អន្តរជាតិ
គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បើកការស៊ើបអង្កេតលើប្អូនប្រុសលោកណាជីប លោក Nazir Razak ត្រូវជាប្អូនប្រុសរបស់លោក Najib Razak
× ប្រធានអង្គភាពប្រឆាំងអំពើពុករលួយម៉ាឡេស៊ីនៅថ្ងៃទី៧ ខែតុលា បាននិយាយថា ម៉ាឡេស៊ីបានរកឃើញ ប្អូនប្រុសលោកអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (Najib Razak) និងក្រុមហ៊ុនជាច្រើនផ្សេងទៀត មានការពាក់ព័ន្ធទៅនឹងការទទួលលុយមូលនិធិរដ្ឋ 1MDB។
មូលនិធិរដ្ឋ1Malaysia Development Berhad ឬ1MDB ត្រូវបានបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (Najib Razak) ក្នុងឆ្នាំ ២០០៩ ត្រូវបានអ្នកស៊ើបអង្កេតម៉ាឡេស៊ី និងអាមេរិករកឃើញថា ទឹកប្រាក់ប្រមាណជា ៤,៥ពាន់លានដុល្លារត្រូវបានគេបង្វែរចេញពី 1MDB។ បញ្ហានេះ ក៏ធ្វើឲ្យលោក Najib ធ្លាក់ចេញពីតំណែងកាលពីឆ្នាំ ២០១៨ និងត្រូវប្រឈមនឹងបទចោទអំពើពុករលួយ និងការលាងលុយកខ្វក់ បន្ទាប់ពីលោកបានទទួលលុយ ១ពាន់លានដុល្លារពីមូលនិធិនេះ។ ប៉ុន្តែលោកនិយាយថា មិនមានកំហុសពាក់ព័ន្ធនឹងបញ្ហានេះឡើយ។
ប្រាប់អ្នកយកសារព័ត៌មាន ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) លោកស្រី Latheefa Koya លើកឡើងថា ទីភ្នាក់ងាររបស់លោក មានបំណងទាញយកលុយបាត់ ១០០លានដុល្លារទៀត។ ការស៊ើបអង្កេតនេះ នឹងធ្វើឡើងទៅលើបុគ្គល និងអង្គភាពមួយចំនួន ដែលត្រូវបានចោទថាបានទទួលលុយពីមូលនិធិរដ្ឋ ដើម្បីលាងលុយកខ្វក់។
ពាក់ពន្ធនឹងរឿងបុគ្គល និងអង្គភាពនេះ គេបានរកឃើញ ប្អូនប្រុសលោកអតីតនាយករដ្ឋមន្ត្រី ដែលជាអតីតប្រធានធនាគា CIMB និងលោក Shahrir Abdul Samad អតីតប្រធានទីភ្នាក់ងារប្រេងដូងរដ្ឋ Felda។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បន្ថែមពីលើនេះ ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ បានបន្ថែមទៀតថា លោក Nazir Razak ដែលត្រូវជាប្អូនប្រុសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានទទួលលុយប្រមាណជាជាង ៦លានដុល្លារអាមេរិកពីមូលប្បទានបត្រក្នុងមូលនិធិរដ្ឋ 1MDB។ មូលនិធិរដ្ឋមួយនេះ ត្រូវបានផ្តល់ឲ្យក្រុមហ៊ុន បក្សនយោបាយ និងអង្គការ ដែលមានសម្ពន្ធភាពជាមួយលោក Najib ផ្សេងទៀត។ នេះបើតាមការបង្ហាញរបស់ MACC។
លោកស្រី Koya បានបញ្ជាក់ថាយ៉ាងច្បាស់ថា ការស៊ើបអង្កេតមិនទាន់ចប់នៅឡើយទេ ហើយគណៈកម្មការប្រឆាំងអំពើពុករលួយនឹងបើកការស៊ើបលើអង្គភាព និងមនុស្ស៨០ផ្សេងទៀត។
សូមបញ្ជាក់ថា តាមការចុះផ្សាយរបស់កាសែត The Wall Street Journal លោក Nazir បានទទួលទឹកប្រាក់ប្រមាណជា៧លានដុល្លារ និងបានបង្វិលមូលនិធិទាំងនេះទៅអ្នកនយោបាយផ្សេងទៀត មុនឆ្នាំ ២០១៣។ ប៉ុន្តែតាមការពិនិត្យដោយឯករាជ្យលើការបង្វែរលុយ លោកNazir មិនបានប្រើតួនាទី ឬប្រើធនធានរបស់ធនាគា CIMB ទេ។ នៅក្នុងឆ្នាំ ២០១៨ប្អូនប្រុសអតីតនាយករដ្ឋមន្ត្រីរូបនេះ បានលាលែងចេញពីតំណែង បន្ទាប់ពីធ្វើការនៅធនាគានេះរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com