កុមារា ណា​ង សុវណ្ណ ចង់​ក្លាយជា​តារាភាពយន្ត តាមរយៈ​ក្បាច់គុន​ល្បុក្កតោ​
កីឡាជាតិ
ជាតិ
កុមារា ណា​ង សុវណ្ណ ចង់​ក្លាយជា​តារាភាពយន្ត តាមរយៈ​ក្បាច់គុន​ល្បុក្កតោ​
06, Oct 2019 , 10:29 pm        
រូបភាព
កុមារា ណាង សុវណ្ណ
កុមារា ណាង សុវណ្ណ
​ភ្នំពេញ​៖ កុមារា ណា​ង សុវណ្ណ ចូល​ហាត់គុន​ល្បុក្កតោ​នៅ​រាជធានី​ភ្នំពេញ អស់​រយៈពេល​ជិត​៣​ឆ្នាំ​មកហើយ​។ ក្រៅពី​ការស្រលាញ់ ចូលចិត្ត និង​ចង់​ចូលរួម​អភិរក្ស​ក្បាច់គុន​ខ្មែរ​នេះ  កុមារា​វ័យ​១៣​ឆ្នាំ​រូបនេះ ក៏​ចង់​ក្លាយខ្លួនជា​តារា​សម្តែង​ដ៏​ឆ្នើម និង​ល្បីល្បាញ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ បែប​ប្រយុទ្ធ និង​វាយប្រហារ តាមរយៈ​ក្បាច់គុន​ល្បុក្កតោ​ដ៏​ចំណាស់​នេះដែរ​។​



​ជា​រៀងរាល់ថ្ងៃ កុមារា​ដែលមាន​ដើមកំណើត​មកពី​ខេត្តបាត់ដំបង​រូបនេះ ត្រូវ​ក្រោក​តាំងពី​ម៉ោង​៤​ព្រឹក​ព្រលឹម ដើម្បី​ហាត់​ក្បាច់គុន​ល្បុក្កតោ​ជាមួយ​ក្មេងៗ​ដទៃទៀត ពី​ម៉ោង​៤​កន្លះ ដល់​ម៉ោង​៦​ព្រឹក​។ ហ្វឹកហាត់​ក្បាច់គុន​នេះ​ចប់ ទើប​សុវណ្ណ ងូតទឹក ហូបបាយ និង​រៀបចំខ្លួន​ទៅ​សាលារៀន​។​


 
​ដ្បិតតែ​បាន​អះអាងថា ការ​ហាត់គុន​ល្បុក្កតោ​នេះ មិនបាន​ប៉ះពាល់​ដល់​ការសិក្សា​ថ្នាក់​ទី​៧​របស់គេ​មែន ប៉ុន្តែ​ម្តងម្កាល សុវណ្ណ មានការ​ឈឺចាប់ និង​រងរបួស នៅពេល​ហ្វឹកហាត់​។ តែ​ទោះយ៉ាងណា កុមារា​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រូបគេ​មិនដែល​មានគំនិត​បោះបង់​ការហាត់​គុន​នេះឡើយ ព្រោះតែ​ការស្រលាញ់ និង​ចង់​រក្សា​នូវ​មរតក​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​មួយ​នេះ​។ ម្យ៉ាងទៀត ការដែល​រូបគេ​មិន​បោះបង់ ក៏​ដើម្បី​សម្រេច​សុបិន ដែល សុវណ្ណ ចង់​ក្លាយជា​តួ​សម្តែង​ភាពយន្ត​បែប​បែប​ប្រយុទ្ធ​ដ៏​ល្បី​មួយរូប តាមរយៈ​គុន​ល្បុក្កតោ​នេះ​។ ការចេះ​ក្បាច់គុន​ល្បុក្កតោ និង​ធ្លាប់​សម្តែង​ជាច្រើនលើក ឲ្យ​អ្នកទស្សនា​ទាំង​ជនជាតិខ្មែរ និង​បរទេស បានធ្វើ​ឲ្យ សុវណ្ណ មាន​មោទកភាព​ផងដែរ​។​



​កុមារា ណា​ង សុវណ្ណ ពន្យល់​ទាំង​មោកភាព​ដូច្នេះ​ថា​៖«​ការហាត់​គុន​ខ្មែរ​យើង មិន​ត្រឹមតែ​ដើម្បី​រក្សា​សុខភាព​នោះទេ​...​វ័យ​យើង​ប៉ុន​ហ្នឹង​...​យើង​អាច​ថែរក្សា​ក្បាច់គុន​បុរាណ​ពី​ដូនតា ដែល​បាន​បន្សល់ទុក​ក្មេងៗ​ជំនាន់​ក្រោយ​យើង ព្រមទាំង​ទទួលបាន​ការគោរព ស្រលាញ់​រាប់អាន​ពី​មនុស្ស​នៅ​ជុំវិញខ្លួន​ថែមទៀត​។ មូលហេតុ​ដែល​ខ្ញុំ​ចង់​ក្លាយជា​តួ​សម្តែង​ភាពយន្ត​តាមរយៈ​គុន​ល្បុក្កតោ​នេះ ក្រៅពី​អាច​រកចំណូលបាន​ហើយ គឺ​ខ្ញុំ​បានបង្ហាញ​នូវ​ក្បាច់គុន​ខ្មែរ​នេះ ដែល​អាចធ្វើឱ្យ​ប្រទេស​ផ្សេងៗ ស្គាល់​និង​កោតសរសើរ ថា​ក្បាច់គុន​ខ្មែរ​អាច​បញ្ចេញ​នូវ​ខ្សែភាពយន្ត​មួយ​ល្អ​ដែល​អន្តរជាតិ​ទទួលស្គាល់​»​។

​បច្ចុប្បន្ន សុវណ្ណ អាច​សម្តែង និង​ប្រយុទ្ធ នូវ​ស្នៀត​មួយចំនួន​នៃ​ក្បាច់គុន​ល្បុក្កតោ​បាន​យ៉ាង​ល្អ ដូចជា​ស្នៀត​ទា ក្តាម បក្សី សេះ និង​ស្នៀត​នាគ​។ រូបគេ ធ្លាប់​ដណ្តើមបាន​មេដាយមាស​ក្នុង​វិញ្ញាសា​ប្រយុទ្ធ​គុន​ល្បុក្កតោ​ថ្នាក់ជាតិ កាល​ឆ្នាំ​២០១៨ ហើយ​បច្ចុប្បន្ន​រូបគេ​កំពុង​ហ្វឹកហាត់​បន្ថែម ដើម្បី​ត្រៀម​ប្រកួត​ដណ្តើម​មេដាយ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា Sea Games ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​តែម្តង​៕

Tag:
 ណា​ង សុវណ្ណ​
  ល្បុក្កតោ​
  ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com