រថយន្ត
អន្តរជាតិ
បណ្តាញផ្សព្វផ្សាយនៅអាមេរិកខាងជើង នឹងបោះឆ្នោតជ្រើសរើស «រថយន្ត» ប្រចាំឆ្នាំ២០២០
× អ្នកជំនាញរថយន្ត និងបណ្តាញផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក និងកាណាដា បានបង្ហាញរថយន្តទំនើបៗចំនួន១២ប្រភេទដែលត្រូវប្រជែងពានរង្វាន់ «រថយន្តកំពូល» (North American Car of the Year) ប្រចាំឆ្នាំ២០២០ នៅអាមេរិកខាងជើង។ រថយន្តទាំងនោះ សុទ្ធតែបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គណៈមេប្រយោគចំនួន៥០នាក់ ដែលជាអ្នកជំនាញរថយន្ត និងបម្រើការតាមបណ្តាញផ្សព្វផ្សាយដូចជាកាសែត អនឡាញ វិទ្យុ ទូរទស្សន៍ជាដើមនោះ នឹងកំណត់ជោគវាសនារថយន្ត១២ប្រភេទសម្រាប់ពានរង្វាន់ «រថយន្តឆ្នើមប្រចាំឆ្នាំ២០២០» ក្រោមការរៀបចំរបស់គណៈកម្មការពានរង្វាន់ NACTOY (North American Car, Utility and Truck of the Year Awards)។
រថយន្តទំនើបទាំង១២ ដែលស្ថិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន BMW 3 Series, Cadillac CT5, Chevrolet Corvette Stingray, Hyundai Sonata, Kia Soul, Mazda3, Mercedes-Benz A-Class, Polestar 1, Porsche 911, Subaru Legacy, Toyota Supra និង Volkswagen Arteon។
ក្រៅពីរថយន្តទំនើបៗទាំង១២ប្រភេទ គណៈកម្មការវិនិច្ឆ័យ ក៏នឹងជ្រើសរើសប្រភេទរថយន្ត Utility និង Truck ផងដែរ។ ប្រភេទ Utility មានបេក្ខភាពចំនួន១២ និង Truck មានចំនួន៥ប្រភេទ។
ការវាយតម្លៃដំណាក់កាលដំបូងនឹងប្រព្រឹត្តទៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា នៅក្រុង Ann Arbor រដ្ឋMichigan សហរដ្ឋអាមេរិក តាមរយៈការបើកបរសាកល្បងនៅលើផ្លូវថ្នល់។ បន្ទាប់មក គណៈមេប្រយោគនឹងប្រកាសរថយន្ត៣ប្រភេទចុងក្រោយសម្រាប់វគ្គផ្តាច់ព្រ័ត្រ នាពិព័រណ៌រថយន្ត LA Auto Show នៅ Tech Pavilion នាថ្ងៃទី២០ ខែវិច្ឆិកា មុននឹងប្រកាសរថយន្តដែលឈ្នះនាដើមឆ្នាំ២០២០ ខាងមុខ។
© រក្សាសិទ្ធិដោយ thmeythmey.com