ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ធនាគារអភិវឌ្ឍន៍អាស៊ី ក្រើនរំឭកពីហានិភ័យកម្ចីក្នុងវិស័យអចលនទ្រព្យកម្ពុជា
× ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុកកំណើនឥណទានដែលប្រមូលផ្តុំនៅក្នុងវិស័យអចលនទ្រព្យ និងអាជីវកម្មដែលពាក់ព័ន្ធនៅកម្ពុជា គឺជាហានិភ័យមួយអាចបង្អាក់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
យោងតាមរបាយការណ៍ ស្តីពីទស្សនៈវិស័យសេដ្ឋកិច្ចរបស់ ADB ដែលចេញផ្សាយកាលពីថ្ងៃទី២៤ កញ្ញាកន្លងទៅ សេដ្ឋកិច្ចកម្ពុជានៅតែបន្តដំណើរទៅមុខ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើង ៧ភាគរយ នៅឆ្នាំ២០១៩នេះ ដោយសារការបន្តរឹងមាំពីវិស័យសម្លៀកបំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់។
ទោះយ៉ាងណា ADB ក៏បានលើកឡើង ពីការពូនគរកំណើនកម្ចី នៅក្នុងវិស័យអចលនទ្រព្យដែលជាហានិភ័យក្នុងស្រុក។ បន្ថែមលើនេះ កំណើនសេដ្ឋកិច្ច អាចនឹងត្រូវបានរំខានប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរទាំងស្រុង ឬផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងអាវុធ (EBA)។
លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា៖«ភាពមិនប្រាកដប្រជាកាន់តែកើនឡើង នៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក ដែលអាចប៉ះពាល់ដល់វិស័យសេវាកម្ម ដូចជាទេសចរណ៍កម្ពុជា ដែលត្រូវការជាបន្ទាន់ នូវយុទ្ធសាស្ត្រធ្វើពិពិធកម្មផលិតផល និងសេវាកម្មដែលមានតម្លៃខ្ពស់»។ អ្នកស្រីថ្លែងថា៖«ដើម្បីបង្ការហានិភ័យ តម្រូវឲ្យកាត់បន្ថយហានិភ័យ ដែលបានមកពីការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យហួសប្រមាណ ការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាពខ្ពស់ ដើម្បីប៉ះប៉ូវដល់ការកើនឡើងប្រាក់ឈ្នួល និងការទាក់ទាញការវិនិយោគ»។
ទោះបីជាបានបង្ហាញក្តីបារម្ភ ពីការពូនគរការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យច្រើនក្តី ADB មិនបានលើកឡើងពីទិន្នន័យជាក់លាក់ បង្ហាញនៅក្នុងរបាយការណ៍នេះទេ។
យោងតាមការិយាល័យឥណទានកម្ពុជា (CBC) ប្រាក់កម្ចីមានទ្រព្យបញ្ចាំបានកើនឡើងដល់ ៣.៤២ ពាន់លានដុល្លារ នៅចុងខែមិថុនាឆ្នាំ២០១៩នេះ គឺកើនឡើង ៣០ ភាគរយ បើប្រៀបធៀបនឹងដំណាច់ខែមិថុនាឆ្នាំមុន។ តែតួលេខនេះ មិនរាប់បញ្ចូលប្រាក់កម្ចីទិញផ្ទះដែលគាំទ្រដោយអ្នកអភិវឌ្ឍ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជានោះទេ។
ធនាគារអភិវឌ្ឍន៍អាស៊ី មិនមែនជាស្ថាប័នតែមួយទេ ដែលសម្តែងការព្រួយបារម្ភទាក់ទងនឹងកំណើនដ៏លឿនរហ័សពេក នៃកម្ចីក្នុងវិស័យអចលនទ្រព្យ។ ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារពិភពលោកនៅកម្ពុជា បានកត់សម្គាល់ពីហានិភ័យ នៃការកើនឡើងឥណទានហួសពីតម្រូវការនេះដែរ។
NBC បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីដើមឆ្នាំនេះ ដោយបញ្ជាក់ថាកំណើនឥណទាននៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅតែខ្ពស់ ប្រហែល ៣១ភាគរយ។
នៅពេលអចលនទ្រព្យកើនឡើងដល់កំពូល វានឹងធ្លាក់ចុះវិញ
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសិក្ខាសាលាមួយ កាលពីដើមឆ្នាំនេះ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក បានមានប្រសាសន៍ថា វិស័យសំណង់ និងអចលនទ្រព្យ តែងតែមើលឃើញពីវដ្តនៃការលូតលាស់ និងការធ្លាក់ចុះ។ លោកថ្លែងថា៖«នៅពេលវាឡើងដល់កំពូល វានឹងធ្លាក់ចុះវិញ។ គ្មាននរណាម្នាក់ដឹងច្បាស់ថា ពេលវេលានេះ នឹងទៅជាយ៉ាងណាទេ ហើយសម្រាប់ពេលបច្ចុប្បន្ន តម្លៃអចលនទ្រព្យ និងសំណង់ បាននឹងកំពុងកើនឡើងខ្លាំង ដែលធ្វើឱ្យប្រាក់កម្ចីធនាគារមានកាន់តែច្រើន។ ប្រការនេះ អាចបង្កជាហានិភ័យ ដូច្នេះការការពារសុខភាពវិស័យហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ក្នុងការការពារបញ្ហាសេដ្ឋកិច្ច»។
លោក ហ៊ឹម សីហា នាយកស្រាវជ្រាវរបស់ VTrust Appraisal បានឲ្យដឹងថា កំណើននៅក្នុងវិស័យអចលនទ្រព្យ និងការរីកចម្រើននៅក្នុងវិស័យហិរញ្ញវត្ថុ តែងកើតឡើងស្របគ្នា ហើយតែងត្រូវការគ្នាទៅវិញទៅមក ដើម្បីបន្តរីកចម្រើន។ លោកបញ្ជាក់៖«ភាពបត់បែន នៃជម្រើសទូទាត់ប្រាក់សំណងសម្រាប់កម្ចីគេហដ្ឋាន បានជំរុញទីផ្សារលំនៅដ្ឋានក្នុ ងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»។
លោក នួន រិទ្ធី នាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាអចនទ្រព្យ Khmer Appraisal Foundation (KFA) បានមានប្រសាសន៍ថា វិស័យហិរញ្ញវត្ថុបានជួយដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យហើយវិស័យទាំងពីរ កំពុងរីកចម្រើនស្របនឹងកំណើនសេដ្ឋកិច្ច។
លោកបានបន្ថែមថា ប្រទេសកម្ពុជា មានចំនួនប្រជាជនពេញវ័យច្រើន ហើយកំពុងងាកទៅរកបែបបទនៃការរស់នៅថ្មី ដោយគូស្រករវ័យក្មេង ចង់រស់នៅដោយឯករាជ្យពីឪពុកម្តាយ ហើយអាចមានលទ្ធភាពទិញផ្ទះរស់នៅផ្ទាល់ខ្លួន។ កត្តានេះ បានបង្កើនតម្រូវការកម្ចីសម្រាប់វិស័យអចលនទ្រព្យជាបន្តបន្ទាប់។ លោកបន្តថា៖«ឥឡូវប្រជាជនកម្ពុជា មានប្រាក់ចំណូលខ្ពស់ ហើយចង់បានរបៀបរស់នៅល្អជាងមុន។ អ្នកដែលមានផ្ទះនៅកម្រិតមធ្យម បានប្តូរទៅរកកម្រិតខ្ពស់ ហើយអ្នកដែលរស់នៅក្នុងកម្រិតទាប ប្តូរមកកំរិតមធ្យម»៕
(ប្រភព៖ https://www.realestate.com.kh/km/news/asia-development-bank-raises-concerns-over-credit-in-property-sector/)
© រក្សាសិទ្ធិដោយ thmeythmey.com