ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ងាយៗ​ដែល​នឹង​ជួយ​ឲ្យ​សុខភាព​កាន់តែ​ប្រសើរឡើង​
11, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ដឹង​ទេ​ថា​ត្រឹមតែ​ការផ្លាស់ប្ដូរ​បន្តិចបន្តួច​នៃ​របៀប​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ក៏​អាច​នាំមក​នូវ​លទ្ធផល​វិជ្ជមាន​ជាច្រើន​ចំពោះ​សុខភាព​ដែរ​? ថា​តើ​ទម្លាប់​អ្វី​ខ្លះទៅ​ដែល​គួរ​ប្រកាន់ខ្ជាប់​ដើម្បី​សុខភាព​ល្អប្រសើរ​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គ​ន្លឺះ​ងាយៗ ប៉ុន្តែ​អាចជួយ​ពង្រឹង​សុខភាព​រាងកាយ ៖

១. រៀបចំ​កន្លែង​គេង​ភ្លាមៗ​

​នៅពេល​អ្នករៀបចំ​កន្លែង​គេង​ភ្លាម​ក្រោយពេល​ក្រោកពីដំណេក គឺអាច​បង្កើត​បរិយាកាស​ល្អ​បំផុត​មួយ​សម្រាប់​ធូលី​ដី រួមទាំង​មេរោគ​លូតលាស់​ក៏​ព្រោះ​ជាតិ​សំណើម​ដែល​រាងកាយ​បាន​បន្សល់ទុក​ជាប់​កម្រាល​ពូក​កំឡុង​ពេលយប់​គ្មាន​ឱកាស​នឹង​ហួត​អស់​។ អ្នក​គួរ​យក​ភួយ​ចេញពី​កម្រាលពូក​តែម្ដង​ដើម្បី​អាចឱ្យ​កម្រាលពូក​ឆាប់​ស្ងួត​។​

២. ទទួលទាន​ទឹក​ធម្មតា ១ កែវ​ជាមួយ​ក្រូចឆ្មារ​នៅពេល​ព្រឹក​

​ចូរ​បង្កើត​ទម្លាប់​ល្អ​មួយ​ដោយ​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ និង​ម្ទេស​ក្រហម​ម៉ដ្ឋ​មួយ​ជិប​រាល់ថ្ងៃ​។ ទម្លាប់​នេះ​នឹង​ជួយ​បង្កើន​ភាព​សកម្ម ក៏ដូចជា​សម្រួល​ដល់​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ​នៅពេល​អ្នក​ចាប់ផ្ដើម​ទទួលទាន​អាហារ​ពេលព្រឹក​។ ទឹកក្រូច​ឆ្មារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​នឹង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ខណៈដែល​ម្ទេស​ក្រហម​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​។ លើសពីនេះទៅទៀត ភេសជ្ជៈ​នេះ​ក៏​ជួយ​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ​ផងដែរ​។​

៣. កាត់បន្ថយ​ការទទួល​ទាន​ជាតិ​ខ្លាញ់​មិនល្អ​

​ផលប៉ះពាល់​នៃ​ជាតិ​ខ្លាញ់​លើ​សុខភាព​ទូទៅ​និង​សរសៃឈាម គឺជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរតែ​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន​ជាតិ​ខ្លាញ់​ដោយ​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ចម្អិន​អាហារ​។ សាកល្បង​ចម្អិន​អាហារ​ដោយ​ដុត អាំង ស្ងោរ ឬ​ចំហុយ ជំនួស​ការចៀន បំពង និង​ឆា​។​

៤. ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​

​ការ​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់​នឹង​ជួយ​បង្កើន​ការ​ស្រូបយក​សារធាតុចិញ្ចឹម​ចាំបាច់ សម្រួល​ដល់​ការរំលាយ​អាហារ បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ រក្សា​សំណើម​នៃ​ស្បែក រួមទាំង​ផ្ដល់នូវ​អត្ថប្រយោជន៍​ល្អៗ​ជាច្រើន​ទៀត​ចំពោះ​សុខភាព​។ រាងកាយ​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩០ ភាគរយ ដូច្នេះហើយ​ទើប​រាល់​ដំណើរការ​មុខងារ​សឹងតែ​ទាំងអស់​ក្នុង​រាងកាយ​ត្រូវការ​ទឹក​។ ប្រសិនបើ​អ្នកទទួល​ទាន​ទឹកបាន​ច្រើន​គ្រប់គ្រាន់ អា​ការៈឈឺ​ក្បាល ឈឺចាប់ និង​រោគសញ្ញា​ផ្សេងៗ​មួយចំនួនទៀត​ដែល​អ្នក​ជួបប្រទះ​អាច​នឹង​ធូរស្បើយ​។​

៥. ទទួលទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ ក្រោយ​អាហារ​មួយពេល​

​ការទទួល​ទាន​ផ្លែ​ប៉ោម​ក្រោយ​អាហារ​ជា​វិធី​ដ៏​ងាយ​បំផុត​ដើម្បី​កម្ចាត់​កំទេចកំទី​អាហារ​ជាប់​ធ្មេញ​។ ទម្លាប់​នេះ​ក៏​ជួយ​បង្កើន​ចរន្តឈាម​រត់​ក្នុង​អញ្ចាញ​និង​បន្សាប​ជាតិ​អាស៊ីត​ក្នុង​មាត់​ផងដែរ​។ លើសពីនេះទៅទៀត​ការទទួល​ទាន​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​ជួយ​ទប់ស្កាត់​ជំងឺ​អញ្ចាញធ្មេញ​។​

៦. ទទួលទាន​យឺតៗ​

​ចូរ​ទំពារ​អាហារ​មួយ​ម៉ាត់ៗ​ឲ្យ​បាន​យ៉ាងហោចណាស់ ២០ ទៅ ៣០ ដង​សិន សឹម​លេប​។ ការរំលាយ​អាហារ​ចាប់ផ្ដើម​តាំងពី​ក្នុង​មាត់​របស់​អ្នក ហើយ​ទឹកមាត់​គឺជា​អង់ស៊ីម​បំបែក​អាហារ​។ ដំណើរការ​នេះ​ជួយ​ដល់​រាងកាយ​ឲ្យ​ស្រូបយក​សារធាតុចិញ្ចឹម​បាន​កាន់តែច្រើន និង​ថែមទាំង​កាត់បន្ថយ​បញ្ហា​ទាក់ទង​ការរំលាយ​អាហារ ក៏ដូចជា​អាកា​រៈ​ហើមពោះ​ផងដែរ​។​

៧. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​

​ការធ្វើ​លំ​ហាត់ប្រាណ​ផ្ដល​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​។ សកម្មភាព​ធម្មតា​មួយ​នៃ​រាងកាយ​ដូចជា ការដើរ​ត្រឹម ៣០ នាទី​ជាប្រចាំ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​សូម្បីតែ​ជំងឺមហារីក​មួយចំនួន រួមបញ្ចូល​ទាំង​មហារីក​ពោះវៀនធំ​។ ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ក៏​ជួយ​បង្កើន​មុខងារ​ខួរក្បាល​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ភាព​សកម្ម​គួរ​ឲ្យ​កត់សម្គាល់​។​

៨. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

​ប្រសិនបើ​អ្នកមាន​បញ្ហា​ក្នុងការ​គេង ចូរ​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន ជាពិសេស​ក្នុងកំឡុងពេល​ប៉ុន្មាន​ម៉ោង​មុន​ចូល​គេង​។ ការមើល​ទូរទស្សន៍ ឬ​ប្រើប្រាស់​ទូរស័ព្ទ​នៅមុន​ពេល​ចូល​គេង​ក៏បង្ក​ផលប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​ផងដែរ​។ អ្នក​គួរ​ព្យាយាម​អាន​សៀវភៅ ឬ​ស្ដាប់​ចំរៀង​ជំនួស​វិញ​ទើប​ប្រសើរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com