អន្តរជាតិ
រឿងរ៉ាវ​ប៉ុនប៉ង​ធ្វើអត្តឃាត​របស់​ចៅក្រម​ថៃ នឹងមាន​ការស៊ើបអង្កេត​បន្ត​?
07, Oct 2019 , 3:07 pm        
រូបភាព
លោក ចៅក្រម ខាន់ណាកន ភៀនចាន់ណា
លោក ចៅក្រម ខាន់ណាកន ភៀនចាន់ណា
​ចៅក្រម​ថៃ​ម្នាក់ បាន​បាញ់​ខ្លួនឯង​នៅក្នុង​បន្ទប់​កាត់ក្តី បន្ទាប់ពី​និយាយ​រិះគន់​លើ​ប្រព័ន្ធតុលាការ​នៅក្នុង​ប្រទេស​ថៃ​។ ការណ៍​នេះ បាន​បង្ក​ឲ្យ​មាន​មន្ទិលសង្ស័យ​ជាច្រើន​ពី​សំណាក់​មហាជន​នៅក្នុង​ប្រទេស ក៏ដូចជា​ក្រៅប្រទេស​។ ទាក់ទិន​រឿងនេះ ការិយាល័យ​តុលាការ​យុត្តិធម៌​ថៃ កំពុង​ប្រមែប្រមូល​ព័ត៌មាន​ដើម្បី​បញ្ចូនទៅ​កាន់​គណៈកម្មកា​រ​នៃ​អង្គចៅក្រម​ដើម្បី​ពិចារណា​បើក​ការស៊ើបអង្កេត​។​



​រឿងរ៉ាវ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​០៤ ខែតុលា​។ លោក​ចៅក្រម ខាន់​ណា​កន ភៀន​ចាន់ណា (Khanakorn Pianchana) បាន​បាញ់​ទ្រូង​ខ្លួនឯង បន្ទាប់ពី​លើកលែងទោស​ឧក្រិដ្ឋ​ឲ្យ​បុរស​មូស្លីម ៥​នាក់​។ ប៉ុន្តែ​លោក​ចៅក្រម​រូបនេះ ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្លាមៗ និង​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​។

​តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម Facebook ក្នុង​តុលាការខេត្ត​យ៉ា​ឡា ភាគខាងត្បូង​ប្រទេស​ថៃ លោក ខាន់​ណា​កន បាន​លើកឡើងថា​៖ «​អ្នក [​ចៅក្រម​] ត្រូវការ​ភស្តុតាង​ច្បាស់លាស់ និង​ទុកចិត្តបាន ដើម្បី​ដាក់ទណ្ឌកម្ម​នរណាម្នាក់​។ ដូចនេះ​បើ​អ្នក​មិន​ច្បាស់​ទេ កុំ​ដាក់ទណ្ឌកម្ម​ពួកគេ​»​។  ក្នុងន័យនេះ លោក​ចៅក្រម មិនមែន​មានន័យថា ជនសង្ស័យ​ទាំង ៥​រូប មិនបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឡើយ ប៉ុន្តែ​នីតិវិធីតុលាការ ត្រូវការ​តម្លាភាព និង​ភាព​ទុកចិត្ត​។ ប្រសិន​តុលាការ​ដាក់ទណ្ឌកម្ម​លើ​មនុស្ស​ខុស គឺ​ប្រៀបដូចជា​ឲ្យ​ជនសង្ស័យ​ទាំងនោះ ទទួលកំហុស​ជំនួស​អ្នកដទៃ​ដូច្នេះ​ដែរ​។

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ គេ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ថា​តើ​ហេតុអ្វី​បានជា​ចៅក្រម​រូបនេះ បាន​យក​កាំភ្លើងខ្លី​បាញ់​ខ្លួនឯង​។ អ្នកនាំពាក្យ​ការិយាល័យ​នៃ​អង្គចៅក្រម Suiyan Hongvilai បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា  លោក​ខាន់​ណា​កន បាន​បាញ់​ខ្លួនឯង​ដោយសារតែ​ភាព​តានតឹង ឬ​សម្ពាធ​ផ្ទាល់ខ្លួន​។ ចំណែក​តាម​ការចុះផ្សាយ​របស់​ព័ត៌មាន​ក្នុង​ស្រុកថៃ បញ្ហា​នេះ​បណ្តាលមកពី​រឿងក្តី​ដែល​លោក ខាន់​ណា​កន បាន​កាន់​ដោយផ្ទាល់​។

​សេចក្តីថ្លែងការណ៍​មួយ​ដែល​គេ​ជឿថា បាន​សរសេរ​ដោយ​ចៅក្រម​រូបនោះ និង​បង្ហោះ​លើ​បណ្តាញ​សង្គម Facebook មុន​លោក​បាញ់​ខ្លួនឯង បង្ហាញថា លោក​បាន​រង​សម្ពាធ​ពី​ថ្នាក់លើ​ដើម្បី​កាត់ទោស​ឲ្យ​បុរស​ទាំង​៥​នាក់​នោះ​មាន​កំហុស ទោះជា​ខ្វះខាត​ភស្តុតាង​ក៏ដោយ​ក្តី​។ លោក​សរសេរ​បែបនេះ​៖«​ប្រសិនបើ​ខ្ញុំ​មិនអាច​រក្សា​ពាក្យសម្បថ​ពេល​ចូលកាន់​តំណែង​ខ្ញុំ​ទេនោះ ខ្ញុំ​សុខចិត្ត​ស្លាប់​ជាជាង​រស់នៅ​ដោយ​គ្មាន​កិត្តិយស​»​។​

​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៧ ខែតុលា អគ្គលេខាធិការ​នៃ​ការិយាល័យ​តុលាការ​យុត្តិធម៌​ថៃ លោក Sarawut Benjakul បាន​បញ្ជាក់ថា របាយការណ៍​ពី​ហេតុការណ៍​បាញ់​ខ្លួនឯង​របស់​ចៅក្រម ខាន់​ណា​កន ភៀន​ចាន់ណា នឹងត្រូវ​បញ្ជូន​ទៅកាន់​គណៈកម្មការ​នៃ​អង្គចៅក្រម​ដើម្បី​ពិចារណា​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​បទល្មើស​ផ្នែក​វិន័យ​។​

​ទន្ទឹមនេះ លោក Sarawut អះអាង ភាព​ឯករាជ្យ​របស់​ចៅក្រម ត្រូវបាន​ធានា ហើយ​ការងារ​ពួកគេ ប្រព្រឹត្ត​ទៅដោយ​អនុលោម​តាមច្បាប់​។ សម្រាប់​លោក ការស៊ើបអង្កេត នឹង​រកមើល​រឿងរ៉ាវ​ពិត និង​មូល​ហេតុដែល​ធ្វើ​ឲ្យ​លោក​ចៅក្រម ខាន់​ណា​កន បាញ់​ខ្លួនឯង​បែបនេះ​។

​គួរ​កត់សម្គាល់ថា យោងតាម​ប្រធាន​មន្ទីរពេទ្យ​ខេត្ត Yala លោក​វេជ្ជបណ្ឌិត Banyong Laocharoensuk ចៅក្រម​ថៃ​ដែល​បាញ់​ខ្លួនឯង​នេះ ធ្លាប់​ត្រូវបាន​គេ​ផ្តល់យោបល់​ឲ្យ​ឈប់សម្រាក​ពី​ការងារ​យ៉ាងតិច​មួ​យស​ប្តា​ហ៍សិ​ន ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ​។ អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត ក៏​រំពឹង​ជួប​លោក​ចៅក្រម​នេះ​ក្នុង​សប្តាហ៍​នេះ​ផងដែរ​៕


Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com