កីឡាជាតិ
ជាតិ
បុណ្យភ្ជុំបិណ្ឌ
កីឡាករជម្រើសជាតិម្នាក់ៗ នឹងរងពិន័យបើចូលហ្វឹកហាត់មិនទាន់ថ្ងៃកំណត់ ក្រោយបុណ្យភ្ជុំបិណ្ឌ
× ក្រុមកីឡាករកីឡាការិនីជម្រើសជាតិថ្នាលនិងឈុតធំ ដែលកំពុងហ្វឹកហាត់នៅតាមសហព័ន្ធនានានិងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យសម្រាកចំនួន៣ថ្ងៃ ដើម្បីចូលរួមបុណ្យភ្ជុំបិណ្ឌ។ ពួកគេត្រូវត្រឡប់មកហ្វឹកហាត់នៅថ្ងៃ ដែលក្រសួងបានកំណត់ជាកំហិត បើពុំនោះទេ ពួកគេនឹងរងការពិន័យ។
ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកម្ពុជាលោក ប៉ុន សុខ បានបញ្ជាក់ថា លោកនឹងមានវិធានការដាក់ពិន័យចំពោះកីឡាករកីឡាការិនីជម្រើសជាតិថ្នាលនិងឈុតធំរូបណា ដែលចូលហ្វឹកហាត់មិនទាន់ថ្ងៃកំណត់ បន្ទាប់ពីចូលរួមបុណ្យភ្ជុំបិណ្យ។ ការពិន័យនឹងធ្វើតាមលក្ខខណ្ឌ ដែលបានចែងនៅក្នុងបទបញ្ហាផ្ទៃក្នុងរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា គឺអាចហៅទៅអប់រំណែនាំ ឬដាក់ពិន័យជាដើម។ នេះបើតាមការបញ្ជាប់បន្ថែមរបស់លោក ប៉ុន សុខ។
ដើម្បីផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីជម្រើសជាតិថ្នាលនិងឈុតធំ បានជួបឪពុកម្តាយ សាច់ញាតិបងប្អូននៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំយុវជននិងកីឡាទទួលបន្ទុកលើការបណ្តុះបណ្តាល បានអនុញ្ញាតឲ្យឈប់សម្រាកចំនួន៣ថ្ងៃចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា។ កីឡាករទាំងអស់ត្រូវចូលជំរំហ្វឹកហាត់វិញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
សម្រាប់ការហ្វឹកាហាត់របស់កីឡាករកីឡាការិនីជម្រើសជាតិថ្នាលនិងឈុតធំមានបេសកកម្មធំៗពីរ គឺពួកគេត្រូវពង្រឹងសមត្ថភាព ដើម្បីត្រៀមប្រជែងដណ្តើមមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន នាចុងឆ្នាំ២០១៩ និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
Tag:
ក្រុមជម្រើសជាតិកម្ពុជា
ប៉ុន សុខ
© រក្សាសិទ្ធិដោយ thmeythmey.com