អ៊ីរ៉ង់​ជា​ក្រុម​លេខ​១​អាស៊ី តែ​លោក Felix ថា នេះ​ជា​ឱកាសល្អ​ដែល​កម្ពុជា​បង្ហាញ​ភាពខ្លាំង​
កីឡាជាតិ
ជាតិ
អ៊ីរ៉ង់​ជា​ក្រុម​លេខ​១​អាស៊ី តែ​លោក Felix ថា នេះ​ជា​ឱកាសល្អ​ដែល​កម្ពុជា​បង្ហាញ​ភាពខ្លាំង​
05, Oct 2019 , 2:29 pm        
រូបភាព
លោក Felix Dalmas ពេលចូលរួមក្នុងពិធីប្រកាសដៃគូឧបត្ថម្ភរបស់ក្រុមជម្រើសជាតិកម្ពុជា, រូបភាពទាំងអស់ពី FFC
លោក Felix Dalmas ពេលចូលរួមក្នុងពិធីប្រកាសដៃគូឧបត្ថម្ភរបស់ក្រុមជម្រើសជាតិកម្ពុជា, រូបភាពទាំងអស់ពី FFC
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas បាន​អះអាងថា កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ដើម្បី​តទល់​ជាមួយ​ម្ចាស់ផ្ទះ​អ៊ីរ៉ង់​សម្រាប់​ជំនួប​វគ្គ​ជម្រុះ World Cup ជុំ​ទី​២​នៅ​ថ្ងៃទី​១០ តុលា ខាងមុខនេះ​។ ទោះបី​អ៊ីរ៉ង់​សម្បូរ​ដោយ​កីឡាករ​មាន​សមត្ថភាព និង​មាន​កម្រិត​ខ្ពស់ជាង​កម្ពុជា តែ​លោក​ជឿថា វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ​ក្នុង​ក្រសែភ្នែក​ទស្សនិកជន​។ គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ប្តេជ្ញា​ថា​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​លទ្ធផល​មួយ​ដ៏​ល្អប្រសើរ​។​



​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​មានជំនឿថា កូនក្រុម​ខ្លួន នឹង​អាចធ្វើ​ឲ្យ​ការប្រកួត​ជាមួយ​អ៊ីរ៉ង់ ក្នុង​វគ្គ​ជម្រុះ World Cup ជុំ​ទី​២​នៅ​ទឹកដី​អ៊ឺ​រ៉ង់ ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ និង​មាន​ភាព​ទាក់ទាញ​បំផុត​។ កត្តា ដែល​ធ្វើ​ឲ្យ​លោក​ជឿជាក់​បែបនេះ គឺ​ដោយសារ​កត្តា​សមត្ថភាព ការរៀបចំ​បានល្អ និង​ការព្យាយាម​ហ្វឹកហាត់​របស់​សមាជិក​ក្រុម​នីមួយៗ​។ ជាពិសេស​កម្ពុ​ជាមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ត្រៀមខ្លួន ដើម្បី​តតាំង​ជាមួយ​ក្រុម​មាន​សមត្ថភាព​ខ្លាំង​ដូច​អ៊ីរ៉ង់​។


កីឡាករ​ កែវ សុខសិលា (ឆ្វេង) និងកីឡាករ ស៊ូ យ៉ាទី

«​អ៊ីរ៉ង់​មិនមែន​ត្រឹម​តែមាន​កីឡាករ​ល្អ​លេង​នៅ Champion League នោះទេ គឺ​គេ​មាន​កីឡាករ​ល្អៗ​ជាច្រើន​។ ប៉ុន្តែ​ពួកយើង​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ ដែល​បាន​លេង និង​ប្រកួត​ជាមួយ​ក្រុម​ដ៏​អស្ចារ្យ​មួយ​នេះ​។ យ៉ាងណាក៏ដោយ ខ្ញុំ​គិតថា ក្រុម​យើង​នឹង​អាចធ្វើ​ឲ្យ​ការប្រកួត​មួយ​នេះ ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​ពួកយើង គឺ​ដោយ​ផ្អែកលើ​ការរៀបចំ ទស្សនទាន​បាល់ទាត់​របស់​ពួកយើង និង​សមត្ថភាព​របស់​កីឡាករ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​សួរ​ពី​ក្តីកង្វល់​មុន​ប៉ះ​ជាមួយ​អ៊ីរ៉ង់​។


កីឡាករ ធារី ចន្ថាប៊ីន

​ទោះបី​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់​មាន​កម្រិត​ខ្ពស់ និង​សម្បូរ​ដោយ​កីឡាករ​មាន​សមត្ថភាព​ខ្លាំង តែ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ប្តេជ្ញា​ថា លោក នឹង​ខិតខំ​ព្យាយាម​ស្វែងរក​យុត្តិសាស្ត្រ​ល្អៗ ដើម្បី​រៀបចំ​ក្រុម​ក្នុង​ការដាក់​សម្ពាធ និង​ស្វែងរក​លទ្ធផល​ដ៏​ល្អប្រសើរ​មួយ​សម្រាប់​អ្នកគាំទ្រ អ្នក​ឧបត្ថម្ភ ក៏ដូចជា​វិស័យ​កីឡាបាល់ទាត់​ទាំងមូល​។​

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda និង​លោក Felix Dalmas នឹង​ទៅ​ហ្វឹកហាត់ និង​បន្ស៊ាំ​ខ្លួន​នៅលើ​ទឹកដី​អ៊ីរ៉ង់​មុន​៣​ទៅ​៤​ថ្ងៃ ដើម្បី​ត្រៀម​តទល់​ជាមួយ​អ៊ីរ៉ង់ នា​វគ្គ​ជម្រុះ World Cup នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​។ នៅ​ថ្ងៃទី​១៥ ខែតុលា ក្រុម​គោព្រៃ​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ទទួលភ្ញៀវ​អ៊ីរ៉ាក់​៕


Tag:
 ក្រុម​ជម្រើសជាតិ​កម្ពុជា​
  World Cup
  Felix Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com