ពោធិ៍សាត់​៖ ជា​កូនក្រមុំ​លាក់ខ្លួន​លើ​ភ្នំក្រវាញ​
កំណាព្យ
ជាតិ
ពោធិ៍សាត់​៖ ជា​កូនក្រមុំ​លាក់ខ្លួន​លើ​ភ្នំក្រវាញ​
27, Sep 2019 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ គោ​ព័ទ្ធ​ស្នឹង​

-​មុន​គ្មាន​អ្នក​ខ្វល់​នឹក​ដល់​នាង​    ​នាង​ពួន​អួត​រាង​ស្ងាត់​ចង់​យំ​
​យំ​តែម្នាក់ឯង​នៅលើ​ភ្នំ​    ​          ភ្នំ​ព្រៃ​ជិតជុំ​គ្មាន​អ្នក​រាប់​។​
-​រាប់រក​រាក់ទាក់​ស្នាក់​ស្នេហ៍ស្និទ្ធ​  ស្និទ្ធស្នាល​កៀក​កិត​ពិត​អភ័ព្វ​
​ភ័ព្វ​ដល់​ហើយ​ប្រែ​ស្មេរ​រៀបរាប់​    ​រាប់​រឿង​រៀង​ភ្ជាប់​រឿង​ក្រមុំ​។​
-​ម៉ុម​ភ្នំក្រវាញ​ជាញ​ជាក់​ល្បី​    ​  ល្បី​មាន​ដំរី​ក្រពើ​ភ្នំ​
​ភ្នំ​ថែម​ទឹកធ្លាក់​គួរ​ឲ្យ​រម្យ​           ​រម្យ​មើល​ភូមិ​ឃុំ​ចម្លាក់​ថ្ម​។​
-​ថ្មកែវ​គាប់​ភ្នែក​ផ្លេក​ត្រចះ​    ​    ចាស់​ក្មេង​ច្រើនណាស់​សរសើរ​ល្អ​
​ល្អ​ទាំង​អូរ​សោម​ឆោម​ផ្សាយ​ត​    ​តទៅ​លែង​ក្រ​ភ្ញៀវ​មក​ក្បែរ​។​
-​ក្បែរ​ភ្នំ​ផ្លូវ​វង់​អន្ទង់អាំង​           អាំងត្រី​ឆ្ងាញ់​ខ្លាំង​អណ្តែង​ស្រែ​
​ស្រែ​ស្រូវ​ស្រងាត់​បេះ​ឈើ​ផ្លែ     ផ្លែ​ម្នាស់​ក្រូច​ផ្លែ​ផល្លា​ព្រៃ​។​
-​ព្រៃ​មាន​ក្រវាញ​គុយ​សិរមាន់​    ​ មាន់​ស្រែ​ឆ្ងាញ់​គ្រាន់​តាម​លកលៃ​
​លៃលក​ផ្សំ​គ្រឿង​សឿង​អត់​ភ័យ​  ភ័យ​រាក​រីងរៃ​ល្ហៃ​ល្ហិ​ត​ប្រាណ​។​
-​ប្រាណ​នាងក្រមុំ​សុំ​មើលថែ​      ​ថែ​ភ្ញៀវ​ទាំង​ខ្មែរ​សាសន៍​ផ្សេង​បាន​
​បាន​ត្រៀម​គ្រប់សព្វ​រាប់ទាំង​ឋាន​   ឋាន​អាស្រ័យ​បាន​ដោយ​រីករាយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com