កីឡាអន្តរជាតិ
អន្តរជាតិ
Livrerpool និង Inter ឈ្នះ​គ្រប់​ប្រកួត​ដូចគ្នា ចំណោម​ក្រុម​នៃ​លី​គ​កំពូល​ទាំង​៥
01, Oct 2019 , 11:12 am        
រូបភាព
Liverpool និង Inter Milan ជា​ក្រុម​ចាប់ផ្តើម​រដូវ​កាល​ល្អ​បំផុត​ក្នុងចំណោម​ក្រុម​ក្នុង​លី​គ​លំដាប់​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​។ ក្រុម​ទាំងពីរ​នេះ​បានឈ្នះ​គ្រប់ការ​ប្រកួត​ក្នុង​លី​គរ​បស់​ពួកគេ​រៀងខ្លួន​ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី ២០១៩-២០​មក​។​



​ឆ្លងកាត់​ការប្រកួត​ចំនួន​៧​លើក​ក្នុង​ក្របខណ្ឌ Premier League ក្រុម​រហស្សនាម​ហង្ស​ក្រហម ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp ទទួលបាន​២១​ពិន្ទុ​ពេញ​តែម្តង តាមរយៈ​ជ័យជម្នះ​ទាំង​៧​លើក​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​។



Liverpool ដែល​បាន​ត្រឹម​រងជើង​ឯក​រដូវ​កាល​មុន​ដោយ​ចាញ់​គូប្រជែង Manchester City តែ​១​ពិន្ទុ​នោះ បាន​បន្ត​បង្ហាញ​ភាពខ្លាំង​របស់​ពួកគេ​សារជាថ្មី​ក្នុងការ​ប្រជែង​យកពាន​លំដាប់​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​។ ក្រុម​ការពារ​តំណែង​ជើងឯក​មេឃ​ខៀវ​នៅតាម​ពីក្រោយ​ដោយមាន​គម្លាត​៥​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​។​

​ដោយឡែក​ក្រុម​ពី​ក្របខណ្ឌ​អ៊ីតាលី Inter Milan ចាប់ពី​តាំងពី​លោក Antonio Conte ឡើងទៅ​ដឹក​នាំនៅ​ដើមរដូវ​កាល​នេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ដោយ​លោក​បាន​នាំ​ក្រុម​ឈ្នះ​ទាំង​៦​ប្រកួត​ក្នុង​លី​គ​តែម្តង​។ Inter ទទួលបាន​១៨​ពិន្ទុ​ពេញ​ឈរ​កំពូល​តារាង Serie A តាម​ពីក្រោយ​ដោយ​ម្ចាស់​ជើងឯក​ចាស់ Juventus ដែលមាន​១៦​ពិន្ទុ​ពី​ការប្រកួត​៦​លើក​ដូចគ្នា​។​

​ខ្សែប្រយុទ្ធ Romelu Lukaku និង​ខ្សែបម្រើ Alexis Sanchez ដែល​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​នាំយក​ពី Manchester United សុទ្ធតែ​បានរួម​ចំណែក​ជួយ Inter ក្នុង​ជ័យជម្នះ​ទាំង​៦​ប្រកួត​នេះ​។​



​ចំណែក​ក្រុម​ដែល​មិនទាន់​ស្គាល់​ចាញ់​ក្នុង​លី​គ​រួមមាន Real Madrid និង Bayern Munich​។ ឆ្លងកាត់​ការប្រកួត​៧​លើក Real ឈ្នះ​៤ ស្មើ​៣ មាន​១៥​ពិន្ទុ ឈរ​កំពូល​តារាង La Liga តាម​ពីក្រោយ​ដោយ Granada និង Atletico Madrid ដែលមាន​១៤​ពិន្ទុ​ដូចគ្នា ហើយ​ម្ចាស់​ជើងឯក​ចាស់ Barcelona ស្ថិតនៅ​លេខ​រៀង​ទី​៤ មាន​១៣​ពិន្ទុ​។​

Bayern Munich ម្ចាស់​ជើងឯក Bundesliga ក៏​មិនទាន់​ស្គាល់​ចាញ់​ដែរ ដោយ​ឆ្លងកាត់​ការប្រកួត​៦​លើក ឈ្នះ​៤ ស្មើ​២ មាន​១៤​ពិន្ទុ ឈរ​កំពូល​តារាង​លី​គ​កំពូល​អាល្លឺម៉ង់ តាម​ពីក្រោយ​ដោយ RasenBallsport Leipzig, Freiburg និង Schalke 04 ដែលមាន​១៣​ពិន្ទុ​ដូចគ្នា​៕

Tag:
 Livrerpool
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com