ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះងាយៗបំបាត់ក្លិនមាត់មិនល្អ ក្នុងរយៈពេលត្រឹមតែ ៥ នាទី
× ក្លិនខ្យល់ដង្ហើម ឬក្លិនមាត់មិនល្អជាបញ្ហាទូទៅគួរឲ្យរំខានបំផុតមួយដែលកើតឡើងមិនថាចំពោះមនុស្សប្រុស ឬស្រីឡើយ។ ក្លិនមាត់មិនល្អជារឿងគួរឲ្យខ្មាសមួយដែលធ្វើឲ្យយើងបាត់បង់ទំនុកចិត្តមិនសូវហ៊ាននិយាយជាមួយអ្នកដទៃ។ មូលហេតុបង្កក្លិនមាត់មានច្រើនណាស់ ប៉ុន្តែជាទូទៅការមិនសម្អាតអណ្ដាតឲ្យបានស្អាតជាហេតុចម្បងបំផុត។ អណ្ដាតជាផ្នែកមួយក្នុងមាត់ដែលមានផ្ទុកមេរោគបាក់តេរីដល់ទៅ ៩០ ភាគរយ។ ទោះជាយ៉ាងណាក្លិនមាត់អាចបាត់ទៅវិញជាមួយនឹងវិធីធម្មជាតិងាយៗមួយចំនួន ប្រសិនបើហេតុបង្កនៃបញ្ហានេះមិនមែនបណ្ដាលមកពីជំងឺណាមួយ។ ថាតើមានវិធីអ្វីខ្លះទៅដើម្បីដោះស្រាយបញ្ហាក្លិនមាត់មិនល្អបានយ៉ាងឆាប់រហ័ស?
ខាងក្រោមនេះយើង នឹងបង្ហាញអោយដឹងពីវិធីងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំបាត់បញ្ហាក្លិនមាត់ ៖
១. ទទួលទានទឹក
ពពួកបាក់តេរីក្នុងមាត់បញ្ចេញជាតិហ្គាសបង្កក្លិនមិនល្អ ហើយទឹកមិនត្រឹមតែជួយទប់ស្កាត់ការបញ្ចេញនេះប៉ុណ្ណោះទេ ប៉ុន្តែក៏កម្ចាត់បាក់តេរីផងដែរ។ ដូច្នេះប្រសិនបើអ្នកទទួលទានទឹកច្រើនប៉ុណ្ណា ក្លិនខ្យល់ដង្ហើមមិនល្អនឹងត្រូវកាត់បន្ថយប៉ុណ្ណោះ។ ប្រសិនបើអ្នកស្ងួតក្នុងមាត់ ចូរកុំស្ទាកស្ទើនឹងទទួលទានទឹក ១ កែវភ្លាម។
២. ទំពារស្លឹកជីអង្កាម
នោះក៏ព្រោះតែជីអង្កាមមានផ្ទុកសារធាតុ menthol និងលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីជួយប្រយុទ្ធប្រឆាំងសារធាតុ halitosis ដែលបង្កបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារស្លឹកជីអង្កាមមួយចំនួនក្នុងមាត់។
៣. ទទួលទានផ្លែប៉ោម ១ ផ្លែ
ផ្លែឈើនេះមានផ្ទុកសារធាតុ oxidized polyphenols ដែលជួយកម្ចាត់ក្លិនមិនល្អក្នុងមាត់បានយ៉ាងឆាប់រហ័ស។ ការទទួលទានផ្លែប៉ោមក៏ជួយសម្អាតធ្មេញផងដែរ។
៤. ជញ្ជក់ក្រូចឆ្មារ
នោះក៏ព្រោះតែក្រូចឆ្មារមានលក្ខណៈសម្បត្តិកម្ចាត់បាក់តេរីដែលបង្កក្លិនមាត់មិនល្អ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជញ្ជក់ក្រូចឆ្មារមួយចំនិត ឬច្របាច់វាក្នុងទឹក ១ កែវ។ វិធីនេះមានប្រសិទ្ធភាពបំផុតចំពោះក្លិនមាត់ដែលបណ្ដាលមកពីការទទួលទានខ្ទឹម។
៥. ទំពារសំបកក្រូច
អ្វីដែលអ្នកត្រូវធ្វើ គឺលាងសំបកក្រូចឲ្យស្អាតមុនពេលទំពារវាក្នុងមាត់។ ការធ្វើបែបនេះមិនត្រឹមតែផ្ដល់ក្លិនខ្យល់ដង្ហើមស្រស់ថ្លាឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីត citric ក្នុងក្រូចក៏ជំរុញការផលិតទឹកមាត់ទប់ស្កាត់ក្លិនមាត់មិនល្អផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com