អន្តរជាតិ
ចំនួន​ទេសចរ​កើនឡើង​មាន​ផលប៉ះពាល់​ទៅលើ​សង្គម និង​សេដ្ឋកិច្ច​របស់​វៀតណាម​
03, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ហូជីមិញ ៖ ភ្ញៀវទេសចរ​បរទេស​ដែល​ដើរកាត់​ឧទ្យាន​មួយ​នៅ​ទីក្រុង​ហូជីមិញ អាច​ជួបប្រទះ​នឹង​ព្រឹត្តិការណ៍​មួយ គឺ​ជន​ចម្លែក​វ័យក្មេង​ម្នាក់ ចូលមក​ជិត​ពួកគេ​។ ជន​ចម្លែក​នោះ គឺ​ក្មេងស្រី​ជនជាតិ​វៀតណាម​ម្នាក់ ដែល​នាង​នឹង​សួរ​ភ្ញៀវទេសចរ​ថា តើ​នាង​អាច​ហាត់​និយាយ​ភាសា​អង់គ្លេស​ជាមួយ​ពួកគេ​បានដែរ ឬ ទេ​។ នៅក្នុង​ប្រទេស​ដែល​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៨៥ ភាគរយ​មាន​ជាតិ​សាសន៍​តែមួយ ដែល​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​នោះ វិស័យ​ទេសចរណ៍ គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​ឲ្យ​ពលរដ្ឋ​ក្នុងប្រទេស​នេះ អាច​ជួប​ជាមួយនឹង​មនុស្ស​ដែលមាន​វប្បធម៌​ផ្សេងៗ​។​

 
​ចំនួន​ភ្ញៀវទេសចរ​មកដល់​ប្រទេស​វៀតណាម​ឡើង​ខ្ពស់​
 
​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ទៅលេង​ប្រទេស​វៀតណាម​កំពុងតែ​ឈានដល់​កម្រិត​ខ្ពស់បំផុត ដែល​នេះ ជា​ដំណឹង​ល្អ​សម្រាប់​អ្នករៀន​ភាសា​អង់គ្លេស​វ័យក្មេង​។ ចំនួន​នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​បរទេស​មាន ១៥ លាន​នាក់​ក្នុង​ឆ្នាំ ២០១៨ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​អត្រា​កើនឡើង​ទ្វេដង​បើ​ប្រៀប​ទៅនឹង​កាលពី ៦ ឆ្នាំមុន​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​ធនាគារ HSBC ដែលជា​ធនាគារ​ផ្តល់​សេវាកម្ម​ផ្សេងៗ និង​ការវិនិយោគ​។ ភ្ញៀវទេសចរ​ទាំងនោះ​បាន​នាំមក​ជាមួយ​ពួកគេ​នូវ​ឱកាស​ប្តូរ​វប្បធម៌​គ្នា ក៏ដូចជា​ប្រាក់ចំណូល ផ្នែក​ទេសចរណ៍ ដែល​ប្រទេស​វៀតណាម​ស្វែងរក គ្រា​ដែល​សេដ្ឋកិច្ច​របស់ខ្លួន កំពុងតែ​ផ្លាស់ប្តូរ​។​
 
​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ គឺ​មិន​ត្រឹមតែ​ជា​ប្រាក់ចំណូល​ដែល​សណ្ឋាគារ​រកបាន​នៅពេល​ភ្ញៀវ​ចំណាយ​ចំពោះ​ការ​ស្នាក់នៅ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ​។ គិត​ទៅដល់​សេដ្ឋកិច្ច​ទូទៅ​របស់​ប្រទេស​វៀតណាម​៖ ដោយសារ​ប្រទេស​នេះ​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក និង​ពី​ពាណិជ្ជកម្ម​ជាទូទៅ​នោះ ការណ៍​នេះ កំពុង​ជំរុញ​ឱ្យ​វៀតណាម​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការនាំចេញ​ទំនិញ​។ ក៏ប៉ុន្តែ ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ មិន​ចង់​ពឹង​ផ្អែកលើ​ការនាំចេញ​ទំនិញ​ទេ ហើយ​នោះ​មានន័យថា ប្រទេស​នេះ កំពុង​បោះជំហាន​ឈានទៅរក​សេដ្ឋកិច្ច​ដែល​ផ្អែកលើ​សេវាកម្ម ដែល​ក្នុងនោះ​រួមមាន​សេវាកម្ម​ផ្នែក​ទេសចរណ៍​ផងដែរ​។​
 
​មានឱកាស​សម្រាប់​កែលំអ​ក្នុងការ​ស្វាគមន៍​ភ្ញៀវទេសចរ​
 
​អ្នកស្រី Yun Liu សេដ្ឋវិទូ​នៃ​ធនាគារ HSBC បាន​សរសេរ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ទេសចរណ៍​ថា «​ទោះបីជា មាន​លទ្ធផល​ល្អ​នៅក្នុង​វិស័យ​ទេសចរណ៍​ក៏ដោយ ក៏​វិស័យ​ទេសចរណ៍​របស់​ប្រទេស​វៀតណាម​នៅតែ​ចាញ់​ប្រទេស​ជាច្រើន​ក្នុង​តំបន់​។ ក្រលេកមើល​ចំនួន​ភ្ញៀវទេសចរ​សរុប​ក្នុង​ឆ្នាំ ២០១៨ ឃើញថា​វៀតណាម​នៅមាន​សក្តានុពល​ខ្លាំង ក្នុងការ​បង្កើន​ចំនួន​ភ្ញៀវទេសចរ​នេះ​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ថៃ ដែល​ចំនួន​ភ្ញៀវទេសចរ​ទៅលេង​មាន​រហូតដល់ ៣៨ លាន​នាក់​»​។ អ្នកស្រី​បាន​បន្ថែមថា ប្រទេស​វៀតណាម​អាចធ្វើ​ឲ្យ​សេវាកម្ម​ផ្នែក​ទេសចរណ៍​របស់ខ្លួន មាន​លក្ខណៈ​ចម្រុះ​។​
 
ទស្សនៈវិស័យ​ទេសចរណ៍​ថ្មី​
 
​អ្នកផ្តល់​សេវាកម្ម​ផ្នែក​ទេសចរណ៍ កំពុង​សម្រប​ខ្លួន​ទៅតាម​តម្រូវការ​ថ្មីៗ​។ ប្រទេស​វៀតណាម​លែង​ជា​កន្លែង​សម្រាប់តែ​ទស្សនា​ទីតាំង​សង្គ្រាម​ចាស់ៗ ហើយនឹង​បរិភោគ​ហ្វឺ​រ​នៅតាម​ចិញ្ចើមផ្លូវ​ទៀតហើយ​។ ម្ចាស់​អាជីវកម្ម បាន​បង្កើត​ជំរំ និង​ផ្ទះ​ស្នាក់នៅ (bungalow) សម្រាប់​អ្នកធ្វើដំណើរ​នៅលើ​ភ្នំ​ដា​ឡា​ត់​។ និស្សិត​សិក្សា​ផ្នែក​អាជីវកម្ម​ផ្តល់​សេវាកម្ម ដោយ​ដឹក​ភ្ញៀវ​តាម​ម៉ូតូ ទៅ​ភ្លក់​ម្ហូបអាហារ​នានា នៅក្រៅ​ម៉ោង​សិក្សា​របស់​ពួកគេ​។ ម្ចាស់ផ្ទះ​ខ្លះ បានចាប់ផ្តើម​ពី​ការជួល​បន្ទប់​ក្នុងផ្ទះ​របស់ខ្លួន​ដល់​ភ្ញៀវទេសចរ រហូតដល់​ការដាក់​ជួល​ផ្ទះ​របស់​ពួកគេ ដោយ​ថែមទាំង​ផ្តល់​អាហារ​ពេលព្រឹក និង​ការជូន​ដើរ​កំសាន្ត​ក្នុង​ទីក្រុង​ទៀតផង​។ និន្នាការ​នេះ មានការ​កើនឡើង​នៅក្នុង​គេហទំព័រ Airbnb ដែលមាន​អ្នក​ចុះឈ្មោះ​ប្រមាណ​ជា ១​ម៉ឺន ៦​ពាន់ នៅក្នុង​ប្រទេស​វៀតណាម​។ ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​កាន់​តែ​ខ្លាំង​ឡើងៗ ដូចជា​ការរត់​ម៉ា​រ៉ា​តុង​នៅ​ដា​ណា​ង​និង​សា​ប៉ា ឬ ការប្រណាំង​កង់​នៅ Hue ដែលជា​អតីត​រាជធានី​ជាដើម​។ ការប្រណាំង​កង់ Coupe de Hue ផ្តល់ឱកាស​ដ៏​ល្អ ដើម្បី​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​សម្រស់​ធម្មជាតិ​របស់​តំបន់​Hue នេះ​»​។ នេះ បើតាម​សម្តី​របស់ លោក Les Walters ដែលជា​នាយក​គ្រប់គ្រង​កម្មវិធី​នានា​នៅ​រមណីយដ្ឋាន Laguna Lang Co resort​។​
 
​ផល​អវិជ្ជមាន​នៃ​ការកើនឡើង​ភ្ញៀវ​ទេសចរណ៍​
 
​មិនមែន​គ្រប់គ្នា​សុទ្ធតែ​យល់ដឹង​ថា គួរ​ធ្វើយ៉ាងណា​នៅពេលដែល​ចំនួន​ភ្ញៀវទេសចរ​កើនឡើង​ដូចនេះ​ទេ​។ ចោរ​លូក​ហោប៉ៅ រីករាយ​ពេល​មាន​ភ្ញៀវទេសចរ​ច្រើន ប៉ុន្តែ ពួកគេ​អាច​មិនដឹង​ទេ​ថា វិធី​រកប្រាក់​ដ៏​រហ័ស​របស់​ពួកគេ អាចធ្វើឱ្យ​ខូច​ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​វៀតណាម​នោះ​។ រីឯ​ភ្ញៀវទេសចរ​វិញ ក៏បង្ក​ការខូចខាត​ដែរ​។ សំរាម​ត្រូវបាន​គេ​បោះចោល​គរ​នៅតាម​ឆ្នេរ​តំបន់ Phu Quoc នៅក្នុង​ទឹក​តំបន់ Ha Long Bay និង​តំបន់​សា​ប៉ា​ដែល​ដាំ​ស្រូវ​ជា​ថ្នាក់ៗ​។ ជនជាតិ​វៀតណាម​ក្នុងស្រុក​ម្នាក់ ដែល​ចូលរួម​ការប្រណាំង​កង់ នៅ​តំបន់ Hue បាន​និយាយថា លោក​ចង់​ឲ្យ​វៀតណាម​អាច​រក្សា​តុល្យភាព​ឲ្យ​បាន​នូវ​អត្ថប្រយោជន៍​ដែល​ទទួលបាន​ពី​វិស័យ​ទេសចរណ៍ ដោយ​មិន​បង្ក​ហានិភ័យ​ច្រើន​។ ឧទាហរណ៍​នៅក្នុង​ស្រុកកំណើត​របស់​លោក លោក​បាន​ស្នើឱ្យ​ថែរក្សា​អតីត​ទឹកដី​អធិរាជ​នៅ​ភាគ​ខាងជើង​នៃ​ទន្លេ Perfume គ្រា​ដែល​អនុញ្ញាតឱ្យ​មានការ​អភិវឌ្ឍ​បន្ថែមទៀត​នៅ​ភាគខាងត្បូង​នៃ​ទន្លេ​នេះ​។ ប្រសិនបើ​ប្រទេស​វៀតណាម​នឹងធ្វើ​ឲ្យ​មាន​តុល្យភាព​នោះ ប្រទេស​នេះ ចាំបាច់​ត្រូវធ្វើ​ឲ្យ​បាន​ឆាប់​។ ប្រទេស​នេះ គ្រោង​នឹង​ចាប់ផ្តើម​ជើងហោះហើរ​ផ្ទាល់​លើកដំបូង​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ខ្លួន​នៅ​ដើមឆ្នាំ​ក្រោយ គ្រា​ដែល​ចំនួន​ភ្ញៀវទេសចរ​បង្ហាញ​សញ្ញា​ថា នឹង​បន្ត​កើនឡើង​ទៀត​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com