អន្តរជាតិ
នយោបាយអន្តរជាតិ
អាណត្តិប្រធានាធិបតី Tsai Ing-wen តៃវ៉ាន់បាត់មិត្ត៦ប្រទេស, នៅសល់១៥ទៀត ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។ រូបភាព AFP
× គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ប្រទេសដែលទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យនៅតែសល់១៥ទៀតប៉ុណ្ណោះ។ ក្នុងអាណត្តិប្រធានាធិបតី Tsai Ing-wen ដែលផ្ដើមពីឆ្នាំ២០១៦ មក តៃវ៉ាន់បានបាត់បង់សម្ព័ន្ធមិត្តដល់ទៅ៧ប្រទេស ហើយដែលបានងាកទៅទទួលស្គាល់ចិនដីគោកជាតំណាងស្របច្បាប់របស់ចិនទាំងមូលវិញ។ បច្ចុប្បន្ន ប៉េកាំងកំពុងព្យាយាមអូសទាញប្រទេសសេសសល់ឲ្យផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ដោយសន្យាផ្ដល់ជំនួយអភិវឌ្ឍច្រើនៗ។
មុនឆ្នាំ២០១៦ ពេលអ្នកស្រី Tsai Ing-wen ក្លាយជាប្រធានាធិបតី តៃវ៉ាន់មានសម្ព័ន្ធមិត្តទូទាំងពិភពលោកចំនួន២២ប្រទេស។ ប៉ុន្តែបីឆ្នាំកន្លងទៅ ប្រទេសដែលបន្តទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នៅសល់តែ១៥ប្រទេសប៉ុណ្ណោះ។ សម្ព័ន្ធមិត្តតៃវ៉ាន់ ទំនងជាបន្តស្រកចុះទៀត បើអ្នកស្រី Tsai មិនផ្លាស់ប្ដីរជំហរក្នុងទំនាក់ទំនងជាមួយដីគោកទេនោះ ព្រោះជំហរងាកទៅរកការផ្ដាច់ខ្លួននេះហើយ ដែលធ្វើឲ្យប៉េកាំងសម្រុកអូសទាញសម្ព័ន្ធមិត្តតៃវ៉ាន់ឲ្យប្ដូរចិត្តនោះ។
រដ្ឋអាហ្វ្រិកសៅតូម៉េ និងប្រាំងស៊ីប ជាប្រទេសដំបូងគេ ដែលបោះបង់តៃវ៉ាន់ក្រោមអាណត្តិដឹកនាំរបស់លោកស្រី Tsai នៅខែធ្នូ ឆ្នាំ២០១៦ ។ ប៉ាណាម៉ា ជាប្រទេសបន្ទាប់ដែលផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់នៅខែមករា ឆ្នាំ២០១៧ ។ មកដល់ឆ្នាំ២០១៨ តៃវ៉ាន់បានបាត់បង់មិត្តបីប្រទេសទៀត មានរដ្ឋអាហ្វ្រិកបួគីណាហ្វាសូ រដ្ឋការ៉ាអ៊ីបសាធារណរដ្ឋដូមីនិកក្នុងខែឧសភា និងអែល សាវ៉ាឌ័រក្នុងខែសីហា២០១៨ ។ ប្រជុំកោះសូលូម៉ុន និងគីរីបាទី ក៏បោះបង់តៃវ៉ាន់ទៀតក្នុងខែកញ្ញា ឆ្នាំ២០១៩ ។
ក្នុងចំណោមប្រទេសដែលនៅទទួលស្គាល់តៃវ៉ាន់ មានរដ្ឋអាហ្វ្រិកមួយ គឺរាជាណាចក្រអ៊ីស្វាទីនី (ពីមុនឈ្មោះ ស្វាស៊ីឡង់) ខណៈបុរីវ៉ាទីកង់ជារដ្ឋតែមួយគត់នៅអឺរ៉ុបដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ នៅឯការ៉ាអ៊ីប និងអាមេរិកកណ្ដាលវិញ តៃវ៉ាន់មានមិត្តដូចជា បេលីស, ហៃទី, ហុងឌុយរ៉ាស, នីការ៉ាហ្កា, ក្វាតេម៉ាឡា, សាំងលូស៊ី, St Vincent and the Grenadines, St Kitts and Nevis ហើយនៅតំបន់ឡាទីនមានមួយប្រទេសដែរ គឺប៉ារ៉ាហ្កាយ។
នៅតំបន់ប៉ាស៊ីហ្វិក តៃវ៉ាន់មានសម្ព័ន្ធមិត្តជាប្រទេសកោះតូចៗដូចជា ណូរូ, ប៉ាឡាវ, ទូវ៉ាលូ, Marshall Islands ៕
© រក្សាសិទ្ធិដោយ thmeythmey.com