Spurs ចាញ់ Bayern ៧-២ នៅក្នុង​ដី ខណៈ Real បាន​ត្រឹម​តាម​ស្មើ​ភ្ញៀវ Brugge
កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ចាញ់ Bayern ៧-២ នៅក្នុង​ដី ខណៈ Real បាន​ត្រឹម​តាម​ស្មើ​ភ្ញៀវ Brugge
02, Oct 2019 , 2:02 pm        
រូបភាព
រូបពី ហ្វេសប៊ុកផេក UEFA
រូបពី ហ្វេសប៊ុកផេក UEFA
Bayern Munich បានផ្តល់​មេរៀន​ឈឺចាប់​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Tottenham Hotspur តាមរយៈ​លទ្ធផល ៧-២ នា​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B នៃ​ពានរង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​១ ខែតុលា​។ ជើងឯក​ច្រើន​សម័យ Real Madrid នៅ​មិនទាន់​ស្គាល់​ជ័យជម្នះ​នៅឡើយ​ក្រោយ​តាម​ស្មើ Club Brugge ២-២ ខណៈ​ក្រុម​ខ្លាំង​ដូចជា PSG, Juventus, Atletico Madrid និង Man City សុទ្ធតែ​ឈ្នះ​។​


អត្ថបទទាក់ទង

​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Heung-Min Son នៅ​នាទី​១២ មិនអាច​ជួយ Spurs ទទួលបាន​៣​ពិន្ទុ​ឡើយ​ពី​ជំនួប​នេះឡើយ​។ ក្រោយ​ការនាំ​មុខ​បាន​៣​នាទី ខ្សែការពារ Joshua Kimmich រក​គ្រាប់​តាម​ស្មើ​វិញ មុនពេល​ខ្សែប្រយុទ្ធ Robert Lewandowski សម្រេច​គ្រាប់​នាំមុខ​វិញ​នៅ​ចុង​ម៉ោង​នៃ​វគ្គ​ទី​១​។​



​ចូលដល់​វគ្គ​ទី​២ ខ្សែប្រយុទ្ធ​វ័យក្មេង Serge Gnabry រកបាន​ដល់​ទៅ​៤​គ្រាប់​ម្នាក់ឯង​នៅ​នាទី​៥៣, ៥៥, ៨៣, ៨៨ និង Lewandowski សម្រេច​គ្រាប់​ទី​២​របស់ខ្លួន​នៅ​នាទី​៨៧ ហើយ Harry Kane រកបាន​គ្រាប់​ទី​២​សម្រាប់ Spurs នៅ​នាទី​៦១​។ ចប់​ការប្រកួត Bayern Munich ឈ្នះ Spurs ៧-២​។​

​ក្រោយ​ចប់​ការប្រកួត Gnabry អតីត​កីឡាករ Arsenal បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ថា North London is RED​។ ជាទូទៅ នេះ​ជា​ភាសា​លើកទឹកចិត្ត​ពិសេស​សម្រាប់ Arsenal និង​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន នា​ជំនួប​ជាមួយ Spurs ដែលជា​គូប្រជែង​ដ៏​ធំ​នៅ​ភាគ​ខាងជើង​ក្រុង​ឡុង​ដ៍ ។​


                            រូបពី ហ្វេសប៊ុកផេក uefa

​ជ័យជម្នះ​នេះ​បាន​ជួយ​ក្រុម​របស់លោក Niko Kovac នៅ​រក្សា​តំណែង​កំពូល​តារាង​ពូ​ល B ដោយមាន​៦​ពិន្ទុ​ពេញ ខណៈ FK Crvena Zvezda​    ​ដែល​ឈ្នះ Olympiacos ៣-១ ឈរ​នៅ​លេខ​រៀង​ទី​២ មាន​៣​ពិន្ទុ ហើយ Olympiacos និង Spurs មាន​១​ពិន្ទុ​ដូចគ្នា​។​

​ដោយឡែក ម្ចាស់​ជើងឯក​ក្របខណ្ឌ​អឺរ៉ុប​ច្រើនជាងគេ Real Madrid កំពុង​យ៉ាប់យ៉ឺន​ខ្លាំង​ដោយ​ស្ថិតនៅ​បាត​តារាង​ពូ​ល A ក្រោយ​រកបាន​តែ​១​ពិន្ទុ​ពី​ការប្រកួត​២​លើក​។ បន្ទាប់ពី​ចាញ់ PSG នៅ​ជំនួប​បើកឆាក​រួចមក ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Zinedine Zidane ទទួលបាន​លទ្ធផល​ត្រឹម​ស្មើ​ជាមួយ Club Brugge ២-២ សម្រាប់​ជំនួប​លើក​ទី​២​របស់ខ្លួន​។​
Club Brugge បាន​នាំមុខ ២-០ មុន ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Emmanuel Dennis ទាំងពីរ​គ្រាប់​នៅ​វគ្គ​ទី​១​។ នៅ​វគ្គ​ទី​២ ខ្សែការពារ Sergio Ramos និង​ខ្សែបម្រើ Casemiro ជា​អ្នក​ស៊ុត​វាយបក​តាម​ស្មើ​វិញ​សម្រាប់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​។​



​ក្នុង​ពូ​ល A នេះ PSG ឈរ​នៅ​កំពូល​តារាង​មាន​៦​ពិន្ទុ​ពេញ ក្រោយ​ឈ្នះ Galatasaray ១-០ ហើយ Club Brugge នៅ​លេខ​រៀង​ទី​២ មាន​២​ពិន្ទុ Galatasaray និង Real មាន​១​ពិន្ទុ​ដូចគ្នា​នៅ​ចំណាត់ថ្នាក់​បន្តបន្ទាប់​។​



​លទ្ធផល​គូ​ដទៃទៀត​សម្រាប់​ជំនួប​លើក​ទី​២​នៃ​វគ្គ​ជ្រុះ​តាម​ពូ​ល Champions League៖

​ពូ​ល A
Real Madrid ២-២ Club Brugge
Galatasaray ០-១ Paris Saint-Germain

​ពូ​ល B
FK Crvena Zvezda ៣-១ Olympiacos
Tottenham Hotspur ២-៧ FC Bayern Munic

​ពូ​ល C

Atalanta ១-២ Shakhtar Donetsk
Manchester City ២-០ Dinamo Zagreb

​ពូ​ល D
Juventus ៣-០ Bayer Leverkusen
Lokomotiv Moscow ០-២ Atletico Madrid ៕


Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com