ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ព្រះមហាក្សត្រ
រដ្ឋធម្មនុញ្ញ​៖ គ្មាន​អ្នកណា អាច​បំពាន​ព្រះមហាក្សត្រ​បានឡើយ​
24, Sep 2019 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ត្រូវបាន​ចាត់ទុកជា​ច្បាប់កំពូល​របស់​ប្រទេស បាន​លើកតម្កើង​និង​ផ្តល់​តម្លៃ​ខ្ពស់បំផុត​ដល់​ព្រះមហាក្សត្រ រហូត​ចែង​ក្នុង​មាត្រា​៧ ថា «​ព្រះអង្គ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​»​។



​មាត្រា​៨ កំណត់​ឲ្យ​ព្រះមហាក្សត្រ ប្រថាប់ជា​ព្រះប្រមុខរដ្ឋ​មួយជីវិត ហើយ​ព្រះអង្គ ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង និរន្តរភាព​ជាតិ​។ បើតាមមាត្រា​៨​ដដែល ព្រះអង្គ ទ្រង់​ជា​អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ បូរាណ​ភាព​ទឹកដី ជា​អ្នកធានា​ការគោរព​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ និង ការគោរព​សន្ធិសញ្ញា​អន្តរជាតិ​។​

​លើសពីនេះ ព្រះមហាក្សត្រ ទ្រង់មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល ដើម្បី​ធានា​ការប្រព្រឹត្តទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាពទៀងទាត់​។ នេះ​បើតាម​មាត្រា​៩​។

​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ គឺជា​ខួប​២៦​ឆ្នាំ នៃ​ការប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ដែល​ឡាយព្រះហស្ត​ដោយ​ព្រះបាទ ន​រោ​ត្ត សីហនុ អតីតព្រះមហាក្សត្រ​កម្ពុ​ជា កាលពី​ឆ្នាំ​១៩៩៣ ក្រោយ​កម្ពុជា មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​១៧​ជំ​ពួក និង​១៦០​មាត្រា​។ មាន​២៤​មាត្រា ដែល​ចែង​អំពី​ព្រះមហាក្សត្រ ក្នុង​ជំពូក​ទី​២ នៃ​រដ្ឋធម្មនុញ្ញ​។​

​ក្រៅ​ព្រី​រដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ក៏មាន​ចែក​អំពី​ព្រះមហាក្សត្រ​ផងដែរ​។ មាត្រា​៤៣៧ (​ស្ទួន​) ដែល​ត្រូវបាន​បន្ថែម ចូលទៅក្នុង​ក្រមព្រហ្មទណ្ឌ កាលពីដើមឆ្នាំ​២០១៨ បាន​ចែងថា បុគ្គល​ណា ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​។

​ការប្រមាថ គឺ​សំដៅលើ ការប្រើ​វាចា កាយវិការ សំណេរ គំនូរ ឬ វត្ថុ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។

​មាន​បុគ្គល​មួយចំនួន​ហើយ ដែល​ត្រូវបាន​ចាប់ខ្លួន និង​ឈានដល់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​។ សូម្បី​អ្នកនយោបាយ ក៏​រង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ​ដែរ​៕


Tag:
 រដ្ឋធម្មនុញ្ញ​
  មហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com