កីឡាជាតិ
ជាតិ
បញ្ហា​របួស​ជង្គង់​ជាហេតុ​ផល​ធ្វើ​ឲ្យ វឌ្ឍនាកា មិន​ជាប់​ជម្រើសជាតិ​ត្រៀម​ប៉ះ​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​?
03, Oct 2019 , 8:39 pm        
រូបភាព
កីឡាករ ចាន់ វឌ្ឍនាកា (អាវខៀវ)ក្នុងជំនួបជាមួយហ្សង់ដានីក្នុងវគ្គជម្រុះ AFC Asian Cup កាលពីពេលកន្លងទៅ
កីឡាករ ចាន់ វឌ្ឍនាកា (អាវខៀវ)ក្នុងជំនួបជាមួយហ្សង់ដានីក្នុងវគ្គជម្រុះ AFC Asian Cup កាលពីពេលកន្លងទៅ
ដោយ:
​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា មិន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ម្ចាស់ផ្ទះ​អ៊ីរ៉ង់​នា​វគ្គ​ជម្រុះ​ជុំ​ទី​២​នៃ​ពានរង្វាន់ World Cup នា​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​នោះទេ​។ បញ្ហា​របួស​សន្លាក់​ជង្គង់​ដែល​ប៉ះទង្គិច​ក្នុងជំនួប​ជាមួយ​ណាហ្គា​វើ​ល អាចជា​មូលហេតុ​នៃ​អវត្តមាន​របស់ វឌ្ឍនាកា នៅ​លើក​នេះ​។ ព្រោះ​មុន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បង្ហា​ញ​បញ្ជី​ឈ្មោះ​បឋម ក្រុមការងារ​របស់លោក Keisuke Honda បានមក​សួរ​ពី​ស្ថានភាព​របួស​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ​។



​ទោះបី​គ្មាន​ឯកសារ​ផ្លូវការ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ពាក់ព័ន្ធ​ការកោះហៅ​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ តែ​លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​បាន​អះអាងថា ក្រុមការងារ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បានមក​សួរ លោក ពាក់ព័ន្ធ​ស្ថានភាព​របួស​សន្លាក់​ជង្គង់​របស់​កីឡាករ ចាន់ វឌ្ឍនាកា​។​

​ក្នុងន័យនេះ​ប្រសិនបើ វឌ្ឍនាកា មិន​ញាំញី​ដោយ​របួស នោះ​រូបគេ​អាច​នឹង​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើក​នេះ​។ ព្រោះ​ការ​សួរ​ស្ថានភាព​របួស​ពី​សំណាក់​ក្រុមការងារ លោក Honda ធ្វើឡើង​មុន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​បឋម​ទាំង​២៦​រូប  ដើម្បី​ត្រៀម​ប៉ះ​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​ពានរង្វាន់ World Cup​។ កម្ពុជា​នឹងធ្វើ​ដំណើរ​ទៅ​ជួប​អ៊ីរ៉ង់​នៅ​ថ្ងៃទី​១០ តុលា មុន​ទទួលភ្ញៀវ​អ៊ីរ៉ាក់​នៅ​ថ្ងៃទី​១៥ តុលា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​ខ្សែប្រយុទ្ធ​ឆ្នើម​មាន​ដើមកំណើត​មកពី​ខេត្តកំពត​រូបនេះ អវត្តមាន​ក្នុង​ក្រុម​ជម្រើសជាតិ​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda ដែលមាន​លោក Filex Dalmas ជា​គ្រូបង្វឹក សម្រាប់​វគ្គ​ជម្រុះ World Cup 2022​។ ប៉ុន្តែ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ ដែល​សហព័ន្ធ​បានបង្ហាញ​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា គេ​ឃើញ​មាន​វត្តមាន​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម និង ធា​រី ចន្ថា​ប៊ី​ន ដែល​អវត្តមាន​ពីរលើក​កន្លងមក​។

​បើតាម​លោក បែ មករា ស្ថានភាព​របួស​សន្លាក់​ជង្គង់​ដោយមាន​ប្រេះ​ឆ្អឹង និង​ទឹក​ដក់​ក្នុង​សន្លាក់​របស់​កីឡាករ ចាន់ វឌ្ឍនាកា អាច​ចំណាយពេល​ពី​២​ទៅ​៣​សប្តាហ៍​ក្នុងការ​ព្យាបាល​។ បច្ចុប្បន្ន​រូបគេ អាច​ចូល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​បាន​ហើយ គ្រាន់តែ​មិនទាន់​ជាសះស្បើយ​១០០​ភាគរយ​ប៉ុណ្ណោះ​។ អ្នកចាត់ការ​ទូទៅ​រូបនេះ សង្ឃឹមថា ស្ថានភាព​របួស វឌ្ឍនាកា នឹង​អាចជា​សះស្បើយ​១០០​ភាគរយ​ពេល​បឹងកេត​ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន់រង្វាន់​សម្តេច ហ៊ុន សែន នា​ដើមខែ​វិច្ឆិកា ខាងមុខ​។

​របួស​របស់​កីឡាករ ចាន់ វឌ្ឍនាកា កើតឡើង​ក្រោយ​ប៉ះទង្គិច​ជាមួយ​កីឡាករ​ណាហ្គា​វើ​ល​ក្នុងជំនួប​រវាង​ក្រុម​បឹងកេត​ជាមួយ​ណាហ្គា​វើ​ល​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ កាលពី​ថ្ងៃទី​២២ កញ្ញា នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​។ ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវបាន​ប្តូរ​ចេញ​ភ្លាមៗ ក្រោយ​ទាត់​បាល់​ពិន័យ​រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ក្រុម​បឹងកេត​៕

Tag:
 បាល់ទាត់​
  World Cup
  បែ មករា​
  ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com