ជាតិ
សង្គមជាតិ
លោកគ្រូ នាង បូ៖ គ្រូត្រូវឈ្វេងយល់ពីប្រព័ន្ធឌីជីថលឲ្យច្បាស់ ដើម្បីជាឈ្នាន់ដល់សិស្សជំនាន់ក្រោយ
× ភ្នំពេញ៖ លោក នាង បូ គ្រូគណិតវិទ្យានៅសាលាជ័យថាវី និងជាគ្រូបង្រៀនតាម Online បានលើកឡើងថា អនាគតមនុស្សជំនាន់ថ្មី គឺអាស្រ័យលើគ្រូបង្រៀនដែលប្រកបដោយគុណភាពផ្នែកប្រព័ន្ធឌីជីថល។ តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកគ្រូ នាង បូ បាននិយាយថា៖«គុណភាពគ្រូជាមូលដ្ឋានគ្រឹះនៃយុគសម័យឌីជីថល។ ដោយសារចរន្តពិភពលោក បានអភិវឌ្ឍមកដល់ប្រព័ន្ធឌីជីថលហើយ ដូច្នេះគ្រូៗទាំងអស់ ត្រូវឈ្វេងយល់ពីប្រព័ន្ធឌីជីថលឲ្យច្បាស់ ដើម្បីផ្ទេរគំនិតដល់សិស្សឲ្យមានគ្រឹះសិក្សានៅថ្នាក់បន្ត»។
ចង់ជ្រាបច្បាស់ សូមស្តាប់បទសម្ភាសរវាងលោកគ្រូ នាង បូ និង កញ្ញា សៅ សុខអេង អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖
«គុណភាពគ្រូជាមូលដ្ឋានគ្រឹះនៃយុគសម័យឌីជីថល» ជាប្រធានបទដែលត្រូវនឹងបរិបទការអប់រំរបស់ពិភពលោក ដែលកំពុងដើរដល់ប្រព័ន្ធទំនើបឌីជីថល។ លោកគ្រូ នាង បូ និយាយថា គ្រូ និងសិស្សនៅក្នុងយុគសម័យនេះ គឺចាំបាច់ត្រូវតែចេះជំនាញឌីជីថលឲ្យច្បាស់ ដើម្បីជាឈ្នាន់ និងផ្តល់ជាដើមទុនឲ្យសិស្សសិក្សាឲ្យទាន់សម័យឌីជីថលជឿនលឿន។
លោក នាង បូ បានលើកឧទាហរណ៍ដូច្នេះថា៖«សិស្សដែលបានប្រឡងជាប់បាក់ឌុប ហើយគាត់ទៅរៀននៅស្រុកគេ ដែលអភិវឌ្ឍផ្នែកឌីជីថលហ្នឹងហើយ បើយើងអត់មានជំនាញហ្នឹងពីគ្រឹះមកទេ ប្រាកដជាពិបាកណាស់។ ដូច្នេះសិស្សគ្រប់រូប ក៏ត្រូវអភិវឌ្ឍខ្លួនឯង ឲ្យសមស្របនឹងចរន្តពិភពលោក»។
ចំពោះលោកគ្រូ នាង បូ ដើម្បីអភិវឌ្ឍប្រទេសឲ្យឈានទៅមុខលឿនបាន ទាល់តែអភិវឌ្ឍខួរក្បាលមនុស្សជាមុនសិន។ បើមនុស្សរឹងមាំហើយ ប្រទេសក៏អភិវឌ្ឍទៅតាមហ្នឹងដែរ។ លោក បន្តថា មនុស្សជំនាន់ថ្មីគឺអាស្រ័យលើគ្រូបង្រៀន។
មានបទពិសោធន៍បង្រៀនផ្នែកគណិតវិទ្យាជិត៣០ឆ្នាំ លោកគ្រូ នាង បូ អះអាងដូច្នេះថា៖«អ្វីៗទាំងអស់គឺអាស្រ័យលើគ្រូបង្រៀន ព្រោះសិក្សានុសិស្សរង់ចាំថត ហើយខួរក្បាលគាត់រង់ចាំទទួល និងកត់ត្រាពីខួរក្បាលរបស់គ្រូ។ ពេលរៀនគាត់បើកខួរក្បាលតភ្ជាប់ជាមួយខួរក្បាលគ្រូ។ អ៊ីចឹងបើខួរក្បាលគ្រូ ផ្ទេរទៅម៉េចគឺគាត់ចាប់បានអ៊ីចឹង»៕
Tag:
គ្រូបង្រៀន
នាង បូ
អប់រំ
ប្រព័ន្ធឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com