ជាតិ
ផ្លូវជាតិ​ពី​សិរីសោភ័ណ​-​ប៉ោយប៉ែត នឹង​បើក​ឲ្យ​រថយន្ត​ឆ្លងកាត់​វិញ នៅថ្ងៃនេះ​
01, Oct 2019 , 7:29 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​សិរីសោភ័ណ​-​ប៉ោយប៉ែត នឹង​បើក​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ជាធម្មតា​វិញ នៅ​ព្រឹក​ថ្ងៃទី​១ តុលា​នេះ ក្រោយ​ផ្អាក​ដំណើរការ​រយៈពេល​៤​ថ្ងៃ​កន្លងមក ដោយសារ​ការបាក់​ទំនប់ទឹក អាង​អូរ​ខៃ​ដន ។ នេះ​បើតាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ​។



​មន្ទីរ​សាធារណការ​ខេត្ត បាន​បញ្ជាក់ថា ការបើក​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​PK ៣៩៤+៩០០​ដល់ PK ៣៩៦+៦០០ ស្ថិតក្នុង​ភូមិ​អូ​ខៃ​ដន សង្កាត់​មិត្ត ក្រុង​ប៉ោយប៉ែត​នេះ ដោយសារ​ស្ថានភាព​ទឹកជំនន់​ស្រក​ចុះ​។ «​ប៉ុន្តែ​(​រថយន្ត​គ្រប់​ធុន​ទាំងអស់​)​សូម​ធ្វើ​ចរាចរណ៍​ស្ថិតនៅលើ​ទ្រូងផ្លូវ ហាម​ធ្វើដំណើរ​លើ​ចិញ្ចើមផ្លូវ ឫ​ជាយ​ផ្លូវ ព្រោះ​ផ្លូវ​មិនទាន់​ស្ងួត​ល្អ និង​រឹងមាំ​នៅឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​។​

​បន្ថែម​ពីនេះ​ក្រសួង​សាធារណការ បាន​បញ្ជាក់ថា ស្ថានភាព​ទឹកជំនន់​ដែល​បាន​ស្រក​នេះ មិនបាន​ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​ខូចខាត ក្លាយជា​សំបុកមាន់​លើ​ទ្រូងផ្លូវ​ទេ ពោលគឺ​គ្រាន់តែ​ទឹក​ហូរ​ច្រោះ និង​បាក់​ចិញ្ចើមផ្លូវ ប្រវែង​៤០០​ម៉ែត្រ ខាងស្តាំ​ដៃ​ពី​សិរីសោភ័ណ ទៅ​ប៉ោយប៉ែត​ប៉ុណ្ណោះ​៕


Tag:
 ​រថយន្ត​
 ​ផ្លូវជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com