ផ្ទះ​នៅ​ជិត​វត្ត ជំរុញ​ឲ្យ​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា ចេះ​ស្មូត​! ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ផ្ទះ​នៅ​ជិត​វត្ត ជំរុញ​ឲ្យ​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា ចេះ​ស្មូត​! ​
29, Sep 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ជា​តារាចម្រៀង​បែប​សម័យ​ម្នាក់ កញ្ញា តន់ ច័ន្ទ​សី​ម៉ា ក៏​អាច​ស្មូត​កំណាព្យ​ជាច្រើន​បទ​បានដែរ​។ តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា ដែលមាន​ទេពកោសល្យ​ចេះ​ស្មូត តាំងពី​អាយុ​១៤​ឆ្នាំ ពន្យល់​យ៉ាង​ដូច្នេះ​៖«​ដោយសារតែ​ផ្ទះ​នៅ​ជិត​វត្ត​ស្រាប់ អីចឹង​នៅពេល​មាន​ភ្ជុំបិណ្ឌ​ម្ដងៗ តែងតែមាន​ការសូត្រ​ស្មូត នៅពេល​ជិត​ភ្លឺ ដែល​គេ​បោះ​បាយបិណ្ឌ អីចឹង​ហើយ​នាង​ខ្ញុំ​តែង​ស្ដាប់​បាន ឮ ហើយ​ក៏មាន​អារម្មណ៍​សូត្រ​(​ស្មូត​) លេង​តាម​»​។ ក្រៅពី​ក្តី​ស្រឡាញ់ មាន​ទេ​ព្យ​កោសល្យ សី​ម៉ា ដែលមាន​ស្រុកកំណើត​នៅ​ក្រុង​ដូន​កែវ ក៏​ទទួលបាន​ការបង្ហាត់​ប្រៀន​បន្ថែម​ពី​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តតាកែវ ផងដែរ​។ អាជីព​ជា​តារាចម្រៀង​សម័យ​វ័យ​២២​ឆ្នាំ តែ តន់ ច័ន្ទ​សី​ម៉ា កាន់តែ​ខំរៀន​ស្មូត​បន្ថែមទៀត​។


 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​តារាចម្រៀង​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ដូចតទៅ​៖



កញ្ញា ច័ន្ទ​សី​ម៉ា បាន​ឲ្យ​ដឹង​ទៀតថា ពេល​រដូវ​ភ្ជុំបិណ្ឌ​ម្ដងៗ កញ្ញា​តែង​ទៅ​បោះ​បាយបិណ្ឌ ហើយ​តែងតែ​ស្ដាប់ឮ​ការ​ស្មូត​នៅតាម​វត្ត ដែលជា​កត្តា​ធ្វើ​ឲ្យ​កញ្ញា​មាន​ចំណង់​ចំណូលចិត្ត​រៀនសូត្រ​ស្មូត​តាម​។ ដោយសារ​តែមាន​ចំណូលចិត្ត​ខាង​ស្មូត​នេះ បានធ្វើ​ឲ្យ សី​ម៉ា ក្លាយជា​អ្នក​ស្មូត នៅពេល​មានកម្ម​វិធី​បុណ្យទាន​នៅផ្ទះ​ម្ដងៗ​។ «​មាន​អារម្មណ៍​ថា ដូច​រាង​ប្លែក​ម្យ៉ាង ព្រោះ​ដោយសារ​ពីមុនមក​យើង​អត់​ដែលមាន​ជំនាញ​ខាង​ហ្នឹង​ទេ តែ​គិតថា មិន​ថា​ជំនាញ​អ្វី​ក៏ដោយ ឲ្យ​តែ​យើង​ចាប់បាន យើង​ស្រលាញ់ គឺ​យើង​ធ្វើ​វា​ដោយ​សប្បាយចិត្ត​»​។ នេះ​ជាការ​បញ្ជាក់​ពី​អារម្មណ៍​របស់ សី​ម៉ា ដែល​ខ្លួន​បាន​ស្មូត​នូវក្នុង​កម្មវិធី​បុណ្យ​លើកដំបូង ខណៈដែល​បច្ចុប្បន្ន តារាចម្រៀង​សម័យ​រូបនេះ ចេះ​ស្មូត​បទ​សុវណ្ណ​សាម​, ទំនួញ​នាង​មេ​ទ្រី​, ទំនួញ​ប្រែ​ត និង​ពុទ្ធបាទ​ប្រាំ​ឋាន​ជាដើម​។

​តាមរយះ​បទពិសោធ​ការ​ស្មូត​តាម​រោងបុណ្យ​នេះ និង​មានការ​ជំរុញ​បន្ថែម​ពី​ក្រុមគ្រួសារ បានធ្វើ​ឲ្យ សី​ម៉ា មាន​ភាពក្លាហាន ហ៊ាន​បញ្ចេញ​សមត្ថភាព​ចូលរួម​ប្រកួត​កម្មវិធី​ស្មូត​កំណាព្យ រហូត​ជាប់​លេខ​មួយ​ក្នុងការ​ស្មូត​កំណាព្យ​ប្រចាំ​ខេត្តតាកែវ​។ បើ​ទោះ​ពេលនេះ សី​ម៉ា ជា​តារាចម្រៀង​បែប​សម័យ​ក៏ពិតមែន តែ​កញ្ញា​មិនមាន​បំណង​បោះ​បង់ការ​ស្មូត​កំណ​ព្យ​ឡើយ ពោលគឺ​កញ្ញា តន់ ច័ន្ទ​សី​ម៉ា នៅតែ​ខិតខំ​សិក្សា​ពី​ការ​ស្មូត​កំណាព្យ​នេះ​បន្ថែមទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com