ជាតិ
នយោបាយជាតិ
ប្រមុខការទូតខ្មែរ នឹងយកបញ្ហាពិភពលោក ព័ត៌មានក្លែងក្លាយ និងច្បាប់អន្តរជាតិ ថ្លែងនៅUN រូបភាពពីក្រសួងការបរទេស
× ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកបញ្ហាពិភពលោក និងព័ត៌មានក្លែងក្លាយ ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ នាថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
មុននឹងនិយាយពីបញ្ហាក្នុងពិភពលោក លោក ប្រាក់ សុខុន នឹងធ្វើសេចក្ដីថ្លែងការណ៍មួយ ដោយផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសសមិទ្ធិផលសំខាន់ៗឆ្ពោះទៅគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បន្ថែមពីនេះប្រមុខការទូតខ្មែរ ក៏លើកយកពីកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ភេរវកម្ម អំពើជ្រុលនិយមនិងអចន្តិនិយម និងការគំរាមកំហែងសន្តិសុខមិនប្រពៃណីជាដើម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានសរសេរថា ៖«ឯកឧត្ដម ក៏នឹងរំលេចបញ្ហាសណ្តាប់ធ្នាប់ពិភពលោកថ្មី ពហុភាគីនិយម តួនាទីច្បាប់អន្តរជាតិ ផលប៉ះពាល់ជាអវិជ្ជមាននៃព័ត៌មានក្លែងបន្លំ និងបញ្ហាតំបន់និងអន្តរជាតិដែលមានផលប្រយោជន៍និងការព្រួយបារម្ភរួម នៅក្នុងសេចក្ដីថ្លែងការណ៍នេះផងដែរ»។
រដ្ឋមន្ត្រីការបរទេសរូបនេះ និងគណៈប្រតិភូចូលរួមកិច្ចពិភាក្សា មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅទីក្រុងញូវយ៉ក។ប្រធានបទនៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ លើកទី៧៤នេះគឺ «ជំរុញកិច្ចប្រឹងប្រែងពហុភាគី សម្រាប់ការលុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន»។
គណៈប្រតិភូកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការនៃសន្និសីទស្ដីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅតំបន់អាស៊ី (CICA) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសអភិវឌ្ឍតិចតួច (LDCs) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដៃគូសហប្រតិបត្តិការអាស៊ី (ACD) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (IUMM) ព្រមទាំងកិច្ចប្រជុំជាច្រើនទៀត៕
ក្រៅពីនេះរដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏មានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោក ថូម៉ាស ភេទ្រីសេក (Tomas Petricek) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆែក និងលោក សឺរហ្គេយ ឡាវរ៉ូវ (Sergey V. Lavrov) រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ីទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com