អន្តរជាតិ
ហុងកុង៖ មនុស្ស៧៧នាក់ត្រូវបានចាប់ខ្លួនព្រោះបំពានច្បាប់ហាមពាក់ម៉ាស
×
ដោយ៖ ងួន សុភាវត្តី
ពលរដ្ឋហុងកុងចំនួន៧៧នាក់ ត្រូវបានចាប់ខ្លួនដោយសារបំពានច្បាប់ថ្មីដែលហាមការពាក់ម៉ាស់។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសហុងកុងនៅថ្ងៃទី៨ ខែតុលា។
ប្រមុខប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង ការី ឡាំ (Carrie Lam) បានប្រកាសប្រើច្បាប់សម័យអាណានិគមអង់គ្លេស ដើម្បីចេញច្បាប់ហាមពាក់ម៉ាស់។ លោកស្រី ការី ឡាំ មានគោលបំណងបង្អាក់ក្រុមបាតុករដែលតែងតែបង្កអំពើហិង្សាតាមដងផ្លូវនិងក្នុងទីក្រុង។ ប៉ុន្តែ ក្រុមបាតុករហុងកុងខ្លះនៅតែហ៊ានបំពានច្បាប់នេះ។
ចាប់តាំងពីចេញច្បាប់ថ្មីហាមមិនអោយពាក់ម៉ាសគ្រប់ប្រភេទរួមទាំងការគូរមុខផង មនុស្ស៧៧នាក់ហើយត្រូវបានចាប់ខ្លួន ដោយក្នុងនេះមានការចាប់ខ្លួនក្មេងអាយុ១២ឆ្នាំផងដែរ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែតុលា ប៉ូលិសហុងកុងបានប្រាប់ថា មនុស្ស៧៤ត្រូវបានចាប់ខ្លួនពីបទពាក់ម៉ាសនិង៣នាក់ទៀតរងការចោទប្រកាន់ពីបទមិនសហការជាមួយប៉ូលីស។
មន្ត្រីប៉ូលិសបាននិយាយថា ជានិច្ចជាកាលក្រុមអ្នកបាតុករតែងបំផ្លាញរបស់របបផ្សេងៗដូចជា ការដុតអគារ និងយកដបសាំងគប់មកលើប៉ូលីសនៅចុងសប្តាហ៍ ហើយបាតុករខ្លះទៀតបានវាយប្រហារលើប្រជាជនទូទៅដែលមានទស្សនផ្ទុយពីពួកគេទៀតផង។
លោក Kwok Yam-yung អធិការប៉ូលិសហុងកុងមួយរួបបញ្ជាក់ថា ទង្វើបំពាននិងគ្មានការពិចារណានេះ បានរុញច្រានឲ្យច្បាប់នៅហុងកុងប្រឈមនឹងការដួលរំទាំងស្រុង ខណៈអំពើហិង្សាលើប្រជាជនដែលមិនមែនជាបាតុករ បានកើនឡើងយ៉ាងរហ័ស។ ជនរងគ្រោះទាំងនោះ ត្រូវបានរងរបួសធ្ងន់ធ្ងរនិងខ្លះជិតនឹងបាត់បង់ជីវិតផងដែរ។ លោក Kwok បានបន្ថែមថា ក្រុមបាតុករថែមទាំងបានបង្ហាញចេញនូវគោលបំណងសម្លាប់ប៉ូលីសទៀតផង។
គួររំលឹកថា ភ្លើងស្តុបជាង៨០នៅតាមដងវិថី និងនៅស្ថានីយ៍រថភ្លើងរងការបំផ្លាញនៅចុងសប្តាហ៍នេះ។ កត្តានេះបានធ្វើអោយបណ្តាញរថភ្លើងទាំងអស់ផ្អាកធ្វើដំណើរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការរាយការណ៍ពីករណីបំផ្លាញទ្រព្យសម្បត្តិសាធារណជាង២០០ករណីមកហើយ។
កន្លងមកលោកស្រី ការី ឡាំ និយាយថា ហុងកុងអាចដោះស្រាយវិបត្តិនេះបានដោយខ្លួនឯងដោយមិនចាំបាច់សុំជំនួយពីនរណាឡើយ។ ប៉ុន្តែលោកស្រីក៏បានបញ្ជាក់ទៀតដែលថាលោកស្រីនឹងមិនបដិសេធជំនួយពីប្រទេសចិនទេក្នុងករណីចាំចាច់ណាមួយកើតឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com