អន្តរជាតិ
ហុងកុង ប្រកាស​ប្រើ​ច្បាប់​បន្ទាន់ ដើម្បី​ហាម​ការប្រើ​ម៉ាស់​បិទមុខ
04, Oct 2019 , 5:14 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ទីក្រុង​ហុងកុង លោកស្រី ការី ឡាំ បាន​ប្រើប្រាស់​ច្បាប់​បន្ទាន់ (emergency law) សម័យ​អាណានិគម ដើម្បី​ហាមប្រាម​ការប្រើប្រាស់​ម៉ាស់​បិទមុខ​។ ចំណាត់ការ​នេះ ត្រូវបាន​ប្រកាស ក្រោយពី​ផ្ទុះ​បាតុកម្មហិង្សា​ខ្លាំង​ក្នុង​ទីក្រុង​ហុងកុង នា​យប់​ថ្ងៃ​០១ តុលា ដែល​ចំ​ថ្ងៃ​ខួប​៧០​ឆ្នាំ​នៃ​ការដឹកនាំ​ក​ម្មុយ​នី​ស្ត​ក្នុងប្រទេស​ចិន​។ 



​ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​សុក្រ ទី ៤ តុលា លោកស្រី ការី ឡាំ បាន​និយាយថា អំពើហិង្សា កំពុង​បំផ្លិចបំផ្លាញ​ទីក្រុង​ហុងកុង ហើយ​អាជ្ញាធរ​ពុំ​អាច​អង្គុយ​នៅ​ស្ងៀម ដោយ​ទុក​ស្ថានការណ៍​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើយ​។ យោងតាម​លោកស្រី ច្បាប់​នេះ នឹង​ចូល​ជា​ធរមាន ចាប់ពី​ថ្ងៃ​សៅរ៍​ទី ៥ តុលា តទៅ​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី ការី ឡាំ បញ្ជាក់ថា លោកស្រី ជឿជាក់ថា ច្បាប់​ថ្មី​នេះ នឹងមាន​ឥទ្ធិពល​បង្អាក់​មួយ​ប្រឆាំងនឹង​បាតុករ​ហិង្សា​ដែល​ពាក់​ម៉ាស់ និង​អ្នកធ្វើ​កុបកម្ម ហើយ​វា​ក៏​នឹង​ជួយ​ដល់​ប៉ូលិស​ក្នុងការ​អនុវត្ត​ច្បាប់​ផងដែរ​»​។ សម្រាប់​លោកស្រី ការសម្រេចចិត្ត​ប្រើ​ច្បាប់​នេះ គឺជា​រឿង​ដ៏​ពិបាក​មួយ ប៉ុន្តែ​វា​ចាំបាច់​សម្រាប់​ផលប្រយោជន៍​សាធារណៈ​។

​ក៏ប៉ុន្តែ​លោកស្រី សង្កត់ធ្ងន់ថា ការប្រើប្រាស់​អំណាច​នេះ ពុំមែន​មានន័យថា រដ្ឋាភិបាល​បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ជា​ផ្លូវការ​នោះឡើយ​។  ត្រង់នេះ លោកស្រី​និយាយ​បែបនេះ​៖«​ទោះជា​បទ​បញ្ញា​ត្តិ​នេះ មាន​ចំណងជើង​ថា បន្ទាន់ ក៏ដោយ​ក្តី ហុងកុង​ពុំ​ស្ថិតក្នុង​ភាពអាសន្ន​ឡើយ​»​។

​គួរ​ឲ្យ​កត់សម្គាល់ថា នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល ៥២​ឆ្នាំ ដែល​បទបញ្ញត្តិ​បទបញ្ជា​បន្ទាន់ (Emergency Regulations Ordinance) នេះ ត្រូវបាន​យកមកប្រើ​។ យោងតាម​ការបញ្ជាក់រ​បស់​រដ្ឋមន្ត្រី​សន្តិសុខ​ហុងកុង John Lee ច្បាប់​នេះ នឹង​អនុវត្ត​លើ​បាតុករ​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ ហើយ​វា​គ្របដណ្តប់​រាល់​ម៉ាស់​បិទមុខ​ទាំងអស់ ដែល​ក្នុងនោះ ការ​លាបថ្នាំ​ពណ៌​លើ​មុខ ក៏​រាប់បញ្ចូល​ផងដែរ​។ ក៏មាន​ករណី​លើកលែង​ផងដែរ នោះ​គឺ​សម្រាប់ មនុស្ស​ដែល​ពាក់​ម៉ាស់​ដោយសារ​បញ្ហា​សុខភាព ឬ​ប្រសិនបើ​តម្រូវ​ដោយ​អាជីព (​គ្រូពេទ្យ​) ពួកគេ​ជាដើម​៕

Tag:
 ហុងកុង​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com