ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
ពេល​ភ្ជុំ​ទៅ​ជួប​ឪពុកម្តាយ​នៅ​ស្រុក មិនមែន​ទៅ​ផឹកស៊ី​ឡើយ​!
26, Sep 2019 , 3:30 pm        
រូបភាព
​ភ្នំពេញ​៖ យុវជន​ដែល​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ កាន់​តែមាន​អារម្មណ៍​អន្ទះសា​ទន្ទឹង​ចាំ​ថ្ងៃ​សម្រាក ដើម្បី​បាន​ទៅ​ស្រុកកំណើត​ជួប​អ្នកមានគុណ​ឆាប់ៗ នាឱកាស​ភ្ជុំបិណ្ឌ​នេះ​។ ពួកគេ​បានរៀបចំ​គម្រោង​រួចជាស្រេច ថា​នឹងធ្វើ​អ្វីខ្លះ​នៅពេលដែល​ពួកគេ​បាន​ទៅ​ជួប​គ្រួសារ​។​


​ដើម្បី​ដឹង​ពី​អារម្មណ៍​និង​គម្រោង​របស់​យុវជន ពេល​ទៅលេង​ស្រុកកំណើត​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




​ឮ​ចម្រៀង​ពី​រដូវ​ភ្ជុំបិណ្ឌ ធ្វើឱ្យ​យុវជន​ដែល​ទៅធ្វើ​ការ​ឆ្ងាយ​ពី​ស្រុកកំណើត កាន់តែ​នឹករឭក​ដល់​ញាតិ​ជាពិសេស​ម្ដាយ​ឪពុក​របស់​ពួកគេ​ដែល​កំពុង​រង់ចាំ​នៅឯ​ផ្ទះ​។​ អង្គុយលេង​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោយពី​សម្រាក​ពី​ការងារ​នា​ម៉ោងជាង​៥​ល្ងាច នារី​សម្បុរ​ស្រអែម​ស្រស់ រ៉ាំ ឌឿ​ន ដែល​ធ្វើការ​ជា​អ្នក​សម្អាត​បាន​ប្រាប់​ពី​អារម្មណ៍​ដែល​ខ្លួន​ទន្ទឹងរង់ចាំ​ថ្ងៃ​ឈប់សម្រាក ទៅលេង​ស្រុកកំណើត​នា​ឱ​ការ​ភ្ជុំបិណ្ឌ​នេះ​៖«​នឹក​ម៉ែ​ខ្លាំងណាស់ ពេលខ្លះ​ដេក​មិន​លក់​ទៀត​។ បើក​ទូរ​សព្ទ​មើល​ពេលណា ឃើញ​បង​ប្អូនគេ​បាន​ទៅ​ស្រុក​មុន គេ​សប្បាយ​ជាមួយគ្នា ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ក៏​នៅ​ទី​នោះដែរ​។ ខ្ញុំ​ចង់​ដល់​ថ្ងៃ​ទៅផ្ទះ​ឆាប់ៗ នឹក​ផ្ទះ នឹក​ម៉ែ​»​។

  
 
​ចំណែក​យុវជន​មួយរូប​ទៀត​ដែល​ឃ្លាត​ចាក​ស្រុកកំណើត​ពី​កំពង់សោម មក​ធ្វើការ​ជា​ចុងភៅ​នៅ​រាជធានី​ភ្នំពេញ​នោះ​គឺ​លោក សូ ធី​។ ដោយសារ​ការងារ​ចុងភៅ​មានការ​រវល់​ច្រើន ដូច្នេះ ធី នៅ​មិនទាន់​ប្រាកដ​ចិត្ត​ឡើយ ថា​នឹង​បាន​ឈប់សម្រាក​ទៅតាម​លិខិត​ដែល​លោក​បាន​សុំច្បាប់​នោះ​។ លោក​បញ្ជាក់​ទាំង​ទឹកមុខ​ស្រងូត​៖«​ខ្ញុំ​បាន​សុំច្បាប់​នៅ​កន្លែង​ការងារ​រួចហើយ ប៉ុន្តែ​នៅ​មិនទាន់​ច្បាស់​ថា​មេ​ឱ្យ​ឈប់​ឬ​អត់​ទេ​។ ភាគច្រើន​នៅពេលដែល​ខ្ញុំ​ដាក់​ច្បាប់ឈប់​បាន​ហើយ ប៉ុន្តែ​នៅពេល​ជិត​ដល់​ថ្ងៃ​ឈប់ គាត់​បែរជា​មិនឱ្យ​ខ្ញុំ​ឈប់​វិញ​។ ដូច្នេះ​មានការ​កែប្រែ​រហូត​»​។

  
 
​ចេញពី​អ្នកធ្វើការ​ជា​ចុងភៅ យើង​មក​ចាប់អារម្មណ៍​យុវជន​មួយរូប​ទៀត ដែល​ធ្វើការ​ជា​អ្នកកាសែត​វិញ​ម្ដងនោះ​គឺ​លោក ជាវ សំណាង​។ អង្គុយ​ក្នុង​ការិយាល័យ​របស់ខ្លួន សំណាង បាន​ប្រាប់​ពីអ្វី​ដែល​លោក​នឹងធ្វើ​នៅពេល​បាន​ទៅដល់​ស្រុកកំណើត​៖«​ខ្ញុំ​នឹង​ជួយ​ការងារ​ផ្ទះ យ៉ាងហោចណាស់​ក៏​ខ្ញុំ​បានធ្វើ​ម្ហូប​ជូន​ម៉ែ​ពុក​ទៅ​វត្ត​ដែរ​។ បន្ទាប់មក​ខ្ញុំ​ទៅ​ជួប​មិត្ត​ភ័ក្តិ​និង​បងប្អូន​ដែល​នៅ​ភូមិ​ក្បែរ​គ្នា​»​។


 
​អង្គុយ​ក្នុងផ្ទះ​នៅ​ម្ដុំ​វត្ត​សន្សំ​កុសល​នា​ម៉ោង​ជិត​៩​យប់ ខណៈពេលដែល​ទើបតែ​ចេញពី​ធ្វើការ​មកដល់​ផ្ទះ បុរស​វ័យ​២២​ឆ្នាំ សូ ធី គ្រោង​ជូន​ប្រាក់​ម្ដាយ​ឪពុក ដើម្បីឱ្យ​លោក​យកទៅ​ធ្វើបុណ្យ​៖«​បើសិនជា​ខ្ញុំ​បាន​ទៅលេង​ផ្ទះ​ថ្ងៃ​ភ្ជុំ​ធំ ខ្ញុំ​នឹង​ជូន​ប្រាក់​ពុក​ម៉ែ​បន្តិច​ប​ន្ទួ​ច​ដើម្បីឱ្យ​គាត់​បានធ្វើ​បុណ្យ​»​។ 
 
​ងាក​បន្តិច​ទៅ​មើល​តារាង​បាល់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រួច​ក៏​បែរមុខ​មករក​ខ្ញុំ​វិញ​ស្របពេល​មនុស្សម្នា​ដើរ​ហាត់ប្រាណ​អ្នកស្រី ឌឿ​ន ដែលមាន​វ័យ​៣៥​ឆ្នាំ ថា​អ្នកស្រី​នឹង​រៀបចំ​អាហារ​នំចំណី​ជូន​អ្នកមានគុណ​របស់ខ្លួន​៖«​ទៅ​ស្រុក​ថ្ងៃទី​១​ខ្ញុំ​ជូន​បាយ​ឪពុកម្ដាយ និង​របស់របរ​បន្តិច​ប​ន្ទួ​ច​ដែល​ខ្ញុំ​សន្សំ​ប្រាក់​ទិញ​បាន​។ ថ្ងៃទី​២​ជុំ​គ្រួសារ​ទៅធ្វើ​បុណ្យ​នៅ​វត្ត​ទាំងអស់គ្នា ជា​លក្ខណៈ​គ្រួសារ​»​។ 


 
​អ្នកស្រី​បន្ថែម​៖«​យើង​មានឱកាស​មួយឆ្នាំ​ជួប​គាត់​តែ​២​ដង​ទេ​គឺ​ចូលឆ្នាំ​និង​ភ្ជុំ យើង​ត្រូវធ្វើ​ម្ហូប​បាយ​លើក​ជូន​គាត់​។ យើង​ប្រឹង​ធ្វើឱ្យ​ល្អ​បំផុត ដើម្បីឱ្យ​គាត់​សប្បាយចិត្ត​។ គាត់​ប្រឹង​ចិញ្ចឹម​យើង​តាំងពី​បាតជើង​ក្រហម រហូត​យើង​មានកូន​គាត់​ចិញ្ចឹម​កូន​របស់​យើង​ទៀត គុណ​គាត់​ច្រើនណាស់ យើង​មិនអាច​សង​អស់​ទេ​»​។ 
 
​ការ​បាន​ទៅ​ស្រុកកំណើត​នៅ​រដូវ​ភ្ជុំ​សម្រាប់​យុវជន ក្រៅពី​ជូន​ប្រាក់​ឬ​ជូន​បាយ​ម្ហូប​ដល់​មាតាបិតា ពួកគេ​ក៏មាន​ការជួបជុំ​មិត្ត​ចាស់​ដែរ​។ លោក ធី ដែលមាន​ម្ដាយ​ឈឺ​នៅផ្ទះ ហើយ​ឪពុក​ជាជាង​សំណង់​នោះ បាន​ប្រាប់ថា​លោក​តែង​ទទួលទាន​ស្រា​ពេល​ទៅ​ស្រុក​ជួប​មិត្ត​ចាស់​។ តែ​ទោះជា​យ៉ាងណា​លោក​មិន​ទទួលទាន​ច្រើន​ឡើយ​។ ធី ប្រាប់​ពីអ្វី​ដែល​ម្ដាយ​បាន​ទូន្មាន​៖«​គាត់​មិន​ធ្លាប់​ស្ដីបន្ទោស​ខ្ញុំ​ទេ ប៉ុន្តែ​គាត់​ណែនាំ​ខ្ញុំ​ថា​គ្រឿង​ស្រវឹង​មិនល្អ​សម្រាប់​សុខភាព​ទេ​»​។ 


 
​ជាការ​សង្កេត​ទូទៅ​របស់លោក ជាវ សំណាង ដែល​មកពី​ខេត្តកំពង់ស្ពឺ បាន​មើលឃើញថា​នៅ​រដូវ​បុណ្យទាន យុវជន​មួយចំនួន​បាន​ចំណាយពេល​ច្រើន​ជាមួយ​មិត្ត ជាង​នៅ​ជាមួយ​គ្រួសារ​៖«​ពេលខ្លះ​គាត់​ជួបជុំ​មិត្ត​ហើយ​មាន​ស្រា​ផង អាច​អូស​បន្លាយពេល​ពេញ​មួយថ្ងៃ ធ្វើឱ្យ​ម្ដាយ​ឪពុក​ដើររក​ក៏មាន​។ ជាក់ស្ដែង​ខ្ញុំ​ខ្លួនឯង​ក៏​ធ្លាប់​ជួប​មិត្ត​ភ្លេច​គ្រួសារ​ដែរ​កាលពី​ឆ្នាំមុនៗ​»​។​
 
​មាន​ពេល​ឈប់សម្រាក​ពីថ្ងៃ​ទី​២៧​ដល់​ថ្ងៃទី​៣០​កញ្ញា ដើម្បី​ទៅលេង​ស្រុកកំណើត​អ្នកស្រី ឌឿ​ន មាន​គម្រោង​រៀបចំ​ពិធី​ជួបជុំ​តូច​មួយ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ញាតិ​ជិត​ឆ្ងាយ​៖«​ក្នុងពេល​បុណ្យ​នេះ គ្រួសារ​គាត់​ហូប​ស្រា​ខ្ញុំ​មិន​ប្រកាន់​ទេ ហើយ​ខ្ញុំ​អង្គុយ​ហូប​ទឹកក្រូច​កំដរ​គាត់​ដែរ​។ វា​ដូចជា​គ្រួសារ​មួយ​ដែល​កក់ក្ដៅ ព្រោះ​យូរៗ​យើង​បាន​ជួបគ្នា​ម្ដង​»​។ 
​ទោះជា​យ៉ាណា​លោក សំណាង ដែលមាន​ពេល​ទៅលេង​ស្រុកកំណើត ពីថ្ងៃ​ទី​២៦​ដល់​ថ្ងៃទី​៣០​ដែរនោះ ថា​យុវជន​ដែល​បាន​ចេញពី​ស្រុកកំណើត​មក​ធ្វើការ​ឆ្ងាយ គួរ​ចំណាយពេល​ឱ្យបាន​ច្រើន​ជាមួយ​គ្រួសារ​និង​ម្ដាយ​ឪពុក​។ ប៉ុន្តែ​លោក​ថា​ការរក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត ក៏​នៅតែ​បន្ត​ក្នុង​កម្រិត​ណាមួយ​។  


 
​លោក​ពន្យល់​៖«​អ្នកខ្លះ​បែក​ពី​ឪពុកម្ដាយ​កន្លះ​ឆ្នាំ​ឬមួយ​ឆ្នាំ​ទើបបាន​ទៅលេង​ស្រុក​ម្ដង បែរជា​ចំណាយ​ពេលវេលា​ជាមួយ​មិត្ត​ច្រើនជាង​ឪពុកម្ដាយ រូបភាព​បែបនេះ​គឺ​មិន​សម​ទេ​។ ឪពុក​និង​ម្ដាយ​ដែល​គាត់​ទន្ទឹង​ចាំ​ផ្លូវ​ពួកយើង​ជា​កូន​ទៅលេង​ស្រុក គាត់​គិតថា​យ៉ាងហោចណាស់​ក៏បាន​ជជែក​លេង​ជាមួយ​កូន សួរនាំ​ពី​ការរៀនសូត្រ​និង​ការងារ​ជាដើម​ដែរ​។ យើង​ត្រូវបំពេញ​ភារកិច្ច​ជា​កូន​ឱ្យបាន​ល្អ រៀបចំផ្ទះ ជូន​គាត់​ទៅ​វត្ត​ឱ្យ​ហើយ ចាំ​យើង​សុំ​គាត់​ទៅ​ជួប​មិត្ត​មួយ​ព្រឹក​ឬមួយ​ល្ងាច​វិញ​៕
 
  

Tag:
 ភ្ជុំបិណ្ឌ​
  យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com