ចិន អាច​បញ្ចេញ​ស​ព្វា​វុ​ធ​ទំនើប​ស៊េរី​ចុងក្រោយ​ដើម្បី​អបអរ​ខួប​ទី​៧០
អន្តរជាតិ
ចិន អាច​បញ្ចេញ​ស​ព្វា​វុ​ធ​ទំនើប​ស៊េរី​ចុងក្រោយ​ដើម្បី​អបអរ​ខួប​ទី​៧០
30, Sep 2019 , 5:29 pm        
រូបភាព
​ចិន នឹង​ប្រារព្ធ​ពិធី​ខួប​ទី​៧០ ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី​១ ខែតុលា​ស្អែក​នេះ​។ ក្បួនព្យុហយាត្រា​ដ៏​ធំ​មួយ នឹង​ធ្វើឡើង​កណ្ដាល​រដ្ឋ​ធានី​ប៉េកាំង ដើម្បី​អបអរ​ថ្ងៃ​ពិសេស​នេះ​។ អ្វីដែល​គេ​រង់ចាំ​នោះ គឺ​ចិន​បញ្ចេញ​សព្វាវុធ​អ្វីខ្លះ​ក្នុងឱកាស​នេះ​។​



​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ គឺជា​ខួប​ទី​៧០ ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ៧០​ឆ្នាំមុន ពោលគឺ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​១៩៤៩ លោក​ប្រធាន ម៉ៅ សេទុង បានប្រកាស​ជា​ផ្លូវការ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឡើង ក្រោយ​ក្រុម​កុម្មុយនីស្ត​យកជ័យ​ជម្នះ​លើ​ក្រុម​ជាតិនិយម​ដែល​ភៀសខ្លួន​ទៅ​តៃវ៉ាន់​ដល់​សព្វថ្ងៃ​។

​ការរៀបចំ​ពិធី​ដ៏​សំខាន់​មួយ​នេះ ចាប់ផ្ដើម​តាំងពីដើម​ឆ្នាំ​មកម្ល៉េះ​។ ក្បួនព្យុហយាត្រា​ដ៏​ធំ​មួយ នឹងធ្វើ​ឡើង​តាម​បណ្ដោយ​មហាវិថី​ឆាង​អាន ជាទី​ដែល​កាលពី​៧០​ឆ្នាំមុន​ក្បួនព្យុហយាត្រា​កងទ័ព​រំដោះ​ប្រជាជន​ចិន បាន​ធ្វើឡើង​ដើម្បី​អបអរ​ការប្រកាស​សាធារណរដ្ឋ​ប្រជាមានិត​ថ្មី​មួយ​។ ក្រសួងការពារជាតិ​ចិន បានប្រកាស​ហើយ​ថា កងទ័ព​ចំនួន​១៥០០០​នាក់ នឹងចូលរួម​ក្នុង​ក្បួន​ដង្ហែ​នេះ ដែល​អមដោយ​សព្វាវុធ​ជាច្រើន​រយ​មុខ​ទៀត​។ យន្តហោះ​ចំនួន​១៦០​គ្រឿង នឹង​ហោះ​បង្អួតរាង​ពីលើ​អាកាស​ផងដែរ​។​

​ច្បាស់​ណាស់​ថា កងទ័ព​រំដោះប្រជាជន​ចិន នឹង​បញ្ចេញ​សព្វាវុធ​ទំនើបៗ​របស់ខ្លួន​ដើម្បី​បង្ហាញ​ពិភពលោក​។ ជាការ​ពិត ក្នុង​សព្វាវុធ​នឹងត្រូវ​បង្ហាញ មាន​ខ្លះ​កំពុង​ត្រូវបាន​ប្រើប្រាស់​ទៅហើយ​។ ប៉ុន្តែ​អ្វីដែល​គេ​ទន្ទឹង​ចាំ​នោះ គឺ​មី​ស៊ី​ល​ថ្មី​របស់​ចិន​។ មី​ស៊ី​ល​ជាច្រើន​ប្រភេទ​របស់​ចិន ត្រូវបាន​ផលិតឡើង​ក្នុងស្រុក​ផ្ទាល់ ហើយ​អាច​វាយប្រហារ​គ្រប់​គោលដៅ​លើគោក និង​នាវា​ដឹក​យន្តហោះ​ផងដែរ​។

​មី​ស៊ី​ល Dongfeng-21D ឬ DF-21D ដែល​បង្ហាញ​វត្តមាន​លើកដំបូង​នៅ​ឆ្នាំ​២០១​៥ នឹង​មានមុខ​ម្ដងទៀត​នៅ​ឆ្នាំ​២០១៩ នេះ​។ មាន​រហ្សនាម​ឃាតករ​នាវាចម្បាំង មី​ស៊ី​ល DF-21D មាន​សមត្ថភាព​វាយប្រហារ​នាវាចម្បាំង​ដែល​នៅ​ចម្ងាយ​ដល់ទី​១,៥០០​គីឡូម៉ែត្រ​ឯណោះ​។ មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​មួយទៀត គឺ Dongfeng-21 ឬ DF-26 ក៏​ទំនង​នឹងត្រូវ​បង្ហាញ​ផងដែរ​។ មី​ស៊ី​ល​នេះ ត្រូវបាន​ឲ្យ​ឈ្មោះថា ឃាតករ​ហ្កា​ម​។ ស្ដាប់​តាម​ឈ្មោះ មី​ស៊ី​លអាច​ហោះដ​ល់កោះ​ហ្កា​ម​ដែល​ជាទី​កដី​អាមេរិក​នៅ​ប៉ា​ស៊ី​ហ្វ​ក​។

​មី​ស៊ី​ល​ដែល​នឹង​បង្ហាញមុខ​ដែរនោះ គឺ Dongfeng-41 ឬ DF-41 ដែលជា​ប្រភេទ​មី​ស៊ី​ល​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​លើស​ពីមួយ​។ ទឹកដី​អាមេរិក​ទាំងមូល ស្ថិតក្នុង​រង្វង់​ចម្ងាយ​ដែល​មី​ស៊ី​លបាញ់​ដល់ ដែល​នេះ​ធ្វើ​ឲ្យ​មី​ស៊ី​ល​មួយ​នេះ ក្លាយជា​ឆ្អឹងខ្នង​ដ៏​សំខាន់​នៃ​សមត្ថភាព​បន្លាច​របស់​ចិន​។ អាវុធ​មួយទៀត​ដែល​ចិន​ប្រឹង​ពង្រឹងសមត្ថភាព​យូរ​មកហើយ​នោះ គឺ​មី​ស៊ី​ល Dongfeng-17 ដែលជា​មី​ស៊ី​ល​មាន​ល្បឿន​លឿន​ជាង​សំឡេង​។

​និយាយ​ពី​សព្វាវុធ​លើ​មេឃ​ឯទៀត យន្តហោះ​ចម្បាំង​ស៊េរី​ចុងក្រោយ J-20 ដែល​ត្រូវបាន​ប្រដូច​ទៅនឹង​F-35 របស់​អាមេរិក ក៏​នឹង​ហោះ​កាត់​ពីលើ​ទីលាន​ធាន​អាន​មិន​ដែរ​។ យន្តហោះ​ដឹកជញ្ជូន Y-20 និង​យន្តហោះ​ទម្លាក់​គ្រាប់បែក H6-N ក៏ដូចជា​យន្តហោះ​បញ្ជា ក៏​ស្ថិតក្នុង​បញ្ជី​សព្វាវុធ​ដែល​គេ​ទន្ទឹង​ចាំមើល​ដែរ​៕


Tag:
 ចិន​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com