ទាន ប្រែ​ថា «​ឲ្យ​របស់​ដែល​គួរ​ឲ្យ ដល់​បុគ្គល ដែល​គួរ​ឲ្យ​»
ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
ទាន ប្រែ​ថា «​ឲ្យ​របស់​ដែល​គួរ​ឲ្យ ដល់​បុគ្គល ដែល​គួរ​ឲ្យ​»
21, Sep 2019 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​ទាន មាន​ពីរ​យ៉ាង គឺ​ធម្មទាន និង​អ​មិ​សទា​ន​។ ធម្មទាន គឺជា​ការ​ឲ្យ​ធម៌​ជា​ទាន ហើយ​អ​មិ​សទា​ន គឺជា​ការបរិច្ចាគ​នូវ​របស់​សម្រាប់​បរិភោគ និង​របស់​សម្រាប់​ប្រើប្រាស់​ផ្សេងៗ ធ្វើជា​ទាន​។​
​ការពន្យល់​ពី​ទាន​ពេលនេះ ហាក់ដូចជា​សំដៅ​ទៅលើ​អត្ថន័យ​នៃ​អ​មិ​សទា​ន​តែ​ម្យ៉ាង​ប៉ុណ្ណោះ ដោយ​មិនបាន​បកស្រាយ​ពី​អត្ថន័យ​នៃ​ធម្មទាន​ឡើយ​។ ទាន មានន័យថា ការ​ឲ្យ​នូវ​របស់​ដែល​គួរ​ឲ្យ ដល់​បុគ្គល​ដែល​គួរ​ឲ្យ​។ ចុះ​ដូចម្តេច​ដែល​ហៅថា វត្ថុ​ដែល​គួរ​ឲ្យ ហើយ​ដូចម្តេច​ដែល​ហៅថា បុគ្គល​ដែល​គួរ​ឲ្យ​? 
 
​វត្ថុ​ដែល​គួរ​ឲ្យ សំដៅ​ដល់​វត្ថុ​ទាំងឡាយ ដែល​ញ៉ាំង​ប្រយោជន៍​ឲ្យ​កើតមាន​ដល់​បុគ្គល​អ្នកទទួល ដូចជា អាហារ​បរិភោគ គ្រឿង​ឧ​បរិភោគ (​របស់​ប្រើប្រាស់​) ទីស្នាក់អាស្រ័យ និង ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ ជាដើម​។ ចំណែក បុគ្គល​ដែល​គួរ​ឲ្យ សំដៅ​ដល់​បុគ្គល​ដែល​សក្តិសម​នឹង​ទទួលបាន​នូវ​វត្ថុ​ដែល​ផ្តល់​ឲ្យ ដូចជា មាតាបិតា អ្នកមាន​គុណធម៌​ខ្ពង់ខ្ពស់ អ្នកបួស អ្នកមាន​សីល ចាស់ព្រឹទ្ធាចារ្យ ឬក៏​ជា​អ្នកក្រខ្សត់ និង​ជន​ទុគ៌ត ជាដើម​។​
 
​ដូច្នេះ ដើម្បី​ធ្វើ​ទាន​ឲ្យ​ពេញលក្ខណៈ អ្នក​ត្រូវ​ពិចារណា ថា​តើ​បុគ្គល​ណា​ដែល​អ្នក​គួរផ្តល់​ឲ្យ ហើយ​ផ្តល់​ឲ្យ​នូវ​វត្ថុ​អ្វីដែល​អាច​ញ៉ាំង​ប្រយោជន៍​ដល់​បុគ្គល​នោះ​។ ការធ្វើ​ទាន ត្រូវ​ប្រកបដោយ​បញ្ញា ទើបបាន​ផល​ទាំង​អ្នកទទួល ទាំង​អ្នកផ្តល់​ឲ្យ​។ ការធ្វើ​ទាន​ដោយ​ខ្វះ​បញ្ញា មិន​ត្រឹមតែ​មិន​ផ្តល់​ផល​ល្អ​ដល់​អ្នកទទួល​នោះទេ តែ​វា​ថែមទាំង​អាច​ផ្តល់​ទោស​ដល់​អ្នក​ខ្លួនឯង​ទៀតផង​។​
 
​ប្រសិនបើ​អ្នកផ្តល់​នូវ​របស់​ដែល​គួរ​ឲ្យ ដល់​បុគ្គល​មិនគួរ​ឲ្យ ក៏​មិនមាន​ឈ្មោះថា ពេញលក្ខណ​ជា​ទាន​ដែរ ហើយ​ប្រសិនបើ​អ្នកផ្តល់​នូវ​របស់​មិនគួរ​ឲ្យ ដល់​បុគ្គល​ដែល​គួរ​ឲ្យ ក៏​មិនមាន​ឈ្នោះ​ថា​ពេញលក្ខណ​ជា​ទាន​ដូចគ្នា​។​
 
​ឧបមា​ថា អ្នកយក​ម្ហូបអាហារ​ទៅ​ប្រគេន​ព្រះសង្ឃ ហើយ​ម្ហូប​នោះ​អ្នក​ស្ល​ពីសា​ច់​សុនក នោះ​មិន​ចំ​តួ​ជា​ទាន​ឡើយ​។ តាមពិត ព្រះសង្ឃ​ជា​អ្នកមាន​សីល ជា​ស្រែបុណ្យ​របស់​យើង ដែល​យើង​គួរ​ធ្វើ​ទាន​ជាមួយ តែ​ព្រះ​វិន័យ មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ ឆាន់​សាច់​សុនក​នោះទេ​។ ត្រង់នេះ គឺ​អ្នកយក​របស់​មិនគួរ​ឲ្យ (​សម្ល​សាច់​សុនក​) ទៅ​ឲ្យ​បុគ្គល​ដែល​គួរ​ឲ្យ (​ព្រះសង្ឃ​) ដែល​ធ្វើ​ឲ្យ​ទាន់​របស់​អ្នក មិន​ពេញលក្ខណៈ​។​
 
​ផ្ទុយ​មកវិញ ប្រសិនបើ​អ្នកយក​មាសប្រាក់ ឬ​ម្ហូបអាហារ​ទៅ​ផ្គត់ផ្គង់​ដល់​ជនពាល ចូលចិត្ត​ដើរ​ស៊ីផឹក លេងល្បែង សេព​គ្រឿងញៀន ពេលនោះ​វា​មិន​ត្រឹមតែ​មិន​ផ្តល់​ផល​ល្អ​ដល់​អ្នក​នោះទេ វា​ថែមទាំង​អាច​ផ្តល់នូវ​ទោស​ដល់​អ្នក​វិញទៀត​។ មាស ប្រាក់ ឬ​ម្ហូបអាហារ​ទាំងអស់នេះ គឺជា​វត្ថុ​ដែល​គួរ​ឲ្យ និង​គួរ​យកទៅ​ធ្វើ​ទាន តែ​ជនពាល ជា​បុគ្គល​មិនគួរ​ឲ្យ ព្រោះ​គ្មាន​គុណធម៌ ប្រព្រឹត្ត​តែ​អបាយមុខ នាំទុក្ខ​ទោស​ដល់​គ្រួសារ និង​សង្គម​។ 
 
​ជនពាល មិន​សក្តិសម​នឹងមាន​ឈ្នោះ​ថា បុគ្គល​ដែល​គួរ​ឲ្យ គួរ​ធ្វើ​ទាន​ជាមួយ​នោះទេ​។ ដូច្នេះ​ទាន ដែល​អ្នកធ្វើ​ជាមួយ​ជនពាល ក៏​មិនមាន​ឈ្នោះ​ថា​ជា​ទាន​ពេញលក្ខណៈ​ដូចគ្នា​៕
 
 

Tag:
 ភ្ជុំបិណ្ឌ​
  ទាន
© រក្សាសិទ្ធិដោយ thmeythmey.com