អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ឲ្យ​យោបល់​លោកស្រី​ការី ឡាំ ចុះ​ចេញពី​តំណែង​
04, Oct 2019 , 9:39 pm        
រូបភាព
លោក មហាធៀ (ឆ្វេង) ចាប់ដៃជាមួយ លោកស្រី ការី ឡាំ នៅជំនួបកំពូល APEC ឆ្នាំ២០១៨ នៅ Port Moresby (នាយកដ្ឋានព័ត៌មានម៉ាឡេស៊ី)
លោក មហាធៀ (ឆ្វេង) ចាប់ដៃជាមួយ លោកស្រី ការី ឡាំ នៅជំនួបកំពូល APEC ឆ្នាំ២០១៨ នៅ Port Moresby (នាយកដ្ឋានព័ត៌មានម៉ាឡេស៊ី)
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​និយាយថា មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ គួរ​លាលែង​ពី​តំណែង ខណៈ​បាតុកម្ម​ក្នុង​ទីក្រុង​នេះ​កាន់តែ​ហិង្សា និង​គ្មាន​បង្ហាញ​សញ្ញា​ចុះថមថយ​បន្តិច​សោះ​។ មេដឹកនាំ​រូបនេះ ព្រមាន​ថា លទ្ធផល​ចុងក្រោយ​របស់​ហុងកុង គឺ​ដូច​អ្វីដែល​បានកើត​ឡើង​ក្នុង​ទីលាន​ធាន​អាន​មិន​។



​ឆ្លើយ​នឹង​អ្នកសារព័ត៌មាន នា​សន្និសីទ​ព័ត៌មាន​មួយនា​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃ​សុក្រ ទី​៤ តុលា​លោក មហា​ធៀ លើកឡើងថា លោកស្រី ការី ឡាំ កំពុង​ជាប់គាំង​ចន្លោះ​ជម្រើស​២​ដែល​ពិបាក​សម្រេច​។ មួយ​គឺ​ដើរ​តាម​មនសិការ​លោកស្រី ហើយ​មួយទៀត​គឺ គោរព​តាម​បញ្ជា​ពី​ក្រុង​ប៉េកាំង​។

​ត្រង់ចំណុច​នេះ មេដឹកនាំ​វ័យចាស់​វង្សា​រូបនេះ លើកឡើង​បែបនេះ​៖«​មនសិការ​លោកស្រី [​ការី ឡាំ​] ប្រាប់ថា ប្រជាជន​ហុងកុង គឺ​ត្រឹមត្រូវ​ក្នុងការ​បដិសេធ​ច្បាប់ [​បត្យាប័ន​]​។ ក៏ប៉ុន្តែ​លោកស្រី ដឹង​ពី​លទ្ធផល​នៃ​ការបដិសេធ​ច្បាប់​នេះ​។​

​សំដៅ​ដល់​ព្រឹត្តិការណ៍​បង្ហូរឈាម​នៅ​ទីលាន​ធាន​អាន​មិន​ក្នុង​ឆ្នាំ​១៩៨៩  លោកនាយក​រដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​រូបនេះ បញ្ជាក់ថា លោក​គិតថា នៅ​ទីបំផុត​ទៅ ចិន​នឹង​បញ្ជូន​កងទ័ព​ចូល​ទីក្រុង​ហុងកុង ហើយ​ចាត់វិធានការ​ធ្ងន់ធ្ងរ​ដើម្បី​បំបែក​ក្រុមបាតុករ​។ ក៏ប៉ុន្តែ​សម្រាប់​រដ្ឋបាល​លោកស្រី ការី ឡាំ លោក​មហា​ធៀ យល់ឃើញថា ការចុះ​ចេញពី​តំណែង​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។​

​ការលើកឡើង​របស់លោក មហា​ធៀ នេះ ធ្វើឡើង​ខណៈ​រដ្ឋាភិបាល​ហុងកុង​មាន​ផែនការ ដាក់​បម្រាម​ការប្រើ​ម៉ាស​បិទមុខ​។  ការហាម​ប្រាម​នេះ ស្ថិតក្រោម​ច្បាប់​បន្ទាន់ (emergency law) ដែលមាន​តាំងពី​សម័យ​អាណានិគម​អង់គ្លេស​មកម្ល៉េះ ប៉ុន្តែ​ពុំ​ត្រូវបាន​ប្រើ​ឡើយ​ក្នុង​រយៈពេល​កន្លះ​សតវត្សរ៍​ចុងក្រោយ​នេះ​។​

​ចំណាត់ការ​ថ្មី​របស់​អាជ្ញាធរ​ហុងកុង​នេះដែរ ក៏​កើតឡើង​ក្រោយពី​បាតុករ​ម្នាក់​ត្រូវបាន​បាញ់​ដោយ​សមត្ថកិច្ច​ក្នុង​ការតវ៉ា​ហិង្សា កាលពី​យប់​ថ្ងៃ​១ តុលា ខណៈ​ចិន​បានរៀបចំ​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​។ ក្រោយមក បាតុករ​វ័យ​១៨​ឆ្នាំ​រូបនេះ ត្រូវបាន​ប៉ូលិស​ចោទប្រកាន់​ពីបទ​ធ្វើ​កុបកម្ម និង​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​៕


Tag:
 ហុងកុង​
  មហា​ធៀ​
  ការី​ឡាំ
© រក្សាសិទ្ធិដោយ thmeythmey.com