ព័ត៍មានសុខភាព
ប្រយ័ត្ន​! ទាំងនេះ​ជា​រោគសញ្ញា​ដំបូង​នៃ​កង្វះ​វីតាមីន C
26, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វីតាមីន C គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាសុខ​ភា​ពរាងកា​យ​ល្អប្រសើរ​និង​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​។ រាងកាយ​ត្រូវការ​បរិមាណ​វីតាមីន C គ្រប់គ្រាន់​រាល់ថ្ងៃ​ក៏​ព្រោះ​មិន​ដូច​វីតាមីន​ដទៃទៀត​ទេ វីតាមីន C មិន​ស្ថិតនៅក្នុង​ប្រព័ន្ធ​រាងកាយ​បានយូរ​ឡើយ​។ ទោះជា​យ៉ាងណា​បញ្ហា​នេះ​អាច​ត្រូវបាន​ដោះស្រាយ​យ៉ាង​ងាយ​ដោយ​គ្រាន់តែ​បន្ថែម​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ប៉ុន្តែ​ថា​តើ​ធ្វើយ៉ាងណា​ទើប​ដឹងថា​រាងកាយ​ខ្វះ​វីតាមីន C?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​លេចឡើង​នៅពេល​រាងកាយ​ខ្វះ​វីតាមីន C ៖ 
 
១. ហើម​និង​ឈាម​អញ្ចាញធ្មេញ​
​វីតាមីន C គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​អញ្ចាញធ្មេញ​។ ប្រសិនបើ​រាងកាយ​ខ្វះ​វីតាមីន C ជាប្រចាំ​នោះ​អ្នក​ងាយ​នឹង​ប្រឈមមុខ​ជាមួយ​បញ្ហា​រាក់​ស៊ី​ធ្មេញ​បំផុត​។ ចូរ​សាកល្បង​ព្យាយាម​ទទួលទាន​វីតាមីន C បន្ថែម ប្រសិនបើ​ឧស្សាហ៍​ហើម​និង​ឈាម​អញ្ចាញ​ទោះបីជា​បាន​ថែរក្សា​សុខភាព​មាត់​ធ្មេញ​ត្រឹមត្រូវ​ជាប្រចាំ​ហើយ​។ 
 
២. ស្បែក​ងាយ​ជាំ​ខៀវ ហើយ​របួស​យូរ​មិន​ងាយ​ជាសះស្បើយ​
​ប្រសិនបើ​អាកា​រៈ​នេះ​លេចឡើង​អ្នក​គួរ​ព្យាយាម​បន្ថែមបន្លែ​និង​ផ្លែឈើ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ចូលក្នុង​របប​អាហារ​ហើយ​។ នោះ​ក៏​ព្រោះតែ​រាងកាយ​ត្រូវការ​វីតាមីន C ដើម្បី​ផលិត​កូ​ឡា​ជែ​ន​។ ស្បែក​ស្រអាប់​និង​ស្ងួត​ក៏​អាច​បណ្ដាលមកពី​កង្វះ​វីតាមីន​នេះ​ផងដែរ​។​
 
៣. សក់​បែក​ចុង ផុយស្រួយ និង​ឆាប់​ជ្រុះ
​រាងកាយ​ក៏​ប្រហែលជា​កំពុង​ជួបប្រទះ​បញ្ហា​ខ្វះ​វីតាមីន C ដែរ​ហើយ​ប្រសិនបើ​សក់​ប្រែជា​បែក​ចុង ផុយ​ស្រួល ហើយ​ងាយ​នឹង​ជ្រុះ​។ ដូច្នេះ​មុននឹង​ខ្ជះខ្ជាយ​ប្រា​ក់លើ​ផលិតផល​ថែរក្សា​សក់ ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C សិន​។​
 
៤. ឧស្សាហ៍​ឈឺសន្លាក់​
​ឈឺសន្លាក់ គឺជា​អាកា​រៈ​ទូទៅ​បំផុត​មួយ​នៃ​កង្វះ​វីតាមីន C ក្នុង​រាងកាយ​។ នោះ​ក៏​ព្រោះតែ​វីតាមីន C ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល ហើយ​កង្វះ​វីតាមីន​នេះ​អាច​បង្ក​ការ​រលាក​ដែលនាំឱ្យ​ឈឺសន្លាក់​។​
 
៥. ងាយ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​
​ប្រសិនបើ​អ្នក​ផ្ដាសាយ​ញឹកញាប់​នោះ​មានន័យថា​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​កំពុង​ចុះខ្សោយ​ហើយ​។ វីតាមីន C រំញោច​ការផលិត​កោសិកា​ឈាមស​ដែល​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ផ្ដាសាយ ឬ​ងាយ​ឆ្លង​ជំងឺ ចូរ​បង្កើន​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។​
 
៦. ឧស្សាហ៍​ហូរឈាម​ច្រមុះ​
​ការ​ហូរឈាម​ច្រមុះ​មិន​តែងតែ​គ្រោះថ្នាក់​ដល់​សុខភាព​ទាំងមូល​ឡើយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួបប្រទះ​បញ្ហា​បែបនេះ​វា​អាចជា​រោគសញ្ញា​នៃ​កង្វះ​វីតាមីន C ក្នុង​រាងកាយ​ហើយ​។ ច្រមុះ​គឺ​ពោរពេញ​ទៅដោយ​សរសៃឈាម​តូចឆ្មារ ហើយ​វីតាមីន C គឺ​ចាំបាច់​ដើម្បី​រក្សា​សុខភាព​សរសៃ​ឈាម​ទាំងនេះ​ឱ្យ​រឹងមាំ​
​ចៀសផុត​បញ្ហា​ឈាម​ច្រមុះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com