ក្រៅពី​ផលិត​ស្បែកជើង​និង​សម្លៀកបំពាក់ វៀតណាម​ឈានទៅ​ផលិត​ឧបករណ៍​អេឡិចត្រូនិក​
អន្តរជាតិ
ក្រៅពី​ផលិត​ស្បែកជើង​និង​សម្លៀកបំពាក់ វៀតណាម​ឈានទៅ​ផលិត​ឧបករណ៍​អេឡិចត្រូនិក​
08, Oct 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​តៃប៉ិ ៖ ក្រុមហ៊ុន LG Electronics បានប្រកាសថា នៅ​ឆ្នាំនេះ ខ្លួន​នឹង​កាត់បន្ថយ​ការផលិត​ទូរស័ព្ទ​ទំនើប​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ផ្លាស់​ទៅ​ផលិត​នៅ​ប្រទេស​វៀតណាម​វិញ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សារព័ត៌មាន​កូរ៉េ​។ ក្នុងពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​វៀតណាម​ក្នុងស្រុក​ដ៏​ធំ​មួយ​ឈ្មោះ Vingroup កំពុង​សម្ងំ​ផលិត​ទូរស័ព្ទ Vsmart ៤​ប្រភេទ​ផ្សេងៗ​គ្នា ដើម្បី​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​វៀតណាម ដែលមាន​ប្រាក់ចំណូល​មធ្យម ដែល​កំពុង​តែមាន​ចំនួន​កើនឡើង​។ វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ Vietnam Investment Review បានចាត់ទុក​ការណ៍​នេះ​ថា ជាការ​ប​ញ្ចូ​ន «​រលក​នៃ​ការប្រកួតប្រជែង​» នៅក្នុង​ទីផ្សារ​។​

 
​សញ្ញាណ​ទាំងនេះ​បង្ហាញថា វៀតណាម​មិនមែន​គ្រាន់តែ​ជា​កន្លែង​ពេញនិយម​នៅក្នុង​ពិភពលោក សម្រាប់​ការផលិត​ស្បែកជើង សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ​សម្រាប់​ការនាំចេញ​ទៀត​នោះទេ​។ ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ដែល​ទាក់ទាញ​ការវិនិយោគ​សម្រាប់​ការផលិត​នាំចេញ​ទំនិញ​ដោយសារ​កម្លាំង​ពលកម្ម​មានតម្លៃ​ទាប​មួយ​នេះ កំពុងតែ​បោះជំហាន​ទៅរក​ការផលិត​ទំនិញ​ដែលមាន​តម្លៃ​ខ្ពស់ជាង​មុន ដែល​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេសមួយ​នេះ ហើយ​ការណ៍​នេះ​នឹង​ក្លាយជា​ឧស​បគ្គ​ដល់​ប្រទេស​ចិន ជា​ប្រទេសមួយ​ដែល​គេ​តែងតែ​វិនិយោគ​លើ​ការផលិត​ទំនិញ​ដូចជា​គ្រឿង​អេឡិចត្រូនិក​សម្រាប់​អ្នកប្រើប្រាស់​។​
 
​លោក Rajiv Biswas ដែលជា​ប្រធាន​ក្រុមអ្នកវិភាគ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ឈ្មោះ IHS Markit បាន​ប្រៀបធៀប​ការនាំចេញ​នៅក្នុង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១៩ ថា «​លំហូ​នៃ​ការនាំចេញ​បានក្លាយ​ជាការ​ផ្លាស់ប្តូរ​ដ៏​ធំ​រួចទៅហើយ បើ​និយាយ​ពី​ការបន្ថែម​តម្លៃ​នោះ​»​។​
 
​អ្នកវិភាគ​និយាយថា ការវិនិយោគ​លើ​រោងចក្រ​ផលិត​ទូរស័ព្ទ កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិក​បន្ទាប់បន្សំ​ដូចជា កាស​ស្តាប់​តន្ត្រី កំពុង​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​មាន​សង្វាក់​ផលិតកម្ម​ដែលមាន​តម្លៃ​ខ្ពស់​។ ការនាំចេញ​ទូរស័ព្ទ ដែលជា​ប្រភេទ​ផលិតផល​នាំចេញ​ដ៏​ច្រើន​បំផុត មាន​ទឹកប្រាក់​សរុប​ចំនួន​៤៥,១ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ ហើយ​ការនាំចេញ​កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត ស្ថិតក្នុង​លំដាប់​ទី​៣ បន្ទាប់ពី​ការនាំចេញ​វាយ​ន​ភណ្ឌ ដែលមាន​ទឹកប្រាក់​ចំនួន​២៥,៩ ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អាជីវកម្ម Dezan Shira & Associates និយាយថា ការនាំចេញ​ឧបករណ៍​អេឡិចត្រូនិក​បានក្លាយ​ជាការ​នាំចេញ​ច្រើន​បំផុត​របស់​វៀតណាម​។ លោក Biswas បាន​និយាយថា​៖ «​មានការ​ផ្លាស់ប្តូ​រលើ​ការបន្ថែម​តម្លៃ​លើ​ឧបករណ៍​អេឡិចត្រូនិក​រួចទៅហើយ​»​។​
 
​តើ​វៀតណាម​បង្កើន​តម្លៃ​លើ​ផលិតផល​នាំចេញ​យ៉ាងដូចម្តេច​?
 
​លោក Maxfield Brown ដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Dezan Shira & Associates ក្នុង​ក្រុង​ហូជីមិញ និយាយថា នៅពេលដែល​ប្រទេស​វៀតណាម​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ឆ្នាំ​២០០៧ វិស័យ​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង មានការ​នាំចេញ​ច្រើន​បំផុត​។ លោក​បន្តថា ប៉ុន្តែ​ការនាំចេញ​ឧបករណ៍​អេឡិចត្រូនិក​ក៏​ចាប់ផ្តើម​មាននៅ​ពេល​នោះដែ​រ​។​
 
​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​នេះ​ឲ្យ​ដឹង​បន្ថែមទៀតថា តម្លៃ​ពលកម្ម​នៅក្នុង​ប្រទេស​វៀតណាម​មា​ន​ត្រឹមតែ​៥០% នៃ​តម្លៃ​ដែល​ក្រុមហ៊ុន​វិនិយោគ​ត្រូវ​ចំណាយ​នៅក្នុង​ប្រទេស​ចិន​។ ការណ៍​នេះ​ជួយ​ឲ្យ​វៀតណាម​ផ្លាស់ប្តូរ​មុខមាត់​ពី​ប្រទេស​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​នៅក្នុង​ទស្សវត្សរ៍​១៩៧០ ទៅជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​មួយ​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នាពេល​សព្វថ្ងៃនេះ​។​
 
​អ្នកវិភាគ​វៀតណាម​ឲ្យ​ដឹងថា កម្មវិធី​បណ្តុះបណ្តាលរ​បស់​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​នានា បានធ្វើ​ឲ្យ​ពលរដ្ឋ​វៀតណាម​មាន​ជំនាញ​កាន់តែ​ល្អប្រសើរ​ជាង​មុន ដែល​ពួកគេ​អាច​ផលិត​ផ្នែក​នានា​នៃ​ឧបករណ៍​អេឡិចត្រូនិក​បាន និង​អាច​ដំឡើង​ទៅជា​ផលិតផល​សម្រេចបាន​។ កាលពីមុន ប្រទេស​ចិន​មានប្រៀប​ក្នុងការ​អប់រំ​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​បែបនេះ​។​
 
​លោក Biswas បាន​ឲ្យ​ដឹងថា ឥឡូវនេះ​វៀតណាម​គឺជា «​មេដឹកនាំ​ដ៏​ច្បាស់លាស់​មួយ បើ​និយាយ​ពី​ជម្រើស​បន្ទាប់​» នៅ​វិស័យ​ផលិត​ឧបករណ៍​អេឡិចត្រូនិក ជាពិសេស​នៅពេលដែល​ចិន​បាន​បាត់បង់​ភាព​ប្រកួតប្រជែង​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​។​
 
​លោក​បាន​បន្ថែមថា ពលរដ្ឋ​វៀតណាម​ដែលមាន​ប្រាក់ចំណូល​មធ្យម​ដែល​កំពុង​កើនឡើង ក៏​ជួយ​ធ្វើ​ឲ្យ​តម្លៃ​នៃ​សង្វាក់​ផលិតកម្ម​មាន​កាន់តែ​ខ្ពស់​ផងដែរ​។ លោក Biswas បាន​និយាយថា កាលពី​ឆ្នាំមុន ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​មនុស្សម្នា​ក់មាន​ចំនួន ២.៥៨៧​ដុល្លារ ហើយ​បើ​វា​កើន​ដល់ ៥.០០០​ដុល្លារ ការទិញ​រថយន្ត​នឹង​កើនឡើង ហើយ​វា​នឹង​ទាក់ទាញ​រោងចក្រ​ផលិត​រថយន្ត​កាន់តែខ្លាំង​។​
 
​លោក Biswas បាន​និយាយថា រថយន្ត​របស់​ពួកគេ​អាច​លក់​ឲ្យ​ពលរដ្ឋ​មួយចំនួន​ក្នុងចំណោម​ពលរដ្ឋ​ចំនួន​៩៥.៥​លាន​នាក់ និង​ទៅ​ក្រៅប្រទេស​ផងដែរ​។ លោក Biswas បាន​បន្តថា អ្នកវិនិយោគ​ដែល​ផលិត​គ្រឿងបន្លាស់​សម្រាប់​រថយន្ត​ដូចជា កង់ និង​កៅអី​ស្បែក អាច​នឹង​ចូលមក​វិនិយោគ​ក្នុងប្រទេស​វៀតណាម បន្ទាប់ពី​រោងចក្រ​ផលិត​រថយន្ត​ផងដែរ​។​


រូបភាព​ឯកសារ៖ កម្មករ​ធ្វើ​ការ​ផ្គុំ​រថយន្ត​នៅ​រោងចក្រ​ផលិត​រថយន្ត របស់​ក្រុមហ៊ុន VinFast ក្នុង​ក្រុង Haiphong ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
 
​ក្រុមហ៊ុន Boston Consulting Group បាន​ទស្សន៍ទាយ​ថា ពលរដ្ឋ​វៀតណាម​១/៣ ឬ​ច្រើនជាង​នេះ នឹង​ក្លាយជា​ពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម​ន្រៅ្ត​ឹ​ម​ឆ្នាំ​ក្រោយនេះ​។​
 
​តើ​វៀតណាម​មាន​តួនាទី​អ្វី​ក្នុង​ការផលិត​ឧបករណ៍​អេឡិចត្រូនិក​?
 
​ក្នុងពេល​បច្ចុប្បន្ន អ្នកវិភាគ​យល់ស្រប​ថា ឧបករណ៍​អេឡិចត្រូនិក​គឺជា​ប្រភព​សំខាន់​នៃ​ការនាំចេញ​ផលិតផល​ដែលមាន​តម្លៃ​ខ្ពស់​នៅក្នុង​ប្រទេស​វៀតណាម​។​
 
​លោក Brown នៃ​ក្រុមហ៊ុន Dezan Shira & Associates និយាយថា​៖
 
«​អ្វីដែល​ខ្ញុំ​កំពុង​មើលឃើញ​គឺ ជំនាញ​រវាង​ប្រទេស​ផ្សេងៗ​នៅក្នុង​វិស័យ​ផ្សេងៗ​គ្នា ហើយ​ខ្ញុំ​គិតថា វៀតណាម​ឥឡូវ​ត្រូវបានគេទទួលស្គាល់​យ៉ាងច្រើន​ថា ជា​កន្លែង​ផលិត​ឧបករណ៍​អេឡិចត្រូនិក ហើយ​ខ្ញុំ​គិតថា នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ប្រទេស​នេះ​នឹង​បន្ត​រីកចម្រើន​លើ​វិស័យនេះ ដូច្នេះ​ក្រុមហ៊ុន​ក្នុងស្រុក​នឹង​ចូលរួមបាន​កាន់តែច្រើន​។​
 
​សារព័ត៌មាន​កូរ៉េ​ឈ្មោះ Hankyoreh បាន​ផ្សាយ​នៅក្នុង​ខែមេសា​ថា ក្រុមហ៊ុន LG មាន​គម្រោង​ផ្លាស់ប្តូរ​ទីកន្លែង​នៃ​ការផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ទៅកាន់​ទីក្រុង​កំពង់ផែ​របស់​វៀតណាម​ឈ្មោះ Haiphong បន្ទាប់ពី​ជួប​ការខាតបង់​ទឹកប្រាក់​រយៈពេល​១៥​ត្រីមាស​ផ្ទួនៗ​គ្នា​។ ក្រុមហ៊ុន LG បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ទេ​។​
 
​ក្រុមហ៊ុន​អេឡិចត្រូនិក LG ដ៏​ធំ​នេះ នឹង​ដើរ​តាម​ក្រុមហ៊ុន Samsung Electronics ដែល​បាន​បោះទុន​ក្នុង​ទឹកប្រាក់​ជាង ១៧​ពាន់​លាន​ដុល្លារ លើ​រោងចក្រ​និង​ការស្រាវជ្រាវ​អភិវឌ្ឍ​របស់ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម​។ ក្រុមហ៊ុន Samsung ជា​ក្រុមហ៊ុននាំចេញ​ធំ​បំផុត​របស់​ប្រទេស​វៀត​ណ​ម​។ ក្រុមហ៊ុន​នេះ​បាន​ចូលមក​វិនិយោគ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​បន្ទះ​ម៉ាស៊ីន Intel ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ធំៗ ដែល​មក​វិនិយោគ​ក្នុងប្រទេស​វៀតណាម​។​
 
​លោក Thanh Vo ដែលជា​អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​បច្ចេកវិទ្យា IDC បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​Vingroup បានចាប់ផ្តើម​លក់​ទូរស័ព្ទ Vsmart កាលពី​ខែធ្នូ​ឆ្នាំមុន ហើយ​ទទួលបាន​ការទទួលស្គាល់​ថា មានគុណ​ភាព «​ល្អ​គ្រាន់បើ​» បើ​ប្រៀបធៀប​ទៅនឹង​ឧបករណ៍​មានតម្លៃ​ទាប​ផ្សេងទៀត​។​
 
​លោក Biswas នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ឈ្មោះ IHS Markit ក៏បាន​លើកឡើងថា វិស័យ​បច្ចេកវិទ្យា​នៅតែ​អាច​បន្ត​រីកចម្រើន​ផលិត​ឧបករណ៍​មានតម្លៃ​ថ្លៃៗ​បាន​។​
 
​ការផ្លាស់ប្តូរ​ការយក​ចិត្ត​ទុកដាក់​របស់រ​ដ្ឋា​ភិ​បាល​វៀតណាម​
 
​ទីភ្នាក់ងារ​វិនិយោគ​បរទេស​របស់​រដ្ឋាភិបាល​វៀតណាម បាន​ឲ្យ​ដឹង​តាម​គេហទំព័រ​របស់ខ្លួន​ថា រដ្ឋាភិបាល​វៀតណាម​ជំរុញ​ឲ្យ​មានការ​វិនិយោគ​ពី​រោងចក្រ​បរទេស ដោយ​ធ្វើការ​លើ​កំណែទម្រង់​ច្បាប់ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម «​ដែលមាន​គុណភាព​»​។ នៅក្នុង​ឆ្នាំ​២០១១ ប្រទេស​វៀតណាម​បានចាប់ផ្តើម​លើកទឹកចិត្ត​ដល់​វិស័យ​អភិវឌ្ឍ​ដែល​គាំទ្រ​ដល់​វិស័យ​បច្ចេកវិទ្យា​។​
 
​លោក Frederick Burke ដែលជា​ដៃគូ​នៃ​ក្រុមហ៊ុន​មេធាវី Baker McKenzie ក្នុង​ក្រុង​ហូជីមិញ បាន​ឲ្យ​ដឹងថា ប៉ុន្តែ​បច្ចុប្បន្ននេះ​វៀតណាម​មិនសូវ​ផ្តល់​ការលើកទឹកចិត្ត​ដល់​រោងចក្រ​ផលិត​ឧបករណ៍​ដែលមាន​តម្លៃ​ទាប​នោះទេ ដែលជា​នេះ​សញ្ញា​បង្ហាញថា ប្រទេស​វៀតណាម​ចង់បាន​រោងចក្រ​ផលិត​ឧបករណ៍​ដែលមាន​តម្លៃ​ខ្ពស់ជាង​។​
 
​លោក Burke បាន​លើកឡើងថា​៖
 
«​ពួកគេ​មើលឃើញថា ពិភពលោក​កំពុង​ប្រកួត​គ្នា​ទាក់ទាញ​ការវិនិយោគ​ក្នុងប្រទេស​របស់ខ្លួន ហើយ​ពួកគេ​មិនត្រូវ​បោះបង់​ឱកាស​នេះ​នោះទេ​។ ខ្ញុំ​គិតថា ពួកគេ​នឹងមិន​ផ្តល់​ការលើកទឹកចិត្ត​ច្រើន​ដល់​រោងចក្រ​ផលិត​ឧបករណ៍​ដែលមាន​តម្លៃ​ទាប​នោះទេ​។ នេះហើយ​ជា​វិធី​ដែល​ពួកគេ​ព្យាយាម​ធ្វើ ដើម្បី​បង្កើន​វិស័យ​ផលិត​ឧបករណ៍​ដែលមាន​តម្លៃ​ខ្ពស់​របស់ខ្លួន​»៕

© រក្សាសិទ្ធិដោយ thmeythmey.com