តើ​សិស្ស​គួរ​ត្រៀមខ្លួន​ដូចម្តេច ចូលរៀន​នៅ​សាកលវិទ្យាល័យ​?
ជាតិ
បាក់ឌុប
តើ​សិស្ស​គួរ​ត្រៀមខ្លួន​ដូចម្តេច ចូលរៀន​នៅ​សាកលវិទ្យាល័យ​?
24, Sep 2019 , 9:20 am        
រូបភាព
​ដោយ​៖ សុវណ្ណ ស្រី​ពេជ្រ​

​ភ្នំពេញ​៖ ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​សាកលវិទ្យាល័យ គឺជា​រឿង​ដ៏​លំបាក​មួយ​សម្រាប់​សិស្សានុសិស្ស ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​។ បញ្ហា​នៅត្រង់ថា តើ​ពួកគេ​គួរ​រៀន​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ឬ​រៀន​ជំនាញ​ដែលមាន​គេ​រៀន​ច្រើន​ហើយ​ស្រប​នឹង​តម្រូវការ​ទីផ្សារ ឬ​រៀន​ជំនាញ​ដែល​ឪពុកម្តាយ​ជ្រើសរើស​ឲ្យ​? ខាងក្រោម​នេះ គឺជា​ចែករំលែក​បទពិសោធន៍​របស់​កញ្ញា រស់ ចាន់​ត្រា សិស្ស​និទ្ទេស A កាលពី​ឆ្នាំ​២០១៦ ជុំវិញ​ការជ្រើសរើស​ជំនាញ​សិក្សា និង ការត្រៀមខ្លួន​ចូលរៀន​សាកលវិទ្យាល័យ​។​



​កញ្ញា រស់ ចាន់​ត្រា គឺជា​សិស្ស​និទ្ទេស A នៅក្នុង​សម័យ​ប្រឡង​ឆ្នាំ​២០១៦​។ បច្ចុប្បន្ន​នាង​កំពុង​សិក្សា​ជំនាញ​ពីរ​ដោយឡែក​ពីគ្នា គឺ​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ ពេញ និង​ជំនាញ​ច្បាប់ នៅ​សកល​វិទ្យាល័យ​កម្ពុជា​។ កញ្ញា រស់ ចាន់​ត្រា ទទួលស្គាល់ថា ការសម្រេចចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា រួមទាំង​គ្រឹះស្ថានសិក្សា​ផង គឺជា​រឿង​មួយ​ដែល​សិស្សានុសិស្ស បាន​ខ្វល់ខ្វាយ តាំងតែ​ពី​មិនទាន់​បានដឹង​លទ្ធផល​ប្រឡង​បាក់​ឌុប​ម្ល៉េះ​។



​សិស្ស​និទ្ទេស A រូបនេះ បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​កាល​ខ្ញុំ​នៅ​រៀន​គឺ​ដូច​តែ​គ្នា​ទេ ខ្ញុំ​មិនសូវ​ដឹង​ព័ត៌មាន​ថា​នៅ​សាកល​គេ​រៀន​មុខវិជ្ជា​អ្វីខ្លះ គេ​រៀន​ពី​អីៗ​ទេ ទាល់តែ​ខ្ញុំ​សាកសួរ​សិស្ស​ច្បង​។ អ៊ីចឹង​ពេលនោះ ខ្ញុំ​ស្រលាញ់​មុខវិជ្ជា​ពីរ គឺ​ខ្មែរ និង​ច្បាប់​។ ខ្ញុំ​ចង់​រៀន​ទាំងពីរ​។ ដោយសា​តែ​កាល​នៅ​វិទ្យាល័យ គេ​ឲ្យ​ដាក់​អាហា​រូប​រណ៍​តែមួយ​ទេ អ៊ីចឹង​ខ្ញុំ​ដាក់​ច្បាប់ ដល់​តែ​ពេល​បាន​ពិភាក្សា​ជាមួយ​ម៉ាក់ គាត់​ថា​ចង់​ឲ្យ​រៀនអក្សរ​សាស្ត្រ​ខ្មែរ អ៊ីចឹង​ខ្ញុំ​ក៏​ដាក់​តាម​ម៉ាក់​ទៅ​។ តែ​ដាក់​តាម​ហ្នឹង ខ្ញុំ​ក៏​ស្រលាញ់​អក្សរសាស្ត្រ​ខ្មែរ​ដែរ ហើយ​គិតថា បន្ទាប់ពី​រៀន​ចប់​ទៅ ក៏​អាចធ្វើ​ការទាក់ទង​នឹង​ជំនាញ់​ច្បាប់​ខ្លះៗ​ដែរ ព្រោះ​ខ្ញុំ​ស្រលាញ់​ផ្នែក​សង្គម​»​។



​បន្ទាប់​មកពី​ប្រឡង​បាក់​ឌុប​ហើយ គឺ​ម្នាក់ៗ​រង់ចាំ​លទ្ធផល​។ អ៊ីចឹង​ពេល​ដឹង​លទ្ធផល​ថា​ជាប់​ហើយ គឺ​នៅចាំ​ថា​ជាប់​អាហារូបករណ៍​តាម​សាលា ដែល​យើង​បានដាក់​កាល​នៅ​វិទ្យាល័យ​សិន ហើយ​ត្រូវ​ដើររក​សាលា​ផ្សេងទៀត ដែល​គេ​ផ្ដល់​អា​រូបករណ៍​តាមរយៈ​និទ្ទេស ឬក៏​តាមរយៈ​ការប្រឡង​ចូល​ជាដើម​»​។​

​បន្ទាប់ពី​សម្រេចចិត្ត​រៀនអក្សរ​សាស្ត្រ​ខ្មែរ​ហើយ កញ្ញា រស់ ចាន់​ត្រា ក៏បាន​ដាក់ពាក្យ​ប្រ​ឡើង​យក​អាហារូបករណ៍​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ​ឯកជន​មួយទៀត​ដែរ ក៏​ព្រោះ​ជំនាញ​ច្បាប់​នេះ នាង​ក៏​ស្រឡាញ់ និង​ចង់​រៀន​ខ្លាំង​ដែរ​។ 

​អាច​និយាយថា កញ្ញា រស់ ចាន់​ត្រា មានសំណាង​ដែរ ព្រោះ​ជំនាញ​ដែល​នាង​ជ្រើសរើស​សិក្សា នាង​ខ្លួនឯង​ក៏​ស្រឡាញ់ ឯ​ក្រុមគ្រួសារ​ក៏​គាំទ្រ​។ ទោះជា​យ៉ាងនេះ​ក្តី កញ្ញា រស់ ចាន់​ត្រា លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស ជ្រើសរើស​ជំនាញ​សិក្សា​ដែល​ខ្លួន​ស្រឡាញ់ ដែល​វា​ល្អប្រសើរ​ជាង​រៀន​ជំនាញ​តាម​គ្នា ឬ​តាម​ការបង្គាប់​ពី​ឪពុកម្តាយ​។ កញ្ញា រស់ ចាន់​ត្រា ពន្យល់​ដូច្នេះ​៖«​បើ​ស្រលាញ់​មុខវិជ្ជា​អី​រៀន​នឹង​ទៅ កុំ​រៀន​តាម​គ្នា ឬ​រៀន​ដើម្បី​ផ្គាប់ចិត្ត​គ្រួសារ ព្រោះ​កាលណា​បើ​យើង​សម្រេចចិត្ត​ខុស គឺ​យើង​ខ្លួនឯង​អ្នក​ខាត​ពេលវេលា ជួនកាល​រៀន​មិន​ពូកែ ដោយសារតែ​បង្ខំចិត្ត​រៀន ទាំង​មិន​ចង់​ជាដើម​។ អ្នកណា​ក៏​ចង់​រៀន​សាលា​ល្បី​សាលា​ល្អ​ដែរ ប៉ុន្តែ​មិ​សំខាន់​ត្រង់​ថា​រៀន​សាលា​ថ្លៃ​គឺ​ចេះ​ទេ បើ​យើង​មិន​ខំរៀន​ផង​នោះ ចឹ​ង​ត្រូវ​គិត​លើ​ជំនាញ​ដែល​ខ្លួន​ស្រលាញ់ ហើយ​សាលា​ណា​ដែល​សាក​សម​នឹង​ជំនាញ​ហ្នឹង​»​។​



​ទាក់ទង​នឹង​ការសិក្សា​នៅ​សាកលវិទ្យាល័យ​វិញ កញ្ញា រស់ ចាន់​ត្រា ក៏​ណែនាំ​ឲ្យ​សិស្សានុសិស្ស​ដែល​ទើប​ជាប់​បាក់​ឌុប សាកសួរ​របៀប​រៀន​ពី​រៀមច្បង​ផងដែរ ដើម្បី​មានលទ្ធភាព​ទទួលបាន​អាហារូបករណ៍​ទៅ​ក្រៅប្រទេស ឬ​ឱកាស​ហាត់​ការ​ក្នុងអំឡុងពេល​ជាដើម ដែល​វា​ជា​ទុន​ដ៏​សំខាន់​សម្រាប់​អនាគត​។  កញ្ញា រស់ ចាន់​ត្រា បញ្ជាក់​ដូច្នេះ​៖«​សម្រាប់​ខ្ញុំ កាល​នៅ​ឆ្នាំ​ទី​១ ខ្ញុំ​ខំរៀន​ខ្លាំង​មែនទែន​។ ខ្ញុំ​មាន​គ្រឹះ​ពី​ទី​១២​ស្រាប់ ហើយ​ពេល​ចូលរៀន​សាក​លវា​ថ្មី វា​ប្លែក​ពី​វិទ្យាល័យ អ៊ីចឹង​ត្រូវ​ព្យាយាម​ចុះសម្រុង​នឹង​បរិបទ​នៅ​សាកល ត្រូវ​ធ្វើតាម​អ្វីដែល​គ្រូ​ប្រាប់ យូរៗ​ទៅ ខ្ញុំ​ក៏​ទម្លាប់​នឹង​បរិយាកាស​នៅ​សាកលវិទ្យាល័យ ព្រោះ​ខ្ញុំ​ដឹង​ពីរ​បៀ​បរៀន​។ នៅ​សាក​លវា​ក៏​មិនសូវ​ខុសគ្នា ពី​វិទ្យាល័យ​ប៉ុន្មាន​ដែរ គឺ​យើង​ត្រូវមាន​កាលវិភាគ​សិក្សា​ប្រចាំថ្ងៃ​ច្បាស់លាស់ ត្រូវ​រៀន​ស្រាវជ្រាវ​បន្ថែម រៀន​ឆ្ងល់ ហ៊ាន​សួរ​គ្រូ​ជាដើម​។ អ្វីដែល​ពិសេស​គឺ​ការស្រាវជ្រាវ និង​អនុវត្ត​ផ្ទាល់​ដោយ​ខ្លួនឯង​ឱ្យបាន​ច្រើន​»​។​



​និស្សិត​ឆ្នាំ​ទី​២ កញ្ញា ចាន់​ត្រា បាន​ផ្តល់យោបល់​ចុងក្រោយ​របស់ខ្លួន ទៅកាន់​សិស្ស​ដែល​ទើប​ជាប់​បាក់​ឌុប ថាបើ​ចង់​ជោគជ័យ នៅ​សាកលវិទ្យាល័យ​គឺ​ត្រូវ​ដាក់ចិត្ត​ដាក់​កាយ​ខិត​ខំរៀន​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត និង​ត្រូវ​រៀន​ស្រាវជ្រាវ​អ្វី​ថ្មីៗ​។ ទន្ទឹមនឹងនោះ និស្សិត​ក៏ត្រូវ​មាន​វិន័យ នឹងត្រូវ​ទៅ​រៀន​ឲ្យ​ទៀងទាត់​ផងដែរ ព្រោះ​អាច​ទទួលបាន​ការពន្យល់​មេរៀន​ពី​គ្រូ​ដោយផ្ទាល់ ហើយក៏​ទទួលបាន​ពិន្ទុ​វត្ត​មានបាន​ពេញ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្រៅតែពី​កំពុង​សិក្សា​អាហារូបករណ៍​នៅ​ពីរ​សាកលវិទ្យាល័យ​ផ្សេងគ្នា កញ្ញា រស់ ចាន់​ត្រា  ដែលជា​សិស្ស​និទ្ទេស A សម័យ​ប្រឡង​២០១៦ ក៏​ទើបតែ​ត្រលប់​មកពី​ប្រទេស​ជប៉ុន ក្រោម​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​រយៈពេល​១០​ខែ ឬមួយ​ឆ្នាំ​សិក្សា នៅ​សាលា Tokyo University Foreign  of Language ផងដែរ​៕






© រក្សាសិទ្ធិដោយ thmeythmey.com