ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
នាយករដ្ឋមន្ត្រី រម្លឹកពីរដ្ឋធម្មនុញ្ញថា «កម្ពុជា ដាច់ខាតគោរពរាជានិយមនិងប្រជាធិបតេយ្យ» រូបថតឯកសារ៖ AFP
× ក្នុងទិវារម្លឹបខួប២៦ឆ្នាំ នៃការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារអបអរសាទរ និងឆ្លៀតរម្លឹកពីខ្លឹមសំខាន់ៗមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ។
តាមរយៈទំព័រហ្វេសប៊ុក សម្តេចនាយករដ្ឋមន្ត្រី បានសរសេរថា៖«ចំណុចសំខាន់ៗបំផុតមួយចំនួន ដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ មានដូចជា កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង របបប្រជាធិបតេយ្យសេរីពហុបក្ស»។
មាត្រា១នៃរដ្ឋធម្មនុញ្ញ ចែងថា «កម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។ ចំណែកមាត្រា១៥៣ថ្មី បានហាមប្រាមដាច់ខាតថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ»។
ប្រមុខរដ្ឋាភិបាល បន្ថែមថា រដ្ឋធម្មនុញ្ញកម្ពុជា បានចែងដាច់ដោយឡែកពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និង គោលការណ៍នីតិរដ្ឋផងដែរ។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ដូច្នេះ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយរបស់ស្ថាប័នរដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
រដ្ឋធម្មនុញ្ញកម្ពុជា ដែលចាប់កំណើតជាថ្មីតាំងពីឆ្នាំ១៩៩៣មក មាន១៧ជំពួក និង១៦០មាត្រា។ ជំពួកទាំង១៧នោះ ចែងអំពីអធិបតេយ្យ, ព្រះមហាក្សត្រ, សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, របបនយោបាយ , សេដ្ឋកិច្ច, អប់រំ វប្បធម៌ និងសង្គមកិច្ច, រដ្ឋសភា, ព្រឹទ្ធសភា, សមាជរដ្ឋសភានិងព្រឹទ្ធសភា, រាជរដ្ឋាភិបាល, អំណាចតុលាការ, ក្រុមប្រឹក្សាធម្មនុញ្ញ, ការគ្រប់គ្រងរដ្ឋបាល , សមាជជាតិ, ការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, និងអន្តរប្បញ្ញត្តិ។ ក្នុងរយៈពេល២៦ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញកម្ពុជា បានឆ្លងកាត់ការធ្វើវិសោធនកម្មរហូតដល់ទៅ៩លើក៕
Tag:
រដ្ឋធម្មនុញ្ញ
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com