អន្តរជាតិ
ហេតុអ្វីបានជាមនុស្សមានកោសិកាមហារីក? រូបភាព Cancer Today
× មហារីក ជាជំងឺមួយប្រភេទដែលបានសម្លាប់មនុស្សជាច្រើនលាននាក់នៅក្នុងពិភពលោក។ វាជាជំងឺមួយប្រភេទដែលពិបាកនឹងតាមដាន ហើយវាក៏ជាជំងឺមួយប្រភេទដែលពិបាកក្នុងការព្យបាលឲ្យជាសះស្បើយទាំងស្រុងនោះដែរ។
មហារីកជាភាពមិនប្រក្រតីមួយដែលកើតចេញពីខ្លួនរបស់មនុស្សផ្ទាល់។ គេហទំព័រសុខភាព cancer.gov ក្រោមចំណងជើងថា «What is Cancer?» បានពន្យល់ថា នៅក្នុងករណីធម្មតា សរីរាង្គរបស់មនុស្សផលិតកោសិកាទៅតាមលក្ខខណ្ខសមស្របនៃតម្រូវការ ដើម្បីជំនួសកោសិកាដែលបានងាប់ ឬខូចខាតទៅវិញ។
ប៉ុន្តែនៅពេលដែលមហារីកចាប់ផ្តើម ការលូតលាស់ទៅតាមលក្ខខណ្ខខាងលើនេះប្រព្រឹត្តទៅមិនត្រឹមត្រូវតាមលំនាំនោះឡើយ។ លក្ខណៈនៃកោសិកា បង្ហាញពីភាពមិនសមស្រប។ កោសិកាដែលមិនត្រូវការបែរជាត្រូវបានផលិត ចំណែកឯកោសិកាដែលត្រូវងាប់បែរជានៅបន្តរស់។ កោសិកាដែលនៅបន្តរស់មានចំនួនកាន់តែច្រើនទៅៗ ផ្តុំគ្នាទៅជាកូនដុំសាច់ ដែលភាសាអង់គ្លេសហៅថា «Tumor» ។
ភាពខុសគ្នាគឺនៅត្រង់ថា កោសិកាមហារីក រីកលូតលាស់ដោយមិនមានមុខងារច្បាស់លាស់នោះទេ។ ដោយឡែក កោសិកាដែលប្រក្រតីលូតលាស់ជាមួយនឹងមុខងារច្បាស់លាស់ក្នុងការបំពេញតួរនាទីក្នុងរាង្គកាយ។ កោសិកាមហារីកមានលក្ខណៈពិសេសមួយទៀតគឺជាអាចលាក់អត្តសញ្ញាណរបស់ខ្លួនពីកោសិកាការពាររាងកាយ។ ដូចច្នេះ កោសិកាប្រយុទ្ធប្រឆាំងនឹងជំងឺមិនងាយអាចកំចាត់វាបានដោយស្រួលប៉ុន្មាននោះទេ។
សំណួរសួរថា ហេតុអ្វីបានជាវាកើតឡើង? ធាតុបង្ករបស់វាគឺ សែនដែលនៅក្នុងខ្លួនរបស់មនុស្សផ្ទាល់។ សែនគឺជាអង្កត់ទិន្នន័យជីវសាស្ត្រម្យ៉ាងដែលមានវត្តមានក្នុងស្នូលកោសិកា។ ទិន្នន័យនោះត្រូវបានគេហៅថា DNA ។ នៅពេលដែល DNA ត្រូវបានផ្លាស់ប្តូរដោយប្រការណាមួយ នោះការរីកលូតលាស់នៃកោសិកាក៏ប្រែប្រួលទៅតាមនោះដែរ។
ករណីដំបូងនោះគឺ ការទទួលបានសែនពីសំណាក់អ្នកជំនាន់មុន តាមការបន្តពូជ។ ពេលខ្លះទៀត វាកើតមកពីការរស់នៅរបស់មនុស្សជាមួយនឹងបរិស្ថានរបស់គាត់ ដូចជាបរិស្ថានដែលសម្បូរទៅដោយផ្សែងបារី វិទ្យុសកម្ម ឬ កាំរស្មីស្វាយអ៊ុលត្រា UV ពីព្រះអាទិត្យជាដើម។ ធាតុបង្កទាំងឡាយនេះអាចមានឥទ្ធិពលជាមួយនឹងអង្កត់សែននៃកោសិការបស់មនុស្សម្នាក់ៗ។ អ្នកស្រាវជ្រាវបានរកឃើញមហារីកជាង១០០ប្រភេទ ហើយគេតែងតែឲ្យឈ្មោះវាទៅតាមសរីរាង្គ ឬជាលិកាដែលវារីកលូតលាស់ចេញមក៕
© រក្សាសិទ្ធិដោយ thmeythmey.com