Liverpool នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនតាមរយៈការយកឈ្នះ Chelsea ២-១ និងជាជ័យជម្នះលើកទី៦ជាប់ៗគ្នា នាការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។ Arsenal បើទោះសល់គ្នា១០នាក់ ហើយត្រូវ Aston Villa នាំមុខ១គ្រាប់ទៀតនោះ បានវាយបកតាមឈ្នះ៣-២ វិញ ខណៈដែល Man Utd ទទួលបានត្រឹមលទ្ធផលខកចិត្តក្រោយចាញ់ West Ham United ២-០។
ម្ចាស់ជើងឯកចាស់ Manchester City នៅតាមពីក្រោយពិន្ទុ Liverpool ចំនួន៥ពិន្ទុដដែល បើទោះពួកគេយកឈ្នះក្រុមបាតតារាង Watford យ៉ាងចាស់ដៃក្នុងលទ្ធុផល ៨-០ ក៏ដោយ។
ដោយឡែក Manchester United និង Tottenham Hotspur សុទ្ធតែបរាជ័យរៀងខ្លួននៅក្រៅដី។ បិសាចក្រហមធ្លាក់ទម្រង់លេងយ៉ាងខ្លាំងក្នុងជំនួបទល់ West Ham ដែលរបូតគ្រាប់បាល់ដល់ទៅ២គ្រាប់ខណៈដែលពួកគេបានចំណាយលុយសន្ធឹកដើម្បីនាំចូលខ្សែការពារថ្លៃលើលោកមករួមក្រុមក្តី។ ២គ្រាប់របស់ក្រុមញញួរសម្រេចបានដោយខ្សែប្រយុទ្ធ Andriy Yarmolenko នៅចុងវគ្គទី១ និងខ្សែការពារ Aaron Cresswell នៅនាទី៨៤។ Man Utd នៅលេខរៀងទី៨ មាន៨ពិន្ទុពីការប្រកួត៦លើក ឈ្នះ២ ចាញ់២ និងស្មើ២។
មាន់ខ្នាយមាស បើទោះនាំមុខ១គ្រាប់មុនដែលធ្វើបានដោយខ្សែប្រយុទ្ធ Harry Kane ក្តី ប៉ុន្តែនៅតែត្រូវ Leicester City វាយបកយកឈ្នះវិញដោយលទ្ធផល ២-១។ ខ្សែការពារ Ricardo Pereira ជាអ្នករកគ្រាប់បាល់តាមស្មើនៅនាទី៦៩ មុនពេលខ្សែបម្រើឆ្នើម James Maddison បន្ថែមគ្រាប់បាល់ជ័យជម្នះនៅនាទី៨៥សម្រាប់ក្រុមរហស្សនាមកញ្ជ្រោង។ ជ័យជម្នះនេះបាននាំ Leicester ឡើងទៅចំណាត់ថ្នាក់ទី៣ មាន១១ពិន្ទុ ខណៈ Spurs មាន៨ពិន្ទុ ឈរលេខ៧។
សម្រាប់ Arsenal វិញ នេះជាសប្តាហ៍ដ៏អស្ចារ្យរបស់ពួកគេតាមរយៈការវាយបកតាមឈ្នះគូប្រជែង Aston Villa វិញបើទោះនៅសល់គ្នាត្រឹម១០នាក់ក៏ដោយ។
ខ្សែបម្រើ John McGinn ជាអ្នករកគ្រាប់បាល់នាំមុខឲ្យ Aston នៅនាទី២០ មុនពេលខ្សែការពាររបស់កាំភ្លើងធំ Ainsley Maitland-Niles ទទួលបានកាតក្រហមនៅនាទី៤១។ ចូលដល់វគ្គទី២ Arsenal ដែលមានគ្នា១០នាក់ អាចរកគ្រាប់បាល់តាមស្មើវិញដោយការទាត់បាល់ពិន័យប៉េណាល់ទីរបស់ខ្សែបម្រើ Nicolas Pepe នៅនាទី៥៩ មុនពេលខ្សែប្រយុទ្ធ Wesley ជួយ Aston នាំមុខជាថ្មីនៅ១នាទីបន្ទាប់។
អ្វីដែលមិនគួរឲ្យជឿងសម្រាប់ Arsenal ពួកគេនៅតែរកបាន៣ពិន្ទុពីការប្រកួតនេះក្រោយពេលខ្សែការពារ Calum Chambers ស៊ុតតាមស្មើនៅនាទី៨១ ហើយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ជាអ្នកសម្រេចគ្រាប់ជ័យជម្នះតាមរយៈការទាត់បាល់ពីន័យ (free kick) ដ៏ល្អនៅនាទី៨៤។ ចប់ការប្រកួត Arsenal ឈ្នះម្ចាស់ផ្ទះ Aston ៣-២ ដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់ទី៤ក្នុងតារាង Premier League មាន១១ពិន្ទុ។
Aston Villa ស្ថិតនៅតំបន់ត្រូវកាត់ចោលមាន៤ពិន្ទុ ស្មើគ្នាជាមួយ Wolverhampton ហើយ Watford នៅបាតតារាងមាន២ពិន្ទុ៕