សង្គមអន្តរជាតិ
អន្តរជាតិ
នយោបាយអន្តរជាតិ
រឿងរ៉ាវដ៏ព្រឺព្រួចនៃចម្រៀងមរណៈ «Gloomy Sunday» របស់ហុងគ្រី
× តន្ត្រីអាចមានឥទ្ធិពលយ៉ាងខ្លាំងលើចិត្ត និងអារម្មណ៍របស់មនុស្ស ប៉ុន្តែពិតឬទេដែលចម្រៀងមួយបទបណ្តាលឲ្យមនុស្សរាប់រយនាក់ធ្វើអត្តឃាតនោះ? បទភ្លេងនៃ «Gloomy Sunday» ឬប្រែជាភាសាខ្មែរថា «ថ្ងៃអាទិត្យដ៏អាប់អួរ» បាននិពន្ធឡើងដោយកវីជនជាតិហុងគ្រីម្នាក់ ឈ្មោះថា Rezso Seress ក្នុងឆ្នាំ ១៩៣២។ ដោយទទួលងារថា «ចម្រៀងមរណៈរបស់ហុងគ្រី» ចម្រៀងមួយបទនេះត្រូវបានគេទម្លាក់កំហុសថាជាប់ទាក់ទងនឹងការធ្វើអត្តឃាតច្រើនបំផុតក្នុងប្រវត្តិសាស្ត្រតន្ត្រី ក្នុងនោះក៏មាន អ្នកនិពន្ធបទចម្រៀងនេះផងដែរ។
ទំនុកចម្រៀងដើមនៃបទ «Gloomy Sunday» បានតាក់តែងឡើងដោយអ្នកសរសេរកំណាព្យជនជាតិហុងគ្រីម្នាក់ ឈ្មោះថា László Jávor ។ អត្ថន័យនៃចម្រៀងនេះ និយាយពី អ្នកចម្រៀងម្នាក់ កំពុងច្រៀងសុំឲ្យមនុស្សជាទីស្រឡាញ់ដែលស្លាប់បាត់ទៅ មកជួបលោកនៅឯបុណ្យសពដែលរៀបចំទុករបស់លោក។
អក្សរចម្រៀងនៃបទ Gloomy Sunday
រឿងរ៉ាវជុំវិញបទចម្រៀង «Gloomy Sunday» នេះ បានក្លាយជារឿងដំណាលដ៏អាទ៌កំបាំងមួយ មកទល់នឹងពេលបច្ចុប្បន្ន។ ព័ត៌មានលម្អិតទាក់ទងនឹងវា ពុំត្រូវបានគេបញ្ជាក់ឲ្យច្បាស់លាស់ឡើយ។ យ៉ាងណាមិញ ចម្រៀង និងដំណើររឿងរបស់វា ត្រូវបានគេដឹងលឺយ៉ាងសុះសាយក្នុងកាសែត និងទស្សនាវដ្តីល្បីៗជាច្រើនសម្រាប់ការពាក់ព័ន្ធដ៏ចម្លែករបស់វា ទៅនឹងការធ្វើអត្តឃាតជាច្រើនករណី។
យ៉ាងតិចណាស់ មានការសម្លាប់ខ្លួន១៨ករណីក្នុងប្រទេសហុងគ្រី ត្រូវបានគេរាយការណ៍ថាមានជាប់ទាក់ទងនឹងបទចម្រៀង Gloomy Sunday ។ ក្នុងអត្ថបទរបស់ទស្សនាវដ្តីអាមេរិក Time ចំណងជើងថា «តន្ត្រី៖ចម្រៀងមរណៈ» ចុះផ្សាយកាលពីថ្ងៃទី ៣០ មីនា ឆ្នាំ១៩៣៦ អ្នកនិពន្ធ បានរៀបរាប់ពីចំនួននៃការធ្វើអត្តឃាត ពាក់ព័ន្ធនឹងចម្រៀងនេះ។
អ្នកផលិតស្បែកជើងជនជាតិហុងគ្រីម្នាក់ ឈ្មោះថា Joseph Keller បានទុកលិខិតមួយច្បាប់នៅកន្លែងដែលលោកសម្លាប់ខ្លួន ដោយដកស្រង់ចេញពីទំនុកច្រៀងក្នុងចម្រៀង Gloomy Sunday ។ សពមនុស្សមួយចំនួនទៀតត្រូវបានគេប្រទះឃើញក្នុងទន្លេ Danube (ទន្លេធំលំដាប់ទី២នៅអឺរ៉ុប) ជាមួយក្រដាសអក្សរភ្លេងនៃបទ Gloomy Sunday ក្តាប់ជាប់ក្នុងដៃពួកគេយ៉ាងណែន។ មនុស្ស ២នាក់បាញ់សម្លាប់ខ្លួនឯង ខណៈកំពុងស្តាប់ក្រុមតន្ត្រីប្រគំបទចម្រៀងមួយនេះ។ បទចម្រៀងនេះ ត្រូវបានហាមឃាត់ក្នុងប្រទេសហុងគ្រី។
ក្រៅពីករណីនៅហុងគ្រី ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ទាំងទស្សនាវដ្តី Time និងកាសែតអាមេរិក New York Times សុទ្ធតែបានចុះផ្សាយពីករណីអត្តឃាត និងការប៉ុនប៉ង់ធ្វើអត្តឃាត ក្នុងសហរដ្ឋអាមេរិក ដែលជាប់ទាក់ទងនឹងបទចម្រៀង Gloomy Sunday ។ ចម្រៀងនេះ ត្រូវបានហាមចាក់ផ្សាយលើវិទ្យុ BBC រហូតដល់ឆ្នាំ២០០២។ យោងតាមរបាយការណ៍មួយចំនួន ប្រព័ន្ធផ្សព្វផ្សាយខ្លះ នៅអាមេរិក បដិសេធចាក់បទចម្រៀងមរណៈនេះ ដោយភ័យខ្លាចថា វាពិតជាទទួលខុសត្រូវលើការធ្វើអត្តឃាតទាំងអស់នេះមែន៕
ប្រភពវីដេអូ Historic Mysteries៖
© រក្សាសិទ្ធិដោយ thmeythmey.com