ជាតិ
បាក់ឌុប
សង្គមជាតិ
យុវ​សិស្ស ជូ​ក វ៉ា​ខី​ម យកបាន​និ​ទ្ទេ​ស​A ឱ្យ​វិទ្យាល័យ​២៨​មករា ដែល​អាក់ខាន​៨​ឆ្នាំ​មកហើយ​
22, Sep 2019 , 5:19 pm        
រូបភាព
​សៀមរាប​៖ យុវ​សិស្ស ជូ​ក វ៉ា​ខី​ម សិស្ស​និ​ទ្ទេ​ស​A តែមួយគត់​សម្រាប់​វិទ្យាល័យ​២៨​មករា ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ ការប្ដេជ្ញាចិត្ត និង​ខំ​សិក្សា​រៀនសូត្រ វ៉ា​ខី​ម ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទន​ចំពោះ​លទ្ធផល​ដែល​ទទួលបាន​ពី​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​បាក់​ឌុប​ឆ្នាំ​២០១៩ ដោយបាន​បំបែក​កំណត់ត្រា​សិស្ស​និ​ទ្ទេ​ស​A ប្រចាំ​វិទ្យាល័យ​២៨​មករា ដែល​នៅ​តំបន់​រៀង​ដាច់ស្រយាល​មួយ​ក្នុង​ខេត្តសៀមរាប និង​ជា​វិទ្យាល័យ​ដែល​មិន​ធ្លាប់​មា​និ​ន្ទេ​ស​នេះ​រយៈពេល​៨​ឆ្នាំ​មកហើយ​។ វ៉ា​ខី​ម និង​គ្រួសារ សប្បាយចិត្ត​រហូត​ស្រក់​ទឹកភ្នែក​។​

 
​អ្នកសារព័ត៌មាន​មានឱកាស​បាន​ជួប​យុវ​សិស្ស ជូ​ក វ៉ា​ខី​ម នាឱកាស​ពិធី​ទទួល​រង្វាន់​សិស្ស​និ​ទ្ទេស​A និង​និ​ទ្ទេស​B នា​រដ្ឋបាល​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២០ កញ្ញា​។ យុវ​សិស្ស​រូបនេះ​ប្រាប់ថា​មាន​មោ​នកភាព​ជាខ្លាំង​និង​ស្រក់​ទឹកភ្នែក ពេល​គ្រូ​ប្រាប់ថា ខ្លួន​ទទួលបាន​និ​ទ្ទេស​A​។ និ​ទ្ទេស​A ជា​អ្វីដែល វ៉ា​ខី​ម ធ្លាប់​ប៉ង​កន្លងមក ព្រោះថា​គេច​ង់​បំណែក​កំណត់ត្រា​សិស្ស​និ​ទ្ទេស​A ប្រចាំ​វិទ្យាល័យ​២៨​មករា ស្រុក​ស្រីស្នំ ដែល​មិន​ធ្លាប់មាន​ប្រវត្តិ​បាន​សោះ​នា​រយៈពេល​៨​ឆ្នាំ​មកនេះ​។ វ៉ា​ខី​ម បញ្ជាក់ថា ខ្លួន​ជា​សិស្ស​ជំនា​ន់ទី​៩ និង​បាន​សិក្សា​ស្វែងយល់​ពី​ការរៀនសូត្រ​របស់​រាម​ច្បង​មុនៗ និង​ខំរៀន​បន្ថែម​រហូត​បាន​និ​ន្ទេ​ស​ល្អ​បែបនេះ​។​
 
​វ៉ា​ខី​ម មាន​ឪពុក​ឈ្មោះ ជុំ ជិន ជា​កសិករ និង​ជាជាង​ជួសជុល​គោយន្ត​។ លោក ជុំ ជិន ដែល​ជូន​កូន​មក​ទទួល​រង្វាន់​នៅពេល​នោះបាន​ប្រាប់ថា លោក​ស្រក់​ទឹកភ្នែក​រំភើប​ពេល​កូន​បាន​និ​ទ្ទេស​ល្អ​។ ជា​កសិករ​រវល់​នឹង​ការងារ​ច្រើន លោក​មិន​ធ្លាប់​គិត​ទាល់តែ​សោះតែ​កូន​ទទួលបាន​និ​ទ្ទេសល្អ​បែបនេះ គ្រាន់តែ​ធ្លាប់​ដឹងថា​កូន​រៀន​បាន​ចំណាត់​ល្អៗ​ប្រចាំឆ្នាំ​។​
 
​យុវ​សិស្ស វ៉ា​ខី​ម បាន​ជាប់​អាហារូបករណ៍​ស្វ័យប្រវត្តិ​នៅ​សាកលវិទ្យាល័យ​បាត់ដំបង ផ្នែក​គណិតវិទ្យា តែ​គេ​បាន​បោះបង់​ទៅវិញ ព្រោះ​កំពុង​ជាប់​រៀន​ត្រៀមប្រឡង​រៀន​ផ្នែក​វេជ្ជបណ្ឌិត​នៅ​សាលា​ក្រហម​នា​រាជធានី​ភ្នំពេញ​។ លោក ជុំ ជិន ដែលជា​ឪពុក​ក៏​មិន​ហាមឃាត់​អ្វី​នោះដែរ លោ​កថា​រៀន​ជំនាញ​អ្វី​គឺ​អាស្រ័យ​លើ​កូន​តែប៉ុណ្ណោះ​៕
 
 
 

Tag:
 និ​ន្ទេ​ស​A
  បាក់​ឌុប​
  ស្រីស្នំ​
© រក្សាសិទ្ធិដោយ thmeythmey.com