ជាតិ
សេដ្ឋកិច្ច
សង្គម​ស៊ីវិល​៖ ពលរដ្ឋ​ខ្មែរ​ក្រីក្រ នឹង​ចំណាកស្រុក​ច្រើន ដោយសារ​ជនបរទេស​ដណ្ដើម​មុខរបរ​តូចតាច​
07, Oct 2019 , 5:30 pm        
រូបភាព
រូប​ខាងឆ្វេង លោក ឃុន ថា​រ៉ូ​, ស្តាំ លោក វន់ ពៅ​
រូប​ខាងឆ្វេង លោក ឃុន ថា​រ៉ូ​, ស្តាំ លោក វន់ ពៅ​
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​ក្រីក្រ នឹង​ចំណាកស្រុក​ច្រើន ដោយសារ​ជនបរទេស​ដណ្ដើម​មុខរបរ​តូចតាច​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​សង្គម​ស៊ីវិល ដែល​មើលឃើញ​បញ្ហា​នេះ ស្រប​ពេលដែល​រដ្ឋាភិបាល ផ្ដល់​សិទ្ធិ​អនុញ្ញាតឱ្យ​ជនបរទេស​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឬ​ស្វ័យ​និ​យោជន៍ គ្រប់​ប្រភេទ​ឡើងវិញ​នៅ​កម្ពុជា​។​



​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ យល់ឃើញថា ការសម្រេច​របស់​រដ្ឋា​ភិ​បាល ក្នុងការ​អនុញ្ញាតឱ្យ​ជនបរទេស​អាច​ប្រកប​របរ​រកស៊ី​តូចតាច​ដូច​ពលរដ្ឋ​ខ្មែរ​ដែរនោះ វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះទេ​។ សម្រាប់​លោក វន់ ពៅ ការផ្ដល់​សិទ្ធិ​រកស៊ី​ដល់​ជនបរទេស​បែបនេះ វា​ហាក់ដូចជា​អនុញ្ញាតឱ្យ​ពួកគេ​ដណ្តើម​ការងារ​ពី​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើឱ្យ​ពលរដ្ឋ​ខ្លួនឯង បាត់បង់​មុខរបរ ប្រាក់ចំណូល និង​បាត់បង់​អតិថិជន ហើយ​នាំឱ្យ​ធា្ល​ក់​ចូលក្នុង​ភាពក្រីក្រ ដែល​ឈានទៅ​បង្ខំចិត្ត​ចំណាកស្រុក​ខុសច្បាប់​កាន់តែច្រើន​ផងដែរ​។



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក វន់ ពៅ បាន​និយាយ​ដូច្នេះ​ថា ៖«​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងនេះ​ដែល​រដ្ឋាភិបាល​យើង​បើក​ឱ្យ​ជនបរទេស​ធ្វើ​នេះ គឺ​មិនចាំបាច់​ទាមទារ​ជំនាញ​មួយ​ច្បាស់លាស់​ឡើយ មានន័យថា​ពលរដ្ឋ​ខ្មែរ​យើង​អាច​ធ្វើបាន ហើយ​ពួកគាត់​ធា្ល​ប់​ធ្វើ​តាំងពីដើម​មក​ម្លេះ​»​។​

​ត្រង់ចំណុច​នេះ លោក ឃុន ថា​រ៉ូ  អ្នកសម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់​ត្រា​ល់ (CENTRAL) បាន​និយាយថា ក្រសួង​ការងារ​គួរតែ​ពិនិត្យ និង​ពិចារណា​ឱ្យ​ច្បាស់​ឡើងវិញ ចំពោះ​ការផ្ដល់​សិទ្ធិ​ឱ្យ​បរទេស​ប្រក​បរបរ​តូចតាច​ដូច​ពលរដ្ឋ​ខ្មែរ​នេះ​។ «​យើង​ត្រូវ​កំណត់​ក្នុង​ក្រម​ខណ្ឌ​ណាមួយ ដែល​ប្រជា​ប្រពល​រដ្ឋ​ខ្មែរ​អនុវត្ត​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​អាច​ធ្វើបាន ហើយ​មិនចាំបាច់​ដោះដូរ​កម្លាំង​ពលកម្ម​ជាមួយ​បរទេស​នោះទេ​។ រឿង​ដែល​សំខាន់​នោះ រដ្ឋាភិបាល គួរតែ​គិត​អំពើ​ជនបរទេស​ដែល​ធ្វើ​អនុវត្ត​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យ​ស្ថិតនៅក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​វិញ ព្រោះ​វា​កម្លាំង​ដែល​សំខាន់ ឱ្យ​ពួកគាត់​មានការ​គាំពារ​ផ្នែក​ច្បាប់ មានការ​គាំពារ​ផ្នែក​របរការ​ពារ​សង្គម ផ្នែក​បេឡា​ជាតិ​ជាដើម​។  ទាំង នេះ​បាន​រឿង​អទិភាព​ដែល​យើង​ត្រូវធ្វើ​។ នេះ​បើតាម លោក ឃុន ថា​រ៉ូ​។

​ទាំង​លោក វន់ ពៅ និង​លោក ឃុន ថា​រ៉ូ សុទ្ធតែ​អះអាងថា កន្លងមក​ជនបរទេស​បាន​ដណ្តើម​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពី​ពលរដ្ឋ​ខ្មែរ​ច្រើនណាស់​មកហើយ ជាពិសេស​ផ្នែក​សេវាកម្ម រួមទាំង​អា​ជីរ​កម្ម​រកស៊ី​ទ្រង់ទ្រាយ​តូច រហូតដល់​ទ្រង់ទ្រាយ​ធំ ភាគច្រើន​ជា​ជនជាតិ​វៀតណាម និង​ចិន​ជាដើម នៅក្នុង​ខេត្ត​ព្រះសីហនុ សៀមរាប និង​ភ្នំពេញ​។
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម ជុំវិញ​ការអនុញ្ញាតឱ្យ​ជនបរទេស​អាច​ប្រកប​របរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​ស្វ័យ​និ​យោជន៍​គ្រប់​ប្រភេទ​ឡើងវិញ​នៅ​កម្ពុជា​ឡើយ​។​



អត្ថបទទាក់ទង

​កាលពី​ថ្ងៃទី​៦ តុលា ក្រសួង​ការងារ​បាន​សេចក្តី​ដំណឹង​ជា​សាធារណៈ​នៃ​ការអនុញ្ញាតឱ្យ​ជនបរទេស​ធ្វើការ​និង​ប្រកបមុខរបរ​ចំនួន​១០​ប្រភេទ​នៅ​កម្ពុជា ក្រោម​មូលហេតុ​កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជនបរទេស​ក្នុង​វិស័យ​សេវាកម្ម និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​។ មុខរបរ​ទាំង​១០​ប្រភេទ​នោះ​មាន ការងារ​ជា​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ជា​លក្ខណៈ​អាជីវកម្ម ការលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ ម៉ាស្សា និង​ចា​ប់ស​សៃ​តាម​សាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សា​សម្ផស្ស សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង ប៉ះ​កង់ ជួសជុល​យានយន្ត កាត់ដេរ ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ផលិត​ឧបករណ៍​ភ្លេងខ្មែរ ផលិត​បាត្រ​លោក ព្រះ​ពុទ្ធរូប និង​ជាងទង និង​ជាង​ច្នៃត្បូង​ពេជ្រ​។​

​ប៉ុន្តែ​ការសម្រេច​ឱ្យ​ជនបរទេស​ប្រកប​របរ​តូចតាច ក្រោម​ហេតុផល​ត្រូវការ​កម្លាំង​ជំនាញ​នេះ ត្រូវបាន​សង្គម​ស៊ីវិល ចាត់ទុកថា ជាហេតុ​ផល​មិន​សមរម្យ​។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូបនេះ បាន​សង្កត់ធ្ងន់ថា មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​១០​ប្រភេទ​ខាងលើនេះ វា​មិនចាំបាច់​ត្រូវការ​អ្នកជំនាញ​ជា​ជនបរទេស​ឡើយ​។ បើតាម​លោក វន់ ពៅ អ្នកជំនាញ​ជនបរទេស​ដែល​កម្ពុជា​ត្រូវការ​នោះ គឺ​ជំនាញ​ក្នុង​វិស័យ​រោងចក្រ សហគ្រាស​កាត់ដេរ រោងចក្រ​ដំឡើងរថយន្ត​-​ម៉ូតូ​...​និង​រោងចក្រ​ធំៗ ជាដើម​...​។ «​ត្រឹម​មុខរបរ​រត់​ម៉ូតូឌុប តាក់ស៊ី ជាងកាត់សក់ អ្នក​តុបតែង​មុខ ម៉ាស្សា និង​អ្នកលក់​ចំណី​ចល័ត​តាមផ្លូវ​ជាដើម គឺ​វា​មិនចាំបាច់​មាន​ជនបរទេស​ជំនាញ​មក​ធ្វើ​ការងារ​ទាំងអស់​ហ្នឹង​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វន់ ពៅ​៕

Tag:
 ការងារ​
  មុខរបរ​
© រក្សាសិទ្ធិដោយ thmeythmey.com