អន្តរជាតិ
លោក ឌូ​ទើ​តេ បញ្ជា​ភ្នាក់ងាររដ្ឋ​ឲ្យ​ផ្អាក​ការចរចា​កម្ចី​និង​ជំនួយ​ជាមួយ​ដៃគូ​ដែល​គាំទ្រ​ការស៊ើបអង្កេត​សង្គ្រាម​គ្រឿងញៀន​
23, Sep 2019 , 11:09 am        
រូបភាព
ដោយ:
​ប្រមុខ​ដឹកនាំ​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានចេញ​ការបង្គាប់បញ្ជា​មួយ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល និង​អង្គភាព​របស់​រដ្ឋ​ផ្អាក​ការចរចា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កម្ចី និង​ជំនួយ​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ ដែល​ចូលរួម​គាំទ្រ​ការបើក​ការស៊ើបអង្កេត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លើ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ហ្វីលីពីន​។



​តាមរយៈ​លិខិត​បង្គាប់បញ្ជា​របស់​ប្រធានាធិបតី មន្ត្រី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ទាំងអស់​ត្រូវ​ព្យួរ​ទាំង​ការចរចា និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កម្ចី និង​ជំនួយ​ទាំងអស់​ជាមួយនឹង​ប្រទេស និង​ដៃគូ​ដែល​ឧបត្ថម្ភ និង​គាំទ្រ​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​លើ​ការស៊ើបអង្កេត​ពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ហ្វីលីពីន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Financial Times​។​

​តាម​ប្រ​ភ​ព័ត៌មាន​ដដែល​នោះ លិខិត​បង្គាប់បញ្ជា ដែល​ដំបូង​ឡើយ​ត្រូវបាន​ចាត់ទុកជា​ការសម្ងាត់​ផង​នោះ គឺជា​ផ្នែក​មួយ នៃ​ការច្រានចោល​លើ​ការចោទប្រកាន់​របស់​ស​ហគ​មន៍​អន្តរជាតិ លើ​ចំណាត់ការ​របស់​រដ្ឋបាល​ដឹកនាំ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្នុងការ​បោសសម្អាត និង​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា សង្គ្រាម​គ្រឿងញៀន​។​

​គួររម្លឹកថា នៅ​ខែកក្កដា​កន្លងទៅ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បានអនុម័ត​លើ​សេចក្តីសម្រេច​មួយ ដើម្បី​ដំណើរការ​ការស៊ើបអង្កេត​លើ​ការស្លាប់​របស់​ប្រជាជន​ហ្វីលីពីន​ដែល​ភ្នាក់ងារ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិរ​ក​ឃើញ​រហូតដល់​ជាង​២​ម៉ឺន​នាក់ តាមរយៈ​សង្គ្រាម​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ​។​

​គួរ​ឲ្យ​កត់សម្គាល់​ផង​នោះ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គ​សហប្រជាជាតិ​ពេលនោះ ត្រូវបាន​ដឹកនាំ​ដោយ អ៊ី​ស្លង់ និង​គាំទ្រ​ដោយ​បណ្តា​ប្រទេស​១៨​ផ្សេងទៀត​រួមមាន​ទាំង អង់គ្លេស អូស្ត្រាលី សាធារណរដ្ឋ​ឆែក ដា​ណឺ​ម៉ាក និង​អេស្បាញ​ជាដើម​នោះ​។ ពោលគឺ​ប្រទេស​ទាំងនេះ គឺជា​មុខសញ្ញា​ដែល​ហ្វីលីពីន ត្រូវ​ផ្អាក​ការចរចា និង​ចុះហត្ថលេខា​លើក​ម្ចី និង​ជំនួយ​។​

​តាមពិតទៅ​សង្គ្រាម​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ មិន​ត្រឹមតែ​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នោះទេ តែ​បញ្ហា​នេះ ក៏​កំពុងតែ​ស្ថិតនៅក្នុង​កណ្តាប់ដៃ​រប​ស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែលជា​តុលាការ​ព្រហ្មទណ្ឌ​ដ៏​មាន​ឥទ្ធិពល​របស់​ពិភពលោក​ផងដែរ​៕    

Tag:
 ហ្វីលីពីន​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com