អន្តរជាតិ
លោក មហា​ធៀ ចាត់ទុក​បញ្ហា​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​ជា «​អំពើ​ប្រល័យពូជសាសន៍​»
25, Sep 2019 , 4:43 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ នៅទីស្នាក់ការកណ្តាល UN ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃ ២៤ កញ្ញា ២០១៩ (Twitter@Cjedetofficial)
លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ នៅទីស្នាក់ការកណ្តាល UN ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃ ២៤ កញ្ញា ២០១៩ (Twitter@Cjedetofficial)
ដោយ:
​ជា​រឿង​មិន​នឹកស្មាន​ដល់​! នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បានចាត់ទុក​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ជា «​អំពើ​ប្រល័យពូជសាសន៍​» ។ មេដឹកនាំ​រូបនេះ ក៏បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​រួមគ្នា ដោះស្រាយ​ជាបន្ទាន់​បញ្ហា​ដែល​កំពុង​កើតឡើង​នេះ​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​នេះ​។​



​ថ្លែង​នៅក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៤ នៅ​ថ្ងៃទី​២៤ ខែកញ្ញា លោក មហា​ធៀ មហាម៉ាត់ គូសបញ្ជាក់ថា​៖ «​ឥឡូវ​ចាប់ផ្តើម​ដោយ​ការហៅ​ឈ្មោះ​ចំៗ​។ អ្វីដែល​បានកើត​ឡើង​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន (​មី​យ៉ាន់​ម៉ា​) គឺជា​អំពើ​ប្រល័យពូជសាសន៍​» ។ ត្រង់នេះ លោក សំដៅលើ ការសម្លាប់​រង្គាល​, ការរំលោភ​ផ្លូវភេទ (​លើ​ស្ត្រី​) ជា​ប្រព័ន្ធ និង​ការបំពាន​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ផ្សេងទៀត​លើ​សិទ្ធិមនុស្ស​។

​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ៧៤​ម៉ឺន​នាក់ បាន​រត់​ភៀសខ្លួន​ពី​ភូមិកំណើត​ពួកគេ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន ក្រោយ​មានការ​ប​ង្គ្រា​ប​ពី​សំណាក់​យោធា​ក្នុង​ខែសីហា ២០១៧ ។ ពួកគេ​បាន​ចូលរួម​ជាមួយ​ជនភៀសខ្លួន​ជិត​២០​ម៉ឺន​នាក់​ផ្សេងទៀត ដែល​កំពុង​រស់នៅក្នុង​ជំរំ​ដ៏​កខ្វក់​តាម​ព្រំដែន​បង់​ក្លា​ដែ​សភាគ​អាគ្នេយ៍​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bernama លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ បញ្ជាក់ទៀតថា ការធ្វើ​មាតុភូមិនិវត្តន៍ គួរតែ​ជា​អាទិភាព​ចម្បង​របស់​ម៉ា​យ៉ាន់​ម៉ា ដើម្បី​ស្តែងចេញ​ភាពប្រាកថប្រជា​ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ​។ ទោះបី​មាន​កិច្ចប្រឹងប្រែង​នាំយក​ពួកគេ​មកវិញ​ក្តី ផែនការ​ទាំងនោះ បាន​បរាជ័យ​។ ត្រង់នេះ លោក មហា​ធៀ លើកឡើងថា ហេតុផល​ដែល​គ្មាន​នរណាម្នាក់​នឹង​ត្រលប់​មកវិញ​នោះ ក៏​ព្រោះតែ​ពួកគេ​មិនមាន​អា​ម្មណ៍​ថា សុវត្ថិភាព​របស់​ពួកគេ ត្រូវបាន​ធានា​ពី​សំណាក់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។​

​ចំពោះ​បញ្ហា​នេះ លោក មហា​ធៀ អះអាងថា ម៉ាឡេស៊ី នឹង​បន្ត​ជួយ​ជ្រោមជ្រែង​សម្រាប់​ការធ្វើ​មាតុភូមិនិវត្តន៍​នេះ​ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព​, ស្ម័គ្រចិត្ត និង​លក្ខណៈ​ថ្លៃថ្នូ ហើយ​វិធី​តែមួយគត់​ដើម្បី​សម្រេច​រឿងនេះ​ដោយ​ជោគជ័យ គឺ ការផ្តល់​សញ្ជាតិ​ពេញលេញ​ដល់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នោះ​។

​យ៉ាងណាមិញ អាជ្ញាធរ​មី​យ៉ាន់ បាន​ក្លែង​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា ដោយ​ការបង្កើត​ភ្លើង​ស្អប់ ភ័យខ្លាច និង​ហិង្សា​ទៅវិញ​។ ជា​លទ្ធផល ត្រឹមតែ​ការពិចារណា​ចំពោះ​គំនិត​នៃ​ការផ្តល់​សញ្ជាតិ​បែបនេះ ជា​រឿង​ដែល​មិនអាច​ទទួលយកបាន​។ មេដឹកនាំ​ម៉ាឡេស៊ី វ័យ​៩៤​ឆ្នាំ​រូបនេះ បានបញ្ជាក់​បែបនេះ​។

​ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នឹង​គ្មាន​ឆន្ទៈ​ដាក់ចេញ​សកម្មភាព​ណាមួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ទេនោះ លោក មហា​ធៀ បានស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​រួមគ្នា ដោះស្រាយ​បញ្ហា​នេះ​។ លោក សង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ គួរ​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បង្ការ​ភាព​វេទនា​ដែល​បង្កើត​ឡើយ​ដោយ​មនុស្ស​នាពេល​អនាគត​។ ក៏ប៉ុន្តែ​ការស្ងៀមស្ងាត់ UN លើ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា ក៏​កំពុង​ប្រែជា​ថ្លង់​ផងដែរ​។

​ដោយ​កត់សម្គាល់​ពី​ភាព​អសកម្ម​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ UN លោកនាយក​រដ្ឋមន្ត្រី បាន​ទទូច​ឲ្យ​អង្គការ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម ហៅ​កាត់​ថា OIC លើកឡើង​ពី​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​នៅឯ​វេទិកា​អន្តរជាតិ និង​លើកយក​បញ្ហា​នេះ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ។ ទាក់ទិន​រឿងនេះ លោក សង្ឃឹមថា បណ្តា​ប្រទេស​ផ្សេងទៀត នឹង​គាំទ្រ​អង្គការ OIC ដើម្បី​ធានាថា ជនដៃដល់ មិនអាច​រត់គេច​ផុត​ជាមួយ​ឧក្រិដ្ឋកម្ម​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​៕

Tag:
 ម៉ាឡេស៊ី​
  រ៉ា​ក់​ឃី​ន​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com