គ្រូ​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​ប្រាប់​ចំណុច​សំខាន់ ខុន ស៊ី​ចាន់ ត្រៀម​ឡើង​សង្វៀន ONE: MASTERS OF FATE
ONE Championship
កីឡាជាតិ
ជាតិ
គ្រូ​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​ប្រាប់​ចំណុច​សំខាន់ ខុន ស៊ី​ចាន់ ត្រៀម​ឡើង​សង្វៀន ONE: MASTERS OF FATE
09, Oct 2019 , 7:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ​គុន​ចម្រុះ ខុន ស៊ី​ចាន់ ដែល​ប្រកួត​តំណាង​ឲ្យ​ក្លិប Phnom Penh MMA ប្ដូរ​មក​ហ្វឹកហាត់​ជាមួយ​លោក Fernando Salvador គ្រូបង្វឹក​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​ជី​ជិត​ស៊ូ​ក្នុង​ដំណើរ​ត្រៀម​ការប្រកួត​នៅ​សង្វៀន ONE: MASTERS OF FATE  នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​នា​ថ្ងៃ ៨ ខែវិច្ឆិកា ខាងមុខ​។ ខុន ស៊ី​ចាន់ ត្រូវ​ប៉ះ​កីឡាករ​ឥណ្ឌា  Roshan Mainam ដែល​កំពុង​ហ្វឹកហាត់​នៅ ក្លិប Evolve MMA ប្រទេស​សិង្ហ​បុរី​។



​ក្នុង​ការត្រៀម​ហ្វឹកហាត់​នៅ​ក្លិប Prodal ជិត​មួយ​សប្ដាហ៍​មកនេះ​គ្រូបង្វឹក Fernando បាន​ថ្លែង​អំពី​ចំណុច​សំខាន់​ខ្លះៗ​ថា ៖«​ខុន ស៊ី​ចាន់ មាន​ភាព​រីកចម្រើន​ខ្លាំង​ទាំង​ផ្នែក​កម្លាំង និង បច្ចេកទេស​។ គេ​មិន​ដូច​មុន​ទេ គេ​អាច​គេច​ផុតពី​ការប៉ុនប៉ង​ឃ្លេ​ក ឃ្លេ​ពីមុខ ពីក្រោយ និង ក្បាច់​គាប​ដៃ​ជាដើម​។ យើង​នៅ​បន្តធ្វើ​ការបន្ថែម​ទៀត​ឲ្យ​កាន់តែ​ល្អប្រសើរ​។ យើង​ដឹងថា​គូប្រកួត​របស់​យើង ពូកែ​ណាស់​ខាង​ចំបាប់ ដូច្នេះ​យើង​ត្រូវ​ត្រៀម​ឲ្យ​បាន​គ្រប់គ្រាន់​។ មិន​ត្រឹមតែ​ត្រៀម​ការពារ ប៉ុន្តែ យើង​ក៏​ត្រៀម​ក្បាច់​ប្រយុទ្ធ​ផងដែរ​»​។ ស៊ី​ចាន់ ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឡើង​ប្រកួត​នៅ​សង្វៀន ONE បាន​ចំនួន ៣ ដង​មិន​គិតពី​ការប្រកួត​នៅ Khmer Warrior Challenge ក្នុងនោះ​ចាញ់ ស៊ឹម ប៊ុន​ស្រ៊ន់​នៅ​ឆ្នាំ ២០១៥​ពេល​ONE រៀបចំ​នៅ​កម្ពុជា​, ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Riski Umar កាល​ខែ មីនា ឆ្នាំ ២០១៨ និង ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian កាល​ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​សិង្ហ​បុរី​។
https://www.onefc.com/videos/rudy-agustian-wastes-no-time-in-choking-out-khon-sichan/



​លោក Fernando ជា​គ្រូបង្វឹក​មួយរូប​ធ្លាប់​ហ្វឹកហាត់​ជាមួយ​គ្រូ​គុន​ស្ថាបនិក MMA នៅ​សហរដ្ឋអាមេរិក ហើយ លោក​មានបទពិសោធន៍​យ៉ាងច្រើន​លើ​ឆាក​អន្តរជាតិ​។ ក្នុង​រយៈពេល​ប្រមាណ ២ ឆ្នាំ​មកនេះ​នៅ​ស្រុក​ខ្មែរ លោក​បាន​ធ្លាប់​បង្ហាត់​កូនសិស្ស​ជាច្រើន​នៅ​កម្ពុជា​ដូចជា ស សី​, ចាន់ សំអាត​,  Emmanuel Onyedikachi និង រិ​ន សា​រ័ត្ន ជាដើម​។
https://www.onefc.com/videos/khon-sichan-vs-riski-umar/

​គ្រូបង្វឹក​ដែលមាន​បទពិសោធន៍​ផ្នែក​ក្បាច់គុន​ជាង ៣០ ឆ្នាំ​មកនេះ​បាន​គូសបញ្ជាក់​បែប​បច្ចេកទេស​ថា ៖«​យើង​មិនចាំបាច់​ហ្វឹកហាត់​រហូតដល់​ហត់​ខ្លាំង ២ ឬ ៣ ម៉ោង​ទេ ព្រោះ​យើង​ប្រកួត​ត្រឹម ១៥ នាទី​។ យើង​ហាត់​១​ម៉ោង​ជា​រៀងរាល់ថ្ងៃ តែមាន​ល្បិច​និង​តិក​និក​ច្រើន ហើយ ស៊ី​ចាន់ ក៏​ហាត់គុន​ខ្មែរ​ដែរ​។ ប៉ុន្តែ​ពេល​ប្រកួត​ជាក់ស្ដែង​ត្រឹម​ត្រឹម ១៥ នាទី​។ យើង​ក៏​បង្ហាត់ ១៥ នាទី​មិន​ឈប់ឈរ​... មាន​វិធី​មិន​ឲ្យ ស៊ី​ចាន់ អស់កម្លាំង​ស៊ុ​ហ្វ និង អា​ចរក​ល្បិច​ផ្ដួល​គូប្រកួត​បាន​ដោយ​ភាព​ឆ្លាត​វៃ​និង​រក្សា​កម្លាំង​វាយបក​»​។



​គ្រូបង្វឹក​វ័យ ៤៩ ឆ្នាំ​សញ្ជាតិ​អាមេរិក​បង្ហាត់​ជំនួស លោក Alan Mccune ដែលមាន​បញ្ហា​សុខភាព​មិនទាន់​វិល​មករក​សភាព​ដើម​វិញ ប៉ុន្តែ Alan អាចធ្វើ​ការ​ស្រាលៗ​បាន​ធម្មតា​នៅ​ក្រុមហ៊ុន​របស់លោក​។ គ្រូបង្វឹក​ជំនាញ​ជី​ជិត​ស៊ូ បាន​កត់សម្គាល់ថា ស៊ី​ចាន់ ធ្វើ​បានល្អ​ចំពោះ​លំ​ហាត់ ឬ ការហ្វឹកហាត់​ដែល​បានដាក់​ឲ្យ​ជាពិសេស​ជំហរ​ប្រកួត​ដេក​នៅ​ក្ដារ​រេញ​។ គ្រូបង្វឹក​ដែល​បង្ហាត់​ចំបាប់​, ជី​ជិត​ស៊ូ និង គុន​ចម្រុះ តាំងពី​ឆ្នាំ​១៩៨៩ បាន​រំលឹកថា កីឡាករ​កម្ពុជា​ភាគច្រើន​ចាញ់​គូបដិបក្ខ​ក្នុងការ​ប្រកួត​ជំហរ​ដេក ដូច្នេះហើយ​ទើប​លោក​ត្រូវផ្ដោត​ខ្លាំងជាងគេ​គឺ​ការ​ដោះ​ឃ្លេ​ពេលដេក និង រើ​បម្រាស់​វាយបក​ឡើង​វិញ​។

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY  នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​

© រក្សាសិទ្ធិដោយ thmeythmey.com