ជាតិ
បុណ្យភ្ជុំបិណ្ឌ
ត្រូវមាន​សតិ​និង​សម្បជញ្ញៈ ជាប់​ខ្លួន​ជានិច្ច​
13, Oct 2023 , 11:00 pm        
រូបភាព
ដោយ: ថ្មីៗ
​យើង​តែង​ភ្ជាប់ពាក្យ សតិ​និង​សម្បជញ្ញៈ ទៅជា​ពាក្យ​តែមួយ គឺ​សតិសម្បជញ្ញៈ​។ តែ​ពាក្យ​ទាំងពីរ​នេះ មិនមែនជា​ពាក្យ​តែមួយ​ទេ ហើយក៏​មិនមែន​មានន័យ​តែមួយ​ដូចគ្នា​នោះដែរ​។ ពាក្យ​ទាំងពីរ​នេះ គឺជា​ធម៌​ដែលមាន​សភាវៈ​និល​ក្ខ​ណៈ​ផ្សេង​ពីគ្នា​។​

 
​សតិ មានន័យថា ការ​ភ្ញាក់រឭក ឬ​ការនឹកឃើញ ឬក៏​ជាការ​ដឹងខ្លួន​។ តើ​ការ​ភ្ញាក់រឭក សំដៅ​ដល់​ការ​ភ្ញាក់រឭក​នូវ​អ្វី​? ការនឹកឃើញ សំដៅ​ដល់​ការនឹកឃើញ​នូវ​អ្វី​? ការដឹង​ខ្លួន សំដៅ​ដល់​ការដឹង​ខ្លួន​យ៉ាងដូចម្តេច​?
 
​ការ​ភ្ញាក់រឭក គឺ​មានន័យថា អ្នក​កំពុងតែ​ផ្ចង់​សតិ និង​ការគិត​របស់​អ្នក ទៅលើ​អ្វីដែល​អ្នក​កំពុង​ធ្វើ និង​អ្វីដែល​អ្នក​អាច​នឹងធ្វើ​នៅពេល​ខាងមុខ ប្រៀបដូចជា​ស្រមោល​របស់​អ្នក ដែល​តែងតែមាន​រូបភាព ដូច​ទៅនឹង​អី្វ​ដែល​ខ្លួន​អ្នកមាន​ចលនា ឬ​មាន​សកម្មភាព​។ ដូច្នេះ​ការ​ភ្ញាក់រឭក គឺជា​ការ​ផ្តោតអារម្មណ៍​ជាប់​ជានិច្ច​ចំពោះ​អ្វីដែល​អ្នក​កំពុងតែ​ធ្វើ​។​
 
​ការនឹកឃើញ គឺ​សំដៅ​ដល់​អ្វីដែល​អ្នក​គួរ​រឭក ឬ​គិត​ទៅដល់ ដូចជា​អនុស្សា​វរិ​យ ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ឬក៏​ឧបការគុណ​ដ៏​ធំធេង​របស់​បុគ្គល​ណាមួយ ដែល​ធ្លាប់មាន​ចំពោះ​អ្នក ជាដើម​។ តួយ៉ាង​ដូចជា​ពេលខ្លះ អ្នក​ស្រាប់តែ​នឹកឃើញ​ដល់​គុណ​ឪពុកម្តាយ ដែល​បានធ្វើ​មកលើ​អ្នក ហើយ​អ្នក​ក៏​កើត​ស​ទ្ឋា​ជ្រះថ្លា ចង់​តបស្នង​សងគុណ​លោក​ទាំងពីរ​វិញ​។ យ៉ាងនេះ ក៏​ឈ្មោះថា ជា​អ្នកមាន​សតិ​ដែរ​។​
 
​ការដឹង​ខ្លួន គឺ​សំដៅ​ដល់​ការដឹង​ខ្លួនឯង ជាមួយនឹង​ការគិត​ពិចារណា​ប្រកបដោយ​សម្មាទិដ្ឋិ ថា​អ្វី​គួរ​ធ្វើ (​ដូចជា​អំពើ​បុណ្យ​) និង​អ្វី​មិនគួរ​ធ្វើ (​ដូចជា​អំពើ​បាប​) គ្រប់​កាលៈទេសៈ​ដោយ​មិន​ភ្លេចខ្លួន​។ ដូចជា​ការធ្វើ​ទុក​ក្នុង​ចិត្ត​ថា​៖«​ឱន៎​! ជីវិត​អាត្មាអញ​ខ្លី​ណាស់ ហើយ​មិន​ទៀង​ទៀត ដូច្នេះ​អាត្មាអញ គួរ​ធ្វើអំពើ​ទាំងឡាយណា​ដែល​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ជីវិត បច្ចុប្បន្ន និង​បរលោក ហើយ​បោះបង់ចោល​នូវ​អ្វី​ដែលជា​ធម៌​នាំមក​នូវ​សេចក្តី​វិនាស​អន្តរាយ​»​។ យ៉ាងនេះ​ក៏​ឈ្មោះថា ជា​អ្នកមាន​សតិ​ដូចគ្នា​។​
 
​ចំណែក សម្បជញ្ញៈ គឺជា​សភាវ ដែល​កើត​ក្រោយ​សតិ​។ មានន័យថា សម្បជញ្ញៈ​មិនអាច​កើតឡើង​មុន​សតិ​បានទេ ទាល់តែ​សតិ​កើតមុន​សិន ទើប​សម្បជញ្ញៈ​កើត​តាម​ក្រោយ ហើយ​សម្បជញ្ញៈ ជាស​ភាវ​ឃ្លាំមើល​សតិ មិន​ឲ្យ​រលត់ទៅវិញ​។​
 
​ធម៌​ទាំងពីរ​ប្រការនេះ (​សតិ​និង​សម្បជញ្ញៈ​) ប្រៀបដូចជា «​កងទ័ព​និង​មេទ័ព​»​។ កងទ័ព (​សតិ​) ត្រូវ​ដឹង​តួនាទី​របស់ខ្លួន​ថា ត្រូវ​ឈរ​ក្នុង​ជូរ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ប្រព្រឹត្ត​អ្វី​ឲ្យ​ច្របូកច្របល់​ក្នុង​ជូរ​កងទ័ព​។ តែ​ទោះបីជា​ពួកកងទ័ព​មាន​វិន័យ និង​ដឹង​តួនាទី​យ៉ាងណាក៏ដោយ ក៏​មេទ័ព (​សម្បជញ្ញៈ​) ត្រូវតែ​ឈរ​ពីក្រោយ​ជូរ​កងទ័ព​ទាំងនោះ ដោយ​ឃ្លាំមើល​យ៉ាង​ប្រុងប្រយ័ត្ន និង​ចាំ​ដាស់តឿន​ជានិច្ច ក្រែងលោ​កងទ័ព​ណាមួយ ដើរ​ខុស​ជូរ ឬ​ចេញពី​ជូរ​។​
 
​ដោយ​ឧបមា​ម្យ៉ាងទៀត សតិសម្បជញ្ញៈ ក៏​អាច​ប្រៀបដូចជា «​បុរស​ដើរ​ពីក្រោយ​ក្របី​» ដូច្នេះ​ដែរ​។ ក្របី (​សតិ​) ដែល​កំពុង​ដើរ​លើផ្លូវ​តម្រង់​ទៅផ្ទះ ដោយ​សភាវគតិ​របស់​វា​ថា វា​កំពុងតែ​ដើរទៅ​ផ្ទះ​តាម​ទម្លាប់​ដូច​រាល់ដង ហើយ​បុរស​ជា​ម្ចាស់ (​សម្បជញ្ញៈ​) ដើរ​ពីក្រោយ​ក្របី​នោះ បាន​ឃ្លាំមើល​ជាប់​ជានិច្ច ដោយ​មិន​ឲ្យ​ក្របី​ដើរ​ខុសផ្លូវ ឬ​ងាក​ទៅ​ស៊ី​ស្រូវ​ក្នុង​ស្រែ​អ្នកដទៃ ឡើយ​។​
 
​ឬ​ដោយ​ការប្រៀបធៀប​មួយបែប​ទៀតថា សតិ គឺជា​ការ​ភ្ញាក់​ពី​គេង ហើយ​សម្បជញ្ញៈ គឺជា​ការតាំង​ចិត្ត​រប​ស់​អ្នក​មិន​ឲ្យ​គេង​ទៅវិញ ដោយ​ការតាំង​អារម្មណ៍​ថា អាត្មាអញ នឹងមិន​គេង​ទៅវិញ​ទេ អាត្មាអញ​ដឹងខ្លួន​ហើយ ដូច្នេះ​គួរតែ​ងើប​ទៅធ្វើ​អ្វីដែល​គួរ​ធ្វើ ដែល​អាច​នាំ​ប្រយោជន៍​ដល់​ជីវិត​ទើប​ប្រសើរ​។​
 
​ជារួម សតិសម្បជញ្ញៈ គឺជា​ការដឹង​ខ្លួន និង​ការ​ភ្ញាក់រឭក ពី​បាបធម៌ ហើយ​ត្រឡប់មក​សាង​កុសលធម៌​វិញ ប្រកបដោយ​ការព្យាយាម និង​ការតាំង​ចិត្ត​ឲ្យ​មាំ​ក្នុង​មាគ៌ា​កុសលធម៌​នោះ​ជាប់​ជានិច្ច ដោយ​មិន​ឲ្យ​ប្រែ​ក្រឡាស់​ត្រឡប់​ទៅរក​មាគ៌ា​បាបធម៌​សាជាថ្មី​ឡើយ​៕

Tag:
 ភ្ជុំបិណ្ឌ​
  ធម៌​
  សតិសម្បជញ្ញៈ
© រក្សាសិទ្ធិដោយ thmeythmey.com