អន្តរជាតិ
មហាធៀ ដាស់តឿនប្រជាជាតិម៉ាឡេ «កុំរំពឹងអ្នកដទៃមកជួយស្តារកិត្យានុភាពយើង»
× លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាមេដ មហាធៀ បានក្រើនរម្លឹកដល់ប្រជាជនម៉ាឡេស៊ីឲ្យពង្រឹងសមត្ថភាព និងប្រើប្រាស់ឱកាសដែលខ្លួនមានឲ្យអស់ពីលទ្ធភាព ដើម្បីកសាងកិត្យានុភាពសម្រាប់ប្រជាជាតិរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី មិនចង់ឃើញប្រជាជនម៉ាឡេ មានក្តីរំពឹងថា នឹងមានអ្នកដទៃខាងក្រៅ នឹងមកជួយលើកិត្តិយសខ្លួនឲ្យសោះ។
តាមរយៈកម្មវិធីជំនួបជាមួយនឹងប្រជាជនម៉ាឡេនៅថ្ងៃ៦ តុលា លោកនាយករដ្ឋមន្ត្រី មហាមេដ មហាធៀ បានលើកឡើងថា មានតែប្រជាជនម៉ាឡេខ្លួនឯងនោះទេ ដែលអាចស្តារកិត្យានុភាពរបស់ខ្លួនបាន ហើយត្រូវបញ្ឈប់រំពឹងថា នឹងមានអ្នកដទៃខាងក្រៅមកជួយលើកមុខមាត់របស់ខ្លួនឲ្យទាល់តែសោះ។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia។
តាមប្រភពព័ត៌មានដដែលនោះ លោកនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា សូម្បីតែរដ្ឋាភិបាលដែលដឹកនាំដោយជនជាតិម៉ាឡេ ក៏មិនអាចជួយស្រោចស្រង់កិត្យានុភាពបានទាំងស្រុងបានដែរ ប្រសិនបើប្រជាជនមិនមានការចូលរួម និងប្រឹងប្រែងសម្រាប់ភាពល្អប្រសើររបស់ខ្លួនឯងផងនោះ។
នៅចំពោះមហាជនរាប់ពាន់នាក់ លោកនាយករដ្ឋមន្ត្រី ចង់ឲ្យប្រជាជនម៉ាឡេ ដែលរាប់បញ្ចូលទាំងអ្នកនៅក្នុងជួរថ្នាក់ដឹកនាំ តំណាងគណបក្សនយោបាយទំនោរម៉ាឡេ និងអង្គការក្រៅរដ្ឋាភិបាលផងនោះ មានស្មារតីភ្ញាក់រលឹក។ លោក បញ្ជាក់ថា៖ «ប្រសិនបើយើងមានសមត្ថភាពគ្រប់គ្រងប្រទេសបានល្អ ធ្វើការបានល្អ ផលិតទំនិញបានច្រើន នោះគ្មាននរណាម្នាក់ឆក់យកកិត្យានុភាពរបស់យើងបានឡើយ»។
គិតចាប់ពីឡើងកាន់អំណាចមក មេដឹកនាំចាស់វស្សារូបនេះ តែងតែដាស់តឿនឲ្យប្រជាជនម៉ាឡេស៊ីទាំងអស់ មានស្វ័យភ្ញាក់រម្លឹកលើការបំពេញការងារ ក៏ដូចជាការងារប្រទេសជាតិ។ លោក ក៏ធ្លាប់បញ្ជាក់ផងដែរ កត្តាមួយដែលធ្វើឲ្យមានលំហូរជនជាតិបរទេសច្រើនទៅធ្វើការនៅម៉ាឡេស៊ី ក៏ដោយសារតែប្រជាជនម៉ាឡេស៊ី មិនក្តោបឱកាស និងរើសអើងការងារ ដែលអាក្រក់ លំបាក និងគ្រោះថ្នាក់។
កន្លងមក លោក តែងសរសើរដល់ប្រជាជនជប៉ុន និងវៀតណាម ដែលមានការប្រឹងប្រែងខ្ពស់ក្នុងការងារ ដែលជាផ្នែកធំមួយធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកលូតលាស់លឿន ហើយលោក ក៏ចង់ឃើញប្រជាជនម៉ាឡេស៊ី កែប្រែឥរិយាបថរបស់ខ្លួនបែបនេះដែរ៕
Tag:
ម៉ាឡេស៊ី
ម៉ាឡេ
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com