អន្តរជាតិ
ប្រមុខ​មហាសន្និបាត ស្នើ​ឲ្យ​មេដឹកនាំ​ពិភពលោក​ផ្តល់​ដំណោះស្រាយ​លើ​បញ្ហា ជាជាង​ការលើក​រិះគន់​គ្នា​
29, Sep 2019 , 3:59 pm        
រូបភាព
ដោយ:
ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក Tijjani Muhammad-Bande បាន​ទទូច​ឲ្យ​មេដឹកនាំ​ពិភពលោក​ទាំងអស់​រួមគ្នា​ដោះស្រាយ​លើ​បញ្ហា​របស់​ពិភពលោក​ដែល​រាប់បញ្ចូល​ទាំង​ពាណិជ្ជកម្ម ការអភិវឌ្ឍ និង​សន្តិសុខ​ជាដើម​។ ប្រធាន​មហាសន្និបាត ចង់ឃើញ​មេដឹកនាំ​ផ្តល់​ជា​អនុសាសន៍ ឬ​ដំណោះស្រាយ ជាជាង​ការ​ចង្អុលមុខ​ដាក់គ្នា​ដើម្បី​ទទួលខុសត្រូវ​លើ​បញ្ហា​នោះទេ​។



​តាមរយៈ​សុន្ទរកថា​បើក​កិច្ចប្រជុំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​២៤ កញ្ញា លោក Tijjani Muhammad-Bande បាន​ក្រើនរម្លឹក​មេដឹកនាំ​ពិភពលោក​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​នៅក្នុង​ដៃ​ដែល​សំខាន់ និង​បន្ទាន់ ជាពិសេស​នោះ​បញ្ហា​ដែល​គំរាមកំហែង​ដល់​សន្តិសុខ និង​សន្តិភាព​អន្តរជាតិ ក៏ដូចជា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

លោក បាន​បន្តថា ពិភពលោក ត្រូវការ​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា ដូចជា​ជម្លោះ​ហិង្សា ភេរវកម្ម គ្រោះធម្មជាតិ ភាព​ក្រី​ក្រី ការជួញដូរ​មនុស្ស និង​បម្រែបម្រួល​អាកាសធាតុ ដែល​បញ្ហា​ទាំងនោះ បានធ្វើ​ឲ្យ​ប្រជាជន​ទូទាំង​ពិភពលោក​រាប់លាន​នាក់ បាន​រង​ទុក្ខលំបាក​វេទនា​។​

សម្រាប់​ប្រមុខ​មហាសន្និបាត​រូបនេះ តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ និង​ការចែករំលែក​បទពិសោធ​ន៍​កិច្ចសហប្រតិបត្តិកា​រ គឺជា​កត្តាចាំបាច់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ លោក បាន​សន្យា​ធ្វើការ​ជាមួយនឹង​គ្រប់​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​កំណត់​ការងារ​អាទិភាព ដើម្បី​ធ្វើ​ឲ្យ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ក្លាយជា​បេះដូង​សម្រាប់​អ្នក​ទាំងអស់គ្នា​។

ខណៈ​បង្ហាញ​ជំហរ​មិន​គាំទ្រ​ការ​ចោទ និង​ដាក់​កំហុស​គ្នា​លើ​បញ្ហា លោក បានស្នើ​ឲ្យ​មេដឹកនាំ​ពិភពលោក យក​ការអនុវត្ត​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព ជា​ការងារ​អាទិភាព ដែល​ប្រជាជន​រាប់ពាន់​លាន​នាក់ មិនមាន​ឱកាស​មក​ជ​ជែក​នៅ​ទីស្នាក់ការ​របស់​អង្គការសហប្រជាជាតិ តែមាន​ក្តី​សង្ឃឹមថា នឹង​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​៕


© រក្សាសិទ្ធិដោយ thmeythmey.com