កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង​ឡើងទៅ​ជួប​បឹងកេត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​
20, Sep 2019 , 8:39 pm        
រូបភាព
កីឡាករ សុក សុវណ្ណ (ឆ្វេង)អបអរក្រោយព្រះខ័នរាជស្វាយរៀងឈ្នះកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ, រូបភាពពី SEA Games 2023
កីឡាករ សុក សុវណ្ណ (ឆ្វេង)អបអរក្រោយព្រះខ័នរាជស្វាយរៀងឈ្នះកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ, រូបភាពពី SEA Games 2023
ដោយ:
​ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​យ៉ាង​ប្រផិតប្រផើយ​ដោយ​បាល់​ប៉េ​ណា​ល់​ទី ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​ឡើងទៅ​ប៉ះ​បឹងកេត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ជា​លើកដំបូង​។ បើ​គ្មាន​ការប្រែប្រួល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​ជឿជាក់ថា ការប្រកួត​រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​បឹងកេត នឹង​អាច​បញ្ចប់​ក្នុង​លទ្ធផល​ដូច​ក្រុម​ខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។



​នា​ការប្រកួត​ដ៏​ស្វិត​ស្វាយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ក្រុម​ភ្នំពេញ​ក្រោ​ន​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ព្រះខ័ន​រាជ​ក្នុង​ការប្រកួត​៩០​នាទី ទោះបី​ក្រុម​ទាំងពីរ​ព្យាយាម​បង្កើត​ឱកាស និង​ដាក់​សម្ពាធ​គ្នា​ទៅវិញទៅមក​ក៏ដោយ​។ លទ្ធផល​នេះ ទាមទារ​ឲ្យ​ក្រុម​ទាំងពីរ​ត្រូវ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ដើម្បី​កាត់សេចក្តី​រក​ចាញ់ឈ្នះ​។

​ឈានដល់​ការទា​ត់បាល់​ប៉េ​ណា​ល់ ទី​កីឡាករ យ៉ើ មូស្លីម បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ភ្នំពេញ​ក្រោ​ន មុន នេន សុធា​រ័ត្ន ផ្តល់​ក្តី​អស់សង្ឃឹម​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយ​ធ្វើ​មិនបាន​សម្រេច​ក្នុងការ​ទាត់​បាល់​បើកឆាក​។ អតីត​កីឡាករ​បឹងកេត សុខ សុវណ្ណ សម្រេច​គ្រាប់​បាល់​ទី​២​ឲ្យ​ភ្នំពេញ​ក្រោ​ន មុន​ប្រធាន​ក្រុម សឿ​យ វិសាល សម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ២-១ ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​។

​អ៊​ន ចាន់​ប៉ូ​លីន បាន​បង្កើន​ការនាំ​មុខ ៣-១ ឲ្យ​ភ្នំពេញ​ក្រោ​ន បន្ទាប់មក សុក សំណាង ធ្វើបាន​សម្រេច​សម្រាប់​ការទទួល​រ៉ាប់រង​បាល់​ទី​៣​របស់​ព្រះខ័ន​រាជ​ស្វាយរៀង មុន វ៉ា សុខ​ថន ធ្វើបាន​សម្រេច​គ្រាប់​ទី​៤ ដើម្បី​បង្កើន​ការ​នាំមុខ​សាជាថ្មី​។ កីឡាករ សំអឿន ពិដោរ ដែល​ទើប​ត្រឡប់​ចូល​ទីលាន​កាលពីពេល​ថ្មីៗ​ក្រោយ​ជាសះស្បើយ​ពីរ​បួស ធ្វើបាន​យ៉ាង​ល្អ​ក្នុងការ​ទាត់​បាល់​ទី​៤​របស់​ស្វាយរៀង​។

​ខ្សែការពារ សឿត បារាំង ដែល​ទទួលភារៈ​ក្នុងការ​ទាត់​បាល់​ចុងក្រោយ​របស់​ភ្នំពេញ​ក្រោ​ន មិនអាច​ទម្លុះ​របាំង​ការពារ​ដ៏​រឹងមាំ​របស់​អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ បាន​នោះទេ ដែល​បាន​ហុច​ឱកាស​ឲ្យ​កីឡាករ ហូ​យ ផល្លី​ន រក​គ្រាប់​បាល់​តាម​ស្មើ ៤-៤ ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​។ សុវណ្ណារ៉ា​ត់ បាន​បន្ត​បំពេញ​តួនាទី​យ៉ាង​ល្អ តាមរយៈ​ការសង្គ្រោះ​បាល់​ពី​ការទា​ត់របស់​កីឡាករ ប្រាក់ ធី​វ៉ា បាន​យ៉ាង​ល្អ បន្ទាប់មក​កីឡាករ សួន សុវណ្ណ ជា​អ្នកសម្រេច​គ្រាប់​បាល់​ជ័យជម្នះ ៥-៤ ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​។

​ជ័យជម្នះ​នេះ ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​កៅអី​ឡើងទៅ​ជួប​បឹងកេត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៩ ជា​លើកដំបូង ហើយ​វា​ក៏​ជា​លើក​ទី​១​ផងដែរ សម្រាប់​បឹងកេត ដែល​បាន​ឡើងមក​វគ្គ​ផ្តាច់ព្រ័ត្រ​។ ព្រះខ័ន​រាជ​ស្វាយរៀង​ធ្លាប់​ឈ្នះ​ជើងឯក​បាន​ចំនួន​៤​លើក​(២០១១, ២០១២, ២០១៥, ២០១៧) និង​ជើងឯក​រង​ចំនួន​១​លើក​នៅ​ឆ្នាំ​២០១៦ ខណៈ​បឹងកេត​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ចំនួន​១​លើក​នៅ​ឆ្នាំ​២០១៤​។ 

​បើ​គ្មាន​ការប្រែប្រួល​នោះទេ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ប៉ុន្តែ​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​បាន​បញ្ជាក់ថា ការប្រកួត​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​អាច​នឹងមាន​ការប្រែប្រួល​ពេលវេលា​ប្រកួត ដោយ​អាច​នឹង​រំកិល​ឲ្យ​លឿន​ជាង​នេះ​។

​ក្រោយ​ខកខាន​ឱកាស​ក្នុងការ​ដឹកនាំ​ក្រុម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​បាន​លើកឡើងថា ការប្រកួត​រវាង​ក្រុម​បឹងកេត​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង អាច​នឹង​បញ្ចប់​ក្នុង​លទ្ធផល​ដូច​ការប្រកួត​រវាង​ភ្នំពេញ​ក្រោ​ន​ជាមួយ​ស្វាយរៀង ដ្បិត​ក្រុម​ទាំងពីរ​អាច​នឹង​ប្រើ​ទម្រង់​លេង​បែប​ការពារ​ច្រើនជាង​ប្រយុទ្ធ​។ លោក​បន្ថែមថា ក្រុម​ទាំងពីរ​មាន​សមត្ថភាព និង​រៀបចំ​បានល្អ​ដូចគ្នា បើ​ក្រុម​ណា​ធ្វេសប្រហែស​អាចនឹងទទួល​រង​បរាជ័យ​៕


Tag:
 Hun Sen Cup 2019
  ព្រះខ័ន​រាជ​ស្វាយរៀង​
  បឹងកេត​
  វិសាខា​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com