កីឡាអន្តរជាតិ
អន្តរជាតិ
តើ Messi, Ronaldo ឬ Van Dijk ដែល​ឈ្នះ Best FIFA Player នៅ​យប់​នេះ​?
23, Sep 2019 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ (Best Fifa Football Awards 2019) ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នឹង​ប្រកាស​ជ័យលាភី​នៅ​ថ្ងៃទី​២៣ ខែកញ្ញា​នេះ នាង​ទី Milan ប្រទេស​អ៊ីតាលី វេលា​ម៉ោង ០១:៣០​នាទី​អាធ្រាត្រ [​ម៉ោង​នៅ​កម្ពុជា​]​។ ខ្សែការពារ Virgil van Dijk ខ្សែបម្រើ Lionel Messi និង​ខ្សែប្រយុទ្ធ Cristiano Ronaldo ជា​បេក្ខភាព​៣​រូប​ចុងក្រោយ​ដើម្បី​ប្រជែង​យកពាន​នេះ​។​



Van Dijk ខ្សែការពារ​ឆ្នើម​របស់​ហង្ស​ក្រហម Liverpool និង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បាន​ប្រជែង​ឈ្នះ Messi ខ្សែបម្រើ​ក្រុម Barcelona និង Ronaldo ខ្សែប្រយុទ្ធ Juventus ដើម្បី​ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​២០១៩ របស់​អឺរ៉ុប (UEFA Men's Player of the Year) ដែល​រៀបចំ​ដោយ UEFA រួចមកហើយ​។



FIFA បានរៀបចំ​ពាន Best FIFA Football Awards សម្រាប់​ផ្តល់ជូន​កីឡាករ​រូប​ណា​ដែលមាន​សមិទ្ធផល​ល្អ និង​ទទួលបាន​ភាពលេច​ធ្លោ​ខ្លាំង​នៅ​រដូវ​កាល​ចាស់ តាមរយៈ​ការបោះឆ្នោត​គាំទ្រ​ពី​សំណាក់​ក្រុម​គ្រូបង្វឹក ប្រធាន​ក្រុម និង​អ្នកសារព័ត៌មាន​កីឡា​អាជីព​។​

​កាលពី​ឆ្នាំ​២០១៨ Luka Modric ខ្សែបម្រើ Real Madrid ជា​អ្នក​គ្រង​ពាន​នេះ​ដោយ​ប្រជែង​ឈ្នះ  Ronaldo និង Mohamed Salah​។ Modric ខ្សែបម្រើ​សញ្ជាតិ​ក្រូ​អាស៊ី​បាន​ជួយ Real ឈ្នះ​ពាន Champions Leageu ជា​លើក​ទី​៣​ជាប់​គ្នា និង​លេចធ្លោ​សម្រាប់​ពាន​កីឡាបាល់ទាត់ World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨ ដោយ​ជួយ​ក្រូ​អាស៊ី​ទទួលបាន​រងជើង​ឯក​។​

​សម្រាប់​ឆ្នាំ​២០១៩​នេះ​វិញ តើ​កីឡាករ​រូប​ណា​ដែល​អាច​ស្នង​តំណែង​នេះ​ពី Modric ស្រប​ពេលដែល Van Dijk បាន​ជួយ Liverpool លើក​ពាន Champions Leageu ជា​លើក​ទី​៦ Messi ជួយ Barcelona លើក​ពាន La Liga ហើយ Ronaldo នាំ Juventus ឈ្នះ Serei A សម្រាប់​រដូវ​កាល​ដំបូង​របស់គេ​?


Tag:
 Best FIFA Player
© រក្សាសិទ្ធិដោយ thmeythmey.com