ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនចិនបោះទុនជាង១០លានដុល្លារ បង្កើតរោងចក្រផលិតជី និងថ្នាំកសិកម្ម នៅខេត្តត្បូងឃ្មុំ ឧបករណ៍សម្ងួតស្លឹកថ្នាំជក់ របស់ក្រុមហ៊ុនហាម៉ីនីវីន អិនវេសមេន នៅខេត្តត្បូងឃ្មុំ។ រូបថត ក្រសួងកសិកម្ម ។
× ភ្នំពេញ៖ ក្រុមហ៊ុនចិនមួយឈ្មោះ ហាម៉ីនីវីន អិនវេសមេន នឹងសាងសង់រោងចក្រផលិតជី និងថ្នាំកសិកម្ម លើផ្ទៃដី១៥ហិចតា ក្នុងទំហំទឹកប្រាក់ជាង១០លានដុលា្លរ។ រោងចក្រនេះ នឹងចាប់ផ្តើមសង់ឡើងនៅដើមឆ្នាំ២០២០ នៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានស្រង់សម្តីលោក លោក ផាន់ ដុងហ្វេង ប្រធានក្រុមហ៊ុនចិនខាងលើថា ក្រោយការដាក់ឱ្យដំណើរការក្នុងជំហានទីមួយ រោងចក្រនេះ អាចផលិត ជី និងថ្នាំកសិកម្ម បានចំនួន៥ម៉ឺនតោនក្នុងមួយឆ្នាំ នឹងពង្រីកការផលិតបានរហូត១០ម៉ឺនតោនក្នុងមួយឆ្នាំ នៃជំហានទី២។ ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព ដែលស្របតាមលក្ខខណ្ឌរបស់ដីនៃមុខដំណាំ និងការប្រើប្រាស់ជីឲ្យត្រូវតាមបច្ចេកទេស ក្រុមហ៊ុននឹងរៀបចំមន្ទីរពិសោធន៍គុណភាពដីមុនការផលិតការផលិតជី និងថ្នាំកសិកម្មឈានមកដល់ផងដែរ។ នេះជាការបញ្ជាក់របស់ លោក ផាន់ ដុងហ្វេង។
ក្រុមហ៊ុន ហាម៉ីនីវីន អិនវេសមេន បានបោះទុនវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា អស់រយៈពេល៣ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០១៦។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានផ្ទៃដី១,៣ពាន់ហិចតា សម្រាប់វិនិយោគ លើដំណាំថ្នាំជក់ ចេក ពោត និងរោងចក្រកែច្នៃជី-ថ្នាំកសិកម្ម។ ក្នុងនោះក្រុមហ៊ុនបានដាំថ្នាំជក់លើផ្ទៃដី២០០ហិចតា។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានឧបករណ៍សម្ងួតសន្លឹកថ្នាំជក់ ដែលអាចផលិតបាន២-៣ពាន់តោនក្នុងមួយឆ្នាំ នឹងឈានទៅដល់៥ម៉ឺនតោនក្នុងមួយឆ្នាំ នាពេលអនាគតដ៏ខ្លីខាងមុខ៕
Tag:
កសិកម្ម
ជី
ថ្នាំពុល
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com