កីឡាជាតិ
ជាតិ
លោក អូន ព័ន្ធមុនីរ័ត្ន យក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើជា​ដៃគូ​ទ្រទ្រង់​កីឡា​កា​រ៉ា​តេ​
07, Oct 2019 , 10:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ធ្វើជាអធិបតីក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩, រូបភាពពី SEA Games 2023
លោក អូន ព័ន្ធមុនីរ័ត្ន ធ្វើជាអធិបតីក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩, រូបភាពពី SEA Games 2023
ដោយ:
​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បានប្រកាស​យក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្វើជា​ដៃគូ​ទ្រទ្រង់ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​កា​រ៉ា​តេ​នៅ​កម្ពុជា​។ ការប្រកាស​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ ដែល​ក្រុម​កីឡាករ​មកពី​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ​។



​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​កីឡា​កា​រ៉ា​តេ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន បានប្រកាស​ដាក់​ក្រសួង​ខ្លួន ធ្វើជា​ដៃគូ​សហការ​ជាមួយ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​។ ការប្រកាស​ធ្វើ​ដៃគូ​ទ្រទ្រង់​ជា​ផ្លូវការ​នេះ គឺ​ដើម្បី​ទ្រទ្រង់​ដំណើរការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​នានា​នៅ​ឆាក​និង​អន្តរជាតិ ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ម្យ៉ាងវិញទៀត ការប្រកាស​ភាពជា​ដៃគូ​របស់​រដ្ឋមន្ត្រី​រូបនេះ វា​ស្របតាម​យុទ្ធសាស្ត្រ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់ចេញ​កាលពី​កន្លងទៅ​។   យុទ្ធសាស្ត្រ​របស់​សម្តេច ហ៊ុន សែន គឺ​ជំរុញ​ឲ្យ​មនុស្ស​ម្នាក់​ហាត់​កីឡា​មួយ​មុខ និង​ក្រសួង​ស្ថាប័ន​មួយ​ទ្រទ្រង់​កីឡា​មួយ​ប្រភេទ​។


​    ​
«​ក្នុងនាម​ខ្ញុំ​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខ្ញុំ​បានប្រកាស​ដាក់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ដៃគូ​ទ្រទ្រង់​កីឡា​កា​រ៉ា​តេ​ជា​ផ្លូវការ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ប្រជាជន​ម្នាក់​ហាត់​កីឡា​មួយ​មុខ និង​ក្រសួង​ស្ថាប័ន​មួយ​ទ្រទ្រង់​កីឡា​មួយ​ប្រភេទ​»​។ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែង​បែបនេះ​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ នៅ​ថ្ងៃទី​៦ ខែតុលា នា​អគារ​ដំបូលទូក​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

​តាមរយៈ​ការជួយ​ទ្រទ្រង់​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កន្លងមក ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​រូបនេះ សង្កេតឃើញថា វិស័យ​កីឡា​កា​រ៉ា​តេ​នៅ​កម្ពុជា​មានការ​រីកចម្រើន និង​ទទួលបាន​ការយកចិត្ត​ទុកដាក់​គួរ​ឲ្យ​កត់សម្គាល់​។ សហព័ន្ធ​បាន​បញ្ជូន​កីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម ទៅ​បណ្តុះបណ្តាល និង​ចូលរួម​ប្រកួត​នៅក្រៅ​ប្រទេស​ជាច្រើនលើក និង​ទទួលបាន​លទ្ធផល​ល្អ​ថែម​ទៀតផង​។ លើសពីនេះ សហព័ន្ធ​បាន​អញ្ជើញ​គ្រូបង្វឹក និង​អ្នកជំនាញ​អន្តរជាតិ​មក​បណ្តុះបណ្តាល​ដល់​មន្ត្រី​សហព័ន្ធ​នៅ​កម្ពុជា​ទៀតផង​។ 



​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៩​នេះ សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​ចំនួន​៨​រូប ឲ្យ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​៨​ខែ​នៅ​ប្រទេស​អ៊ីតាលី ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ដែល​ប្រព្រឹត្តទៅ​នៅ​ខែធ្នូ ខាងមុខ​។ សម្រាប់​ការហ្វឹកហាត់​នៅ​អ៊ីតាលី​លើក​ទី​២​នេះ សមត្ថភាព​និង​បច្ចេកទេស​របស់​កីឡាករ​កម្ពុជា​មានការ​រីកចម្រើន​ខ្លាំង ដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​រំពឹងថា កា​រ៉ា​តេ​នឹង​ទទួលបាន​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំនេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​។

​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៤​ថ្ងៃ ពោលគឺ​ចន្លោះ​ពីថ្ងៃ​ទី​៣-៦ តុលា ក្រុម​កីឡាករ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង​មេដាយ​ក្រោយ​ដណ្តើមបាន​មេដាយមាស​១១ ប្រាក់​១ និង​សំរឹទ្ធ​៦ ខណៈ​ក្រុម​កីឡាករ​ក្រសួងមហាផ្ទៃ​ឈរ​ចំណាត់ថ្នាក់​លេខ​២ ក្រោយ​ឈ្នះ​មេដាយមាស​៦ ប្រាក់​៣ និង​សំរឹទ្ធ​៣​។ ចំណែក​ក្លិប​កា​រ៉ា​តេ​ដូ​អូ​គឺ​យី​គឺ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ឈ្នះ​មេដាយមាស​៣ ប្រាក់​៤ និង​សំរឹទ្ធ​៣​។

​បើតាម​របាយការណ៍​ដែល​អាន​ដោយ​លោក វ៉ា​ត់ ចំរើន ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​មាន​កីឡាករ​កីឡាការិនី​ចំនួន​១២១​នាក់​មកពី​១៤​ក្លិប​សមាគម​ចូលរួម​។ អគ្គលេខាធិការ​រូបនេះ​បាន​វាយតម្លៃ​ចំពោះ​ដំណើរការ​នៃ​ការរៀបចំ​ថា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​ភាពត្រឹមត្រូវ ខណៈ​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​មានការ​រីកចម្រើន​ខ្លាំង បើ​ធៀប​នឹង​ការប្រកួត​កន្លងមក​៕










Tag:
 កា​រ៉ា​តេ​
  អូន ព័ន្ធមុនីរ័ត្ន​
  ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com