៉ាប់​នៅ​ទុយ​នី​ស៊ី និង​ការតវ៉ា​ប្រឆាំង​ការដឹកនាំ​របស់លោក បេន អា​លី ។ មនុស្ស​ច្រើនជាង​៣០០​នាក់ បាន​បាត់​បង់ជីវិត​ក្នុងការ​បង្ក្រាប​ដោយ​រដ្ឋាភិបាល​។ ការ​ងើបឡើង​របស់​ប្រជាជន​ទុយ​នី​ស៊ី​ក៏​ជោគជ័យ ដោយ​លោក បេន អា​លី ចុះចេញ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១១ ។

​ការ​ងើបឡើង​របស់​ប្រជាជន​ទុយ​នី​ស៊ី​ប្រឆាំង​របប​ដឹកនាំ​លោក បេន អា​លី ក៏​នាំ​ឲ្យ​ពាក្យ​បដិវត្តន៍​អារ៉ាប់ ដែល​ត្រូវបាន​ប្រើ​យ៉ាង​ទូលាយ​។ បដិវត្តន៍​នេះ ក៏​អូស​ទម្លាក់​មេដឹកនាំ​នៅក្នុង​តំបន់​ជា​បន្តបន្ទាប់​ដូចជា​លោក ហូ​ស្នី មូ​បា​រ៉ា​ក់ នៅ​អេ​ហ្ស៊ី​ប និង​លោក ម៉ូ​អា​ម៉ា ហ្កា​ដា​ហ្វី នៅ​លី​ប៊ី​ជាដើម ខណៈ​មេដឹកនាំ​ខ្លះ​បន្ត​ក្ដាប់​អំណាច​ដដែល​តួយ៉ាង​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ ដែល​បន្ត​ដឹកនាំ​ស៊ី​រី​ក្នុងស្ថានភាព​សង្គ្រាម​៨​ឆ្នាំ​មកនេះ​។​

​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១២ លោក បេន អា​លី ត្រូវបាន​តុលាការ​ទុយ​នី​ស៊ី​កាត់ទោស​កំបាំងមុខ​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ពាក់ព័ន្ធ​ការបង្ក្រាប​លើ​បាតុករ​។ យ៉ាងណាក្ដី គេ​មិនទាន់​ដឹងថា ពិធី​បុណ្យសព​របស់​អតីត​ប្រធានាធិបតី​រូបនេះ ធ្វើ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ឬ​ទឹកដី​កំណើត​នៅ​ទុយ​នី​ស៊ី​ឡើយ​។ ប្រជាជន​ទុយ​នី​ស៊ី ហាក់​មិន​ប្រឆាំង​ការវិលត្រឡប់​របស់​អតីត​មេដឹកនាំ​ខ្លួន​ឡើយ​៕ 

Tag:
 ទុយ​នី​ស៊ី​
  Zine El Abidine Ben Ali
© រក្សាសិទ្ធិដោយ thmeythmey.com