អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ភ្ជាប់​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​ជាមួយ​របប​ប្រល័យពូជសាសន៍​របស់​កម្ពុ​ជា​
29, Sep 2019 , 9:39 pm        
រូបភាព
ដោយ:
ប្រមុខ​ដឹកនាំ​ម៉ាឡេស៊ី លោក​មហា​ធៀ មហា​មេ​ដ នៅតែ​បន្ត​ឈឺឆ្អាល​លើ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​។ ប្រមុខ​ដឹកនាំ​ប្រទេស​រូបនេះ បាន​មើលឃើញថា​បញ្ហា​នេះ ជា​បញ្ហា​មនុស្សជាតិ​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​សហគមន៍​អន្តរជាតិ មិនគួរ​បណ្តែតបណ្តោយ និង​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​ប្រល័យ​ពូ​ជា​សាសន៍​ជាន់​ដាន​សារជាថ្មី​ទៀតឡើយ​។



​ឆ្លៀតឱកាស​ពី​កិច្ចប្រជុំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ក្នុង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ Columbia University លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហា​មេ​ដ បាន​រំលេច​យក​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា ជា​ប្រធានបទ​ជជែក និង​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​មេដឹកនាំ​ពិភពលោក ដែល​ត្រូវ​ចូលរួម​ប្រជុំ​នៅ​ទីនោះ​ផងដែរ​។

តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ម៉ាឡេស៊ី Malay Mail លោកនាយក​រដ្ឋមន្ត្រី បាន​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដែល​កើត​លើ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី មុនពេល​លោកស្រី កាន់តំណែង ពោលគឺ​ពេលដែល​លោកស្រី ត្រូវ​ឃុំខ្លួន​ក្នុងផ្ទះ ដោយសារ​សម្ពាធ​នយោបាយ​ពី​រដ្ឋាភិបាលយោធា​។ លោកនាយក​រដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាល​របស់លោក​ពេលនោះ ក៏​ជា​អ្នកចូលរួម​ទាមទារ និង​ធ្វើ​ឲ្យ​លោកស្រី រួច​មាន​សេរីភាព​។​

បញ្ជាក់​ពី​ការចូលរួមចំណែក​រួច​ហើយ លោកនាយក​រដ្ឋមន្ត្រី បានបង្ហាញ​ការខកចិត្ត​ចំពោះ​លោកស្រី ស៊ូ​ជី ដែល​ធ្លាប់​ជួប​រឿង​លំបាក ហើយ​ពេលនេះ មានឱកាស​ដឹកនាំ​ប្រទេស តែ​បែរជា​មិន​ខ្នះខ្នែង​ក្នុងការ​ជួយសង្គ្រោះ​ដល់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧០​ម៉ឺន​នាក់ ដែល​កំពុងតែ​រង​ទុក្ខលំបាក ដោយសារ​អសន្តិសុខ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។

លោកនាយក​រដ្ឋមន្ត្រី បាន​ភ្ជាប់​វិបត្តិ​ជនភៀសខ្លួន​នេះ​ទៅនឹង​របប​ប្រល័យពូជសាសន៍​កម្ពុជា​កាល​ពី​ជាង​បួន​ទសវត្សរ៍​មុន​យ៉ាង​ដូច្នេះ​ថា​៖« អ្នក​ប្រហែលជា​ចងចាំ​ហេតុការណ៍​នៅ​កម្ពុជា រដ្ឋាភិបាល បានសម្លាប់​ប្រជាជន​ពីរលាន​នាក់ ហើយ​ពិភពលោក មិន​ជំទាស់ និង​មិន​ធ្វើ​អ្វី​សោះ រហូត​ទាល់​ថា ប្រជាជន​កម្ពុជា​ខ្លួន ផ្តួលរំលំ​របប​ដឹកនាំ​ប៉ុល ពត​។

សម្រាប់​ករណី​មី​យ៉ាន់​ម៉ា​វិញ មិនមាន​នរណាម្នាក់​មាន​ឆន្ទៈ​ប្រឈម​គ្រោះថ្នាក់ និង​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ​។ នេះ ហាក់ដូចជា​ឃោរឃៅ​ពេក​ហើយ​។ ហើយ​ពិភពលោក​ទាំងមូល ក៏​មិន​អាចធ្វើ​អ្វី​បាន​ដូចគ្នា​។ ប្រសិនបើ​មី​យ៉ាន់​ម៉ា និយាយថា អ្នក​មិនអាច​ចូលទៅក្នុង​ប្រទេស​របស់​ខ្ញុំ​បានទេ នោះ​មានន័យថា មាន​អ្វី​មិន​ប្រក្រតី​កើតឡើង​នៅ​ទីនោះ​ហើយ​»​។ 

លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ទាញ​ឲ្យ​ចាប់អារម្មណ៍​ទាំង​ព្រឹត្តិការណ៍​របស់​អ៊ីរ៉ាក់ ដែល​ពេលនោះ លោក Saddam Hussein ត្រូវបាន​ចោទប្រកាន់ថា បានសម្លាប់​ប្រជាជន និង​ជា​មេដឹកនាំ​ផ្តាច់ការ ហើយ​ចុងក្រោយ​សហរដ្ឋអាមេរិក បាន​ផ្តួលរំលំ​លោក​តែម្តង ដែល​ករណីនេះ ខុសពី​មី​យ៉ាន់​ម៉ា ដែល​គ្មាន​រណា​ម្នាក់​ចង់ទៅ​ឈ្លានពាន និង​ផ្តួលរំលំ​មី​យ៉ាន់​ម៉ា​សោះ​។

ជា​មេដឹកនាំ​ដែល​តែងតែ​លើកយក​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​ដាក់​លើ​តុ​រួម​ជជែក​ទាំង​ក្នុង​តំបន់ (​កិច្ចប្រជុំ​អាស៊ាន​) និង​ក្រៅ​តំបន់ លោកនាយក​រដ្ឋមន្ត្រី ក៏​បន្ទោស​ពី​កម្សោយ​របស់​អង្គការសហប្រជាជាតិ  ដោយ​លោក ចោទថា បានឃើញ​រដ្ឋាភិបាល​មួយ ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដាក់​ប្រជាជន​ខ្លួនឯង​ហើយ តែ​នៅតែ​មិនអាច​ធ្វើ​អ្វី​បាន​សោះ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com